កម្ពុជា

បក្ស​សង្គ្រោះ​ជាតិ និង​ហ្វ៊ុនស៊ិនប៉ិច​ចូលរួម​វេទិកា​នយោបាយ

សមាជ​គណបក្ស​សង្រ្គោះជាតិ កាល​ពីពេលក​ន្លងមក
សមាជ​គណបក្ស​សង្រ្គោះជាតិ កាល​ពីពេលក​ន្លងមក RFI/Bona Pen

ដូចការគ្រោងទុក វេទិកា​ពិភាក្សា​នយោបាយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ឯ​សណ្ឋាគារ អ៊ីមភើរៀល ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​មាន​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​បង្ហាញ​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​ប្រជាសហគមន៍​ប្រមាណ​ជា​៥០០​នាក់​ដែល​បាន​ចូលរួម។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អវត្តមាន។

ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅ​មាន​តែ​គណបក្ស​នយោបាយ​ពីរ​ប៉ុណ្ណោះ ដែល​ចូលរួម​វេទិកា​ពិភាក្សា​នយោបាយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ព្រឹកមិញ​នេះ នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​ចំណោម​គណបក្ស​ធំៗ​៣​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​វាគ្មិន។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អវត្តមាន​ដោយ​មិន​បាន​ឆ្លើយ​តប​តាម​ការអញ្ជើញ​នេះ​ទេ។

 
យ៉ាងណា​ក៏​ដោយ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បង្ហាញ​គោល​នយោបាយ​របស់​ខ្លួន​ដល់​ប្រជាសហគមន៍​ប្រមាណ​ជា ៥០០ នាក់​ដែល​បាន​ចូលរួម​ស្តាប់។ លោក ទេព នន្ទរី តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​លើក​ឡើង​ពី​គោល​នយោបាយ​របស់​គណបក្ស​នេះ​ដោយ​ផ្តោត​លើ​បញ្ហា​កសិកម្ម។

បើយោងតាម លោក ទេព នន្ទរី គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​គោល​នយោបាយ​លើក​ទឹកចិត្ត​វិស័យ​កសិកម្ម​ តាមរយៈ​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​នេះ​ ដោយ​បច្ចេកវិជ្ជា​ទំនើប ការស្វែង​រក​ទី​ផ្សារ​ឲ្យ​កសិករ និង​ការកំណត់​តម្លៃ​ទំនិញ​ក្នុង​ស្រុក​ជាដើម។ គណបក្ស​រាជានិយម​មួយ​នេះ​ក៏​អះអាង​ថា ខ្លួន​មាន​គោល​នយោបាយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ការវិនិយោគ​បរទេស​ផង​ដែរ។

ទំនង​ជា​ចង់​ទាក់ទាញ​ការចាប់​អារម្មណ៍​របស់​អ្នក​ចូលរួម​ដែល​ភាគច្រើន​មក​ពី​សហគមន៍​ដែល​មាន​ទំនាស់​ដី​ធ្លី លោក គី​វណ្ណរ៉ា តំណាង​គណបក្ស​សង្គ្រោះជាតិ ហាក់​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ដី​ធ្លី​យ៉ាង​ខ្លាំង។ ក្រៅពី​នោះ គោល​នយោបាយ​៧​ចំណុច​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ផ្តោត​លើ​ការ​លើក​កម្ពស់​ជីវភាព​មន្ត្រី​រាជការ កម្មករ និង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ជន​ចាស់​ជរា ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។

សូម​បញ្ជាក់​ថា អ្នក​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ​ត្រូវ​បាន​គេ​អញ្ជើញ​មក​ពី​សហគមន៍​ផ្សេងៗ ដូចជា សហគមន៍​ព្រៃឡង់ ថ្មគោល បូរីកីឡា និង​សហគន៍​ផ្សេងៗ​ទៀត។

លោក ឈិត សំអាត នាយក​អង្គការ​វេទិកា​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​តំណាង​អ្នក​រៀបចំ​កម្មវិធី​ពិភាក្សា​នយោបាយ​នេះ​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា គោលបំណង​នៃ​ការរៀប​ចំ​វេទិកា​នេះ​ គឺ​ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​កៅអី​ក្នុង​សភា​បាន​បង្ហាញ​គោល​នយោបាយ​សំខាន់ៗ​របស់​ខ្លួន​ទៅ​កាន់​អ្នក​បោះឆ្នោត។ យ៉ាងណាក៏ដោយ គណបក្ស​កាន់​អំណាច​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​វេទិកា​ដែល​មាន​សុទ្ធ​តែ​អ្នក​មាន​បញ្ហា​ដីធ្លី​ចូលរួម​នេះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI