កម្ពុជា

សង្គម​ស៊ីវិល​ត្រៀម​បញ្ជូន​អនុសាសន៍​ទៅ​រដ្ឋាភិបាល និង​ដៃ​គូ​អភិវឌ្ឍន៍

ការរួម​ប្រជុំ​របស់​សង្គមស៊ីវិល​​​
ការរួម​ប្រជុំ​របស់​សង្គមស៊ីវិល​​​ NGO DPA.

អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​ស្អែក​ដើម្បី​ប្រមូល​គំនិត​យោបល់​អំពី​ បញ្ហា​អភិវឌ្ឍន៍​​នៃ​ប្រទេស​​កម្ពុជា​ក្នុង​ឆ្នាំ​២០១០-២០១២នេះ។ ការពិគ្រោះ​យោបល់​នេះ​ត្រូវ​រៀបចំ​មួយ​ថ្ងៃមុន​កិច្ចប្រជុំ​នៃគណៈកម្មាធិការ​​សម្របសម្រួល​រវាង​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍។ក្នុង​ចំណោម​មតិ និង​អនុសាសន៍​ជាច្រើន​ចំណុច​នោះ សង្គម​ស៊ីវិល​នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំងទៅ​លើ​ ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ សិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន​ ហើយ​ដែល​អនុសាសន៍​ទាំង​នេះ​នឹង​ត្រូវ​ផ្ញើ​ទៅ​រដ្ឋាភិបាល និង​ដៃ​គូ​អភិវឌ្ឍន៍។

ផ្សាយពាណិជ្ជកម្ម

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​១០០​នាក់​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​​អង្គារ​ស្អែក​នេះ នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ដើម្បី​ប្រមូល​គំនិត និង​អនុសាសន៍​ស្តី​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ដល់​២០១២។

ប្រធានបទ​ជា​ច្រើន​នឹង​ត្រូវ​ឡើង ហើយ​អត្ថបទ​អនុសាសន៍​ដែល​រក​ឃើញ​នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ នឹង​ក្លាយ​ទៅ​ជា​គោលជំហរ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ចង់​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​កសាង​កម្ពុជា។ សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ថា ក្រៅ​ពី​ប្រធាន​បទ​អាទិភាព ទាក់ទង​នឹង​សេចក្តីព្រាង​ច្បាប់​ស្តី​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដែល​សង្គម​ស៊ីវិល​ខិតខំ​ជំរុញ​អោយ​មាន​ការ​អនុម័ត​អោយ​បាន​ឆាប់​នោះ ការ​ស្វែងរក​អនុសាសន៍​ផ្សេង​ទៀត​នឹង​ត្រូវ​ធ្វើ​ទៅ​លើ​ប្រធាន​សំខាន់​ដទៃ​ទៀត​ដូចជា ការ​គ្រប់គ្រង​ចំណូល​ពី​ឧស្ម័ន និង​ប្រេងកាត កំណែ​ទម្រង់​ច្បាប់ និង​តុលាការ កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បញ្ហា​ដី​ធ្លី និង​ព្រៃឈើ​ជាដើម។

អនុសាសន៍​ដែល​ជា​គោល​ជំហរ​របស់​សង្គម​ស៊ីវិល​នោះ​នឹង​ត្រូវ​ដាក់​ជូន​ទៅ​រដ្ឋាភិបាល និង​ដៃ​គូ​អភិវឌ្ឍ​ដែល​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៦​កញ្ញា​ខាន​ស្អែក​នេះ នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​លើក​ទី​១៩​នៃ​គណៈកម្មាធិការ​សម្របសម្រួល​រវាង​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ក្រុម​សង្គម​ស៊ីវិល​នឹង​ស្នើ​អោយ​រដ្ឋាភិបាល និង​ប្រទេស​ផ្តល់​ជំនួយ​ពិចារណា​លើ​សំណើ​របស់​របស់​ពួកគេ។ ក្រុម​សង្គម​ស៊ីវិល​បាន​អះអាង​ថា ពួកគេ​បាន​ចូលរួម​ចំណែក​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ដោយ​បាន​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ប្រជាជន។

របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ​នេះ​ដោយ​គណៈកម្មាធិការ​សហប្រតិបត្តិការ​កម្ពុជា (CCC) បាន​ប៉ាន់ស្មាន​ថា សង្គម​ស៊ីវិល​បាន​រួម​ចំណែក​ជាទឹកប្រាក់​ចំនួន​ប្រមាណ ៥៥០ លាន​ដុល្លារ​​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១១​កន្លង​ទៅ ហើយ​បាន​ផ្តល់​ការងារ​ជាង​ ៥៥.០០០ និង ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ចំនួន​ពី ២,៨ លាននាក់​ ដល់ ៤,៥ លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI