វត្តនៅភ្នំពេញស្ងប់ស្ងាត់ពេលមានបុណ្យសាសនាធំៗ
ពេលមានពិធីបុណ្យសាសនាធំៗ តួយ៉ាងដូចជាបុណ្យភ្ជុំបិណ្ឌ ឬ ចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីក្រុងភ្នំពេញ តែងតែមានភាពស្ងប់ស្ងាត់ជានិច្ច។ ជាក់ស្តែងនៅថ្ងៃសុក្រ ដែលជាថ្ងៃភ្ជុំធំនេះ ស្ទើរតែគ្រប់ហាងទំនិញ ទីផ្សារ និងក្រុមហ៊ុននានា គឺសុទ្ធតែបិទទ្វារ ឈប់សម្រាក។ ដោយឡែក នៅតាមវត្តអារាមវិញ ក៏មិនសូវមានភាពអ៊ូរអរ ដូចវត្តនៅក្រៅក្រុងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វាស្ទើរតែជារៀងរាល់ឆ្នាំទៅហើយ ដែលរាជធានីភ្នំពេញ តែងតែមានភាពស្ងប់ស្ងាត់ ពេលមានបុណ្យទានធំៗម្តងៗ។ ភាពស្ងប់ស្ងាត់ទាំងនេះ ក៏ព្រោះតែ ប្រជាជនភាគច្រើន បានធ្វើដំណើរទៅកាន់ស្រុកកំណើតពួកគេនៅតាមបណ្តាខេត្តផ្សេងៗ។ ការពិតទៅ ប្រជាជនដែលរស់នៅ ក្នុងទីក្រុងភ្នំពេញ ភាគច្រើនគឺសុទ្ធតែជាអ្នកចំណាកស្រុក។ ដូច្នេះ នៅពេលរដូវបុណ្យទាន ពួកគេត្រូវតែទៅជួបជុំគ្រួសារនៅស្រុកកំណើត។
ដោយឡែក នៅតាមទីវត្តអារាមក្នុងទីក្រុងវិញ គឺមានភាពស្ងប់ស្ងាត់ ខុសពីវត្តអារាម នៅតាមទីជនបទ។ ទាំងនេះ គឺមកពីប្រជាជនខ្មែរភាគច្រើន គិតថាវត្តនៅតាមស្រុកស្រែ តែងតែខ្វះខាតជាងវត្តនៅទីក្រុង។
ព្រះសង្ឃ ឆាត សុឆេទ ដែលគង់នៅវត្តបទុម មានសង្ឃដីកាថា តាំងពីថ្ងៃកាន់បិណ្ឌទី១មកម្ល៉េះ វត្តនៅទីក្រុង មិនសូវមានភាពអ៊ូរអរ ដូចនៅវត្តស្រុកស្រែទេ។ ប៉ុន្តែព្រះសង្ឃ ក៏មិនខ្វះឆាន់ដែរ ព្រោះក៏មានពុទ្ធបរិស័ទខ្លះមកប្រគេនចង្ហាន់មិនដាច់ឡើយ។
ចំណែក ព្រះសង្ឃ សុវណ្ណ សំបូរ គង់នៅវត្តជល្លុងម្លូរ ក្នុងសង្កាត់ចោមចៅ មានសង្ឃដីកាថា នៅព្រឹកថ្ងៃសុក្រនេះ មានប្រជាជនមកវត្តច្រើន ប៉ុន្តែ ពួកគេគ្រាន់តែយកចង្ហាន់មកប្រគេន តែមិនបាននៅយូរទេ។
ក្រឡេកទៅខេត្តសៀមរាបវិញ វត្តអារាមក្នុងក្រុងក៏មិនសូវអ៊ូរអរ ដូចវត្តនៅជាយក្រុងដែរ។ ប្រជាពលរដ្ឋនៅខេត្តសៀមរាប អ្នកស្រី ចាន់ ម៉ារី ឲ្យដឹងថា អ្នកស្រីតែងតែទៅវត្តឆ្ងាយពីផ្ទះជានិច្ច ក្នុងថ្ងៃភ្ជុំធំ ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃផង ហើយក៏ជាឱកាសអាចដើរលេងកម្សាន្តជួបជុំគ្រួសារ នៅតាមទីរមណីយដ្ឋានជិតៗវត្តនោះផងដែរ។
គួរបញ្ជាក់ថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ មិនមែនជាថ្ងៃដែលពុទ្ធសាសនិក គ្រាន់តែយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលដល់អ្នកចែកឋានប៉ុណ្ណោះទេ ប៉ុន្តែថ្ងៃនេះ ក៏ជាថ្ងៃដែលគេកំណត់ជួបជុំគ្រួសារ ដើរលេងកម្សាន្តផងដែរ។ ពិធីបុណ្យធំៗក៏ជាថ្ងៃសោកសៅសម្រាប់គ្រួសារខ្មែរមួយចំនួនដែរ ដោយសារគ្រោះថ្នាក់ចរចារណ៍។
រហូតមកទល់ថ្ងៃនេះ នៅមិនទាន់មានតួលេខបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ជាក់លាក់នៅឡើយទេ ប៉ុន្តែ មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ អំពីការកកស្ទះចរាចរណ៍ អំពីមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ