ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បុណ្យ​ភ្ជុំបិណ្ឌ៖ ទឹក​ប្រាក់​រាប់រយ​លាន​ដុល្លារ​ត្រូវ​បាន​បែងចែក​ទៅ​ជនបទ និង​បាន​ហូរ​ចេញ​ទៅ​បរទេស​

សំឡេង ០៥:០៣
អ្នកសុំទានក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
អ្នកសុំទានក្នុងពិធីបុណ្យភ្ជុំបិណ្ឌ RFI/Siv Channa

បុណ្យ​ភ្ជុំបិណ្ឌ គឺ​ជា​បុណ្យ​ប្រពៃណីជាតិ​ធំ​ជាង​គេ​របស់​កម្ពុជា។ ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវធ្វើ​ដំណើ​រ​ទៅ​រក​បង​ប្អូន​ញាតិ​សណ្តាន​នៅ​ភូមិ​កំណើត​របស់​ពួក​គេ​ នៅ​ទូ​ទាំង​ប្រទេស។ នៅ​ក្នុង​ពិធី​បុណ្យ​ជាតិ​នេះ​ហើយ ដែល​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ត្រូវ​ចំណាយ​ប្រាក់​តិច​ ឬ​ច្រើន​ទៅ​ដល់​ទី​ជនបទ​នៃ​ប្រទេស។ ប៉ុន្តែ​ ទន្ទឹមគ្នានេះ ដោយសារ​តែ​ការ​ខ្វះខាត​របស់​វិស័យ​សុខាភិបាល និង​ទេសចរណ៍ ប្រាក់​កាស​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ហូរ​ចេញទៅ​បរទេស​យ៉ាង​គំហុក​ដែរ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​យ៉ាង​គំហុក។ ទឹក​ប្រាក់​ទាំងនោះ​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ការធ្វើ​បុណ្យ​ទាន ការ​ធ្វើ​ដំណើរ ការ​ទិញ​របស់​របរ​នានា​សម្រាប់​ការ​ធ្វើ​បុណ្យ និង​ការ​ធ្វើដំណើរ​កំសាន្ត​ទៀត​ផង។

មាន​ចរន្ត​នៃ​ការ​ចំណាយ​ប្រាក់​ចំនួន​២​ ដែល​បាន​កើត​មាន​នៅ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ ទីមួយ​​ គឺ​ការ​ចាយ​វាយ​នៅ​ក្នុង​ប្រទេស​ដែល​បង្កើត​អោយ​មាន​ការ​បែងចែក​ភោគផល​ពី​ទី​ក្រុង​ទៅ​ជនបទ និង​ទី​២​ គឺ​ការ​ចាយវាយ​ទៅ​ក្រៅ​ប្រទេស។

ដំបូង យើង​និយាយ​អំពី​ចរន្ត​នៃ​ការ​ចាយ​ប្រាក់​នៅ​ក្នុង​ក្របខណ្ឌ​ប្រទេស​សិន។ បុណ្យ​ភ្ជុំបិណ្ឌ​គឺ​ជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​ជាងគេ​របស់​ពលរដ្ឋ​ខ្មែរ។ បើ​ទោះ​ជា​គ្មាន​ការ​វាយតម្លៃ​ជា​ផ្លូវការ​អំពី​ការ​ចំណាយ​ជាក់ស្តែង និង​ជា​ផ្លូវការ​ណាមួយ​ក៏ដោយ ប៉ុន្តែ​គេ​អាច​យល់បាន​ថា មាន​ទឹក​ប្រាក់​រាប់រយ​លាន​ដុល្លារ ឬ​ដល់​១០០០លាន​ផង​ដែល​ត្រូវ​បាន​ចាយវាយ​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ​ទាំង១​៥​ថ្ងៃ​កន្លងមក ពិសេស​ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ។

គេ​អាច​មើលឃើញ​អំពី​ការ​ចំណាយ​ទឹកប្រាក់ ដោយ​រាប់​តាំង​ពី​កម្មករ កម្មការិនី​ដែលមាន​ប្រាក់​ខែ​តិចតួច ដែល​ត្រូវ​ធ្វើ​ដំណើរ​តាមរយៈ​មធ្យោបាយ​ដឹក​ជញ្ជូន​ដែល​ឡើងថ្លៃ​ទ្វេ​ដង​នោះ។ បូក​ជាមួយនឹង​ការ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​បុណ្យទាន​ទៀត​នោះ ពួកគេ​ម្នាក់​អាច​ចំណាយ​មិន​តិច​ជា២០ម៉ឺន​រៀល ឬ​ក៏​៥០ដុល្លារ​ឡើយ។ ប៉ុន្តែ​ទន្ទឹមគ្នានេះ ក្រុមគ្រួសារ​អ្នក​មាន​ទ្រព្យសម្បត្តិ ពួកគេ​អាច​ចំណាយ​លើស​នេះ ១០ដង​សម្រាប់​ការ​ចូលរួម​ពិធី​បុណ្យ​ដូចគ្នា។ នេះ គេ​នៅ​មិន​ទាន់​គិត​អំពី​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ដែល​ត្រូវ​ចាយ​វាយ​យ៉ាង​សន្ធឹក​សន្ធាប់​ទៅ​លើ​ប្រេងសាំង ម្ហូបអាហារ និង​ការ​ស្នាក់​នៅ នៅ​ឡើយ​ផង។

ដូច្នេះ សាច់​ប្រាក់​ជា​ច្រើន​រយ​លាន​ដុល្លារ​បាន​ចរាចរ​នៅ​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ ​ដែល​បាន​ធ្វើ​អោយ​មាន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស។ ប្រសិន​បើ​គេ​និយាយ​អំពី​ចរន្ត​នៃ​ចរាចរណ៍​សាច់​ប្រាក់​វិញ ពេល​ភ្ជុំបិណ្ឌ និង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ជា​ពេលវេលា​តែ​២ដង​ក្នុង​មួយឆ្នាំ​ដែល​សាច់​ប្រាក់​បាន​ហូរ​ពី​ទី​ប្រជុំជន​ទៅ​ជនបទ។ បាន​ន័យ​ថា អំឡុង​ពេលវេលា​ទាំងពីរ​នេះ អ្នក​រស់នៅ​ក្នុង​រាជធានី និង​នៅ​ទី​ប្រជុំជន​ខេត្ត​ ដែល​មាន​កំរិតជីវភាព​ខ្ពស់​នោះ បាន​យក​សាច់ប្រាក់​ទៅ​ចាយវាយ​នៅ​តាម​ទី​ជនបទ ដែល​ធ្វើ​អោយ​សាច់ប្រាក់​នោះ​បាន​ធ្លាក់​ទៅ​ដល់​គ្រប់​ច្រកល្ហក​នៅ​ទី​ជនបទ។ អ្នក​លក់​នៅ​តាម​ទីផ្សារ អ្នក​លក់​ប្រេងសាំង អ្នក​លក់​ម្ហូបអាហារ​នៅ​តំបន់​ទេសចរណ៍ ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់ និង​អ្នក​លក់ដូរ​តូចតាច​នៅ​តាម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត ពួក​គេ​សុទ្ធ​តែ​បាន​ទទួល​ប្រយោជន៍​ពី​ការ​ចាយវាយ​របស់​ពលរដ្ឋ​ខ្មែរ​ទូ​ទៅ​នៅ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ ខុស​ពី​រាល់​ដង ដែល​អ្នក​ជនបទ ឬ​អ្នករស់​នៅ​តាម​បណ្តា​ខេត្ត​ដែល​ត្រូវ​កាន់​ប្រាក់​របស់​ពួកគេ​មក​ទិញ​ទំនិញ ឬ​មក​ចាយវាយ​នៅក្នុង​រាជធានី ឬ​ក្នុង​ទី​ប្រជុំជន​នោះ។

ងាក​មក​និយាយ​អំពី​ការ​ហូរ​ចេញ​ទឹក​ប្រាក់​ខ្មែរ​ទៅ​បរទេស ក្នុង​ពេល​បុណ្យ​ប្រពៃណីជាតិ​នេះ​វិញ​ម្តង។ ដូច​រាល់​ពេល​ដែល​មាន​ពិធី​បុណ្យ​ជាតិ​ផ្សេងៗ​ទៀត​ដែរ ទឹក​ប្រាក់​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ក៏បាន​ហូរ​ចេញ​ក្រៅ​ប្រទេស​ដែរ។ បាន​ន័យ​ថា នៅ​ក្នុង​ពេលវេលា​ដែល​មាន​ការ​ឈប់​សំរាក​យូរ​ថ្ងៃ​យ៉ាង​ដូច្នេះ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​យក​ពេលវេលា​នេះ​ចេញ​ទៅ​ពិនិត្យ​ជំងឺ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ផង ហើយ​អ្នក​ខ្លះ​ទៀត ​ក៏​បាន​ចេញដំណើរ​កម្សាន្ត​នៅ​បរទេស​ផង។ ពលរដ្ឋ​ទាំង​ពីរ​ក្រុម​ចុង​ក្រោយនេះ ពួកគេ​ត្រូវ​ប្រើ​ខ្ទង់​ចំណាយ​ធំៗ​ណាស់ ក្នុង​ម្នាក់ៗ ឬ​ក្នុង​មួយ​គ្រួសារៗ។ ពីព្រោះ​វា​ជាការ​ធ្វើដំណើរ​ឆ្លង​កាត់​ប្រទេស និង​ត្រូវ​ចាយវាយ​ទៅ​កម្រិត​ជីវភាព​នៅ​បរទេស​នោះ។

ដូច្នេះ ប្រសិនបើ​មាន​ចំនួន​ពលរដ្ឋ​ទាំងពីរ​ក្រុម​នេះ​ច្រើន​ខ្លាំង ដែល​ចេញ​ទៅ​បរទេស​នោះ គេ​អាច​មើល​ឃើញ​អំពី​លំហូរ​សាច់ប្រាក់​របស់​កម្ពុជា ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​ធំធេង​ដែរ។

ត្រង់​ចំនុច​នេះ គេ​និយាយ​អំពី​វិស័យ​ទាំង​ពីរ​នេះ គឺ​សុខាភិបាល និង​ទេសចរណ៍។ នៅ​ប្រទេស​ជិតខាង​កម្ពុជា​មួយ​ចំនួន គេ​បាន​រំលាយ​វិស័យ​ទាំង​ពីរ​នេះ​ចូល​គ្នា​ហើយ ដោយ​អោយ​ឈ្មោះ​ថា ទេសចរណ៍​សុខភាព ហើយ​គេ​ក៏​កំពុង​ទាក់ទាញ​ទេសចរណ៍​បរទេស​ ដូចជា​កម្ពុជា​ជា​ដើម​អោយ​ទិញ​សេវាកម្ម​ប្រភេទ​នេះ។ បាន​ន័យ​ថា អ្នក​ទេសចរ​កម្ពុជា​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ផង និង​បាន​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ នៃ​វិស័យ​វេជ្ជសាស្ត្រ​របស់​គេ​ផង។

នេះ​គឺ​បណ្តាល​មក​ពី​ចំនុច​ខ្សោយ​របស់​កម្ពុជា។ កម្ពុជា​ដែល​មិន​ទាន់​អាច​ស្តារ​ឡើង​វិញ កិត្តិសព្ទ​នៃ​សេវា​សុខភាព​ ដែល​រង​ការ​រិះគន់​យ៉ាង​ដំណំ និង​ការ​ខ្វះខាត ការ​បង្កើត​គោលដៅ​ទេសចរណ៍ ក៏ដូចជា​ការ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ដែល​មាន​ស្រាប់ ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ​នោះ។ ជាង​នេះ​ទៅ​ទៀត គេ​កម្រ​ឃើញណាស់ នូវ​ការ​ដែល​​ក្រសួង​ពាក់ព័ន្ធ​បង្កើត​កម្មវិធី​ថ្នាក់​ជាតិ នៅ​ក្នុង​ពេល​ពិធីបុណ្យ​ជាតិ​ម្តងៗ ដើម្បី​ទាក់ទាញអ្នក​​ទេសចរ​ក្នុង​ស្រុក​ផង និង​អ្នក​ទេសចរ​បរទេស​ផង យ៉ាង​ហោច​ណាស់​អ្នក​ទេសចរ​នៃ​ប្រទេស​ជិត​ខាង អោយ​មក​ទស្សនា​កម្ពុជា។ ប្រសិន​បើ​អាច​ធ្វើ​យ៉ាង​ដូច្នេះ​បាន​មែន​នោះ ទាំង​ការ​បង្កើន​ទំនុកចិត្ត​ក្នុង​វិស័យ​សុខាភិបាល និង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នោះ នោះ​កម្ពុជា​នឹង​មិន​បាន​បាត់​ទឹកប្រាក់​​ទៅ​ក្រៅ​ប្រទេស​ឡើយ។ ផ្ទុយ​ទៅ​វិញ ទឹកប្រាក់​កាន់​តែ​ច្រើន​ត្រូវ​បាន​បែងចែក​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI