អានតួអត្ថបទ
ចិន-ហ្វីលីពីន

ចិន​បន្ទោស​ហ្វីលីពីន​​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នៅ​សមុទ្រចិន​ខាងត្បូង​

អ្នកនេសាទ​នៅ​កោះ​ផ្កាថ្ម scarborough ជាកោះ​ជម្លោះ​រវាង​ចិន​ និង​ហ្វីលីពីន។
អ្នកនេសាទ​នៅ​កោះ​ផ្កាថ្ម scarborough ជាកោះ​ជម្លោះ​រវាង​ចិន​ និង​ហ្វីលីពីន។ AFP
ដោយ៖ ព្រំ សឿន សូលីណា
១៣ នាទី

នៅថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​ចិន​បាន​បន្ទោស​ហ្វីលីពីន​​ថា​​បាន​ផ្គើន​ដោយ​ចេតនា ទៅលើ​អាជ្ញាធរ​ចិន ក្នុង​ហេតុការណ៍​ប៉ះទង្គិចរវាង​កងល្បាតឆ្នេរ​ចិន និង​អ្នកនេសាទ​ហ្វីលីពីន ​នៅកោះជម្លោះ​ ស្កាបូរ៉ុក Scarborough នៅ​សមុទ្រ​ចិន​ខាងត្បូង ​​កាលពី​ខែ​មករា​មុននេះ។ នៅ​ថ្ងៃ​អង្គារកន្លងទៅ​ ហ្វីលីពីន​បាន​កោះហៅ​តំណាង​ចិន នៅ​ក្រុងម៉ានីល ដើម្បី​បង្ហាញ​ថា​ ​ហ្វីលីពីន​​ជំទាស់​​ចិន​ដែល​​បាន​ហាមឃាត់​អ្នកនេសាទ​ហ្វីលីពីន​មិនអោយ​ចូល​នេសាទ​នៅ​ទីនោះ។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍ប៉ះទង្គិច​រវាង​កងល្បាត​ឆ្នេរ​ចិន និង​អ្នកនេសាទ​ហ្វីលីពីន ដែល​បំពុល​ទំនាក់ទំនង​ចិន​និង​ហ្វីលីពីន​ កាន់តែ​ខ្លាំង​ ក្នុង​សប្តាហ៍​នេះ បាន​កើតឡើង កាលពី​ខែ​មករាមុននេះ នៅកោះ​ផ្កាថ្ម Scarborough ជា​កោះជម្លោះ​រវាង​ចិន​និង​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង។ ហ្វីលីពីន​បាន​ចោទចិន​ថា បាន​ព្យាយាម​ប្រើ​កាណុង​បាញ់ទឹក​ បាញ់​បណ្តេញ​អ្នកនេសាទ​ហ្វីលីពីន​ជា​ច្រើន​រូប​ អោយ​ចេញ​ពី​ទីនោះ។ កាលពីថ្ងៃ​អង្គារ ហ្វីលីពីន​​បានកោះហៅ​តំណាង​ចិន នៅ​ក្រុងម៉ានីល គឺ​លោក​ Sun Xiangyang ដើម្បី​ប្រាប់ថា ហ្វីលីពីន​ជំទាស់​ដាច់ខាត​នឹង​ទង្វើ​របស់​អាជ្ញាធរ​ចិន​បែបនេះ។

នៅថ្ងៃ​ពុធ​នេះ ក្រសួង​ការបរទេស​ចិន​ បាន​បន្ទោស​តបទៅរដ្ឋាភិបាល​ហ្វីលីពីន​វិញ​ថា ទង្វើ​របស់​កងល្បាត​ឆ្នេរ​ចិន គឺ​ដោយសារ​តែ​ការផ្គើនដោយ​ចេតនា​​របស់​ហ្វីលីពីនតែប៉ុណ្ណោះ ព្រោះថា អ្នកនេសាទ​​ហ្វីលីពីនទាំងនោះ​ ធ្វើមិនដឹង​មិនលឺ​ចំពោះ​កងនាវា​ចិន​ដែល​បានអំពាវនាវ​អោយពួកគេ​ចេញ​ពី​តំបន់​នោះ។ អ្នកនេសាទ​មួយចំនួន​ ​​បាន​បង្ហាញ​សកម្មភាព​ផ្គើន​ទៀតផង។ ​ចិន​បាន​អត់ធ្មត់​ចំពោះ​ការផ្គើន​នេះ តែ​អ្នកនេសាទ​ទាំងនោះ​នៅតែ​ចចេស​មិនព្រម​ចេញ ទើប​កងល្បា​ត​ឆ្នេ​រចិន​​សម្រេច​​ប្រើ​កាណុង​ទឹក​​បណ្តេញ​ពួកគេ​បែបនេះ។ សម្រាប់​ក្រសួងការ​បរទេស​ចិន​ ការបាញ់​កាណុងទឹកនេះ ជាវិធាន​ការ​​​ក្នុង​កម្រិត​ខ្សោយ​បំផុត ហើយ​ចិន​មាន​សិទ្ធិ​នឹង​តបត​ទៅនឹង​សកម្មភាព​ផ្គើនបាន។

ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៤នេះ​មក ចិន​បាន​តំរូវ​អោយ​កប៉ាល់​នេសាទ​បរទេស​នានា​មាន​លិខិត​អនុញ្ញាត​ជាមុន​សិន មុន​នឹង​ចូល​មក​​ក្នុងដែនទឹក​ជម្លោះ​បូរណភាព​របស់​ចិន។ ចិន​ទាមទារ​ដែនទឹក​​ប្រមាណ​៩០ភាគរយ នៅ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​នឹង​ក្រឡាផ្ទៃ​៣លាន៥សែន​គីឡូ​ម៉ែត្រ​​​​ក្រឡា។ សមុទ្រចិនខាងត្បូង​សំបូរ​ដោយ​ធនធាន​​ថាមពល​ ​គួរអោយ​ចាប់អារម្មណ៍។
ប្រទេស​​អាស៊ី​ផ្សេងទៀត បែបយ៉ាង​ហ្វីលីពីន វៀតណាម ព្រុយណេ ម៉ាឡេស៊ី និង​កោះតែវ៉ាន់ ក៏​ឈ្លោះ​ដណ្តើម​បូរណភាព​ជាមួយចិន ​​នៅ​សមុទ្រ​ចិន​ខាងត្បូង​ នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ