អានតួអត្ថបទ
ចិន-ជប៉ុន

ទីក្រុងប៉េកាំង​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​ជប៉ុន​

បាតុករ​ចិន​នៅ​មុខ​ស្ថានទូត​ជប៉ុន​នៅ​ទីក្រុង​ប៉េកាំង​ នៅ​ថ្ងៃទី១៧​កញ្ញា​ឆ្នាំ២០១២
បាតុករ​ចិន​នៅ​មុខ​ស្ថានទូត​ជប៉ុន​នៅ​ទីក្រុង​ប៉េកាំង​ នៅ​ថ្ងៃទី១៧​កញ្ញា​ឆ្នាំ២០១២ REUTERS/David Gray
ដោយ៖ សៀក សារិន
1 នាទី

ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន​បន្ត​ធ្លាក់ចុះ​ដុនដាប​នៅ​ថ្ងៃចន្ទ​ទី១៧​កញ្ញានេះ។​ សារព័ត៌មាន​ផ្លូវការចិន​បាន​ប្រកាស​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ទីក្រុង​តូក្យូ​ ​ បើ​ប្រសិនជា​អធិករណ៍​នៃ​តំបន់​ទីប្រជុំកោះ​Diaoyu-Senkaku ​ឋិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ដែល​ឈ្លោះ​ដណ្តើម​ដោយ​មហាអំណាច​អាស៊ី​ទាំងពីរ​នៅតែ​បន្ត​កើតមាន។

ផ្សាយពាណិជ្ជកម្ម

 

ក្រុមហ៊ុន​ជប៉ុន​ធំៗ​ខ្លះ​ដែល​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ចិន​បាន​ព្យួរផ្អាក​សកម្មភាព​របស់ខ្លួន។​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​សាលារៀន​ជប៉ុន​ជាច្រើន​ដែល​មាន​នៅ​ទីក្រុង​ប៉េកាំង​និង​នៅ​ទីក្រុង​សៀងហៃ​ ​ បាន​នាំគ្នា​បិទទ្វារ​សម្រាប់​សប្តាហ៍​នេះ​។​ ក្តី​បារម្ភ​ខ្លាច​បាតុកម្ម​ហិង្សា​ ធ្វើឲ្យ​ប៉ះពាល់​ដល់​សហគមន៍​ជប៉ុន​ដែល​គ្នា​ប្រមាណ​៥៦ ០០០នាក់។​ ទាំងនេះ​ក្រោយពី​មាន​បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ជប៉ុន​បាន​កើតមាន​នៅ​តាម​ទីក្រុង​ធំៗចិន​ជាច្រើន​នៅ​ចុង​សប្តាហ៍នេះ។

ចំណែកឯ​ទីក្រុង​តូក្យូវិញ​ បាន​ព្រមាន​ប្រជាជន​ជប៉ុន​ដែល​រស់នៅ​ប្រទេសចិន​ពី​បាតុកម្ម​ហិង្សា​ដែលអាច​កើតមាន​នៅ​ថ្ងៃអង្គារ​ស្អែក​ ​ ដែលជា​ថ្ងៃ​ខួប​រំលឹក​ដល់​ ការ​វាយលុក​ឈ្លានពាន​ដោយ​​ប្រទេស​​ជប៉ុន​ទៅលើ​តំបន់​ Mandchourie ​នៅឆ្នាំ​១៩៣១។
គួរ​បញ្ជាក់ថា​ ​ នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ​ ​ ប្រជាជន​ចិន​អ្នកជាតិនិយម​រាប់ម៉ឺននាក់​ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ជប៉ុន​ ​ ក្រោយពី​មាន​ការ​ប្រកាស​ដោយ​ទីក្រុង​តូក្យូថា​ ​ បាន​ទិញ​ពី​ម្ចាស់​ឯកជន​នូវ​កោះ​មួយ​ចំនួន​ដែល​ចិន​ហៅថា​ កោះ​ Diaoyu ​ឬ​កោះ​ Senkaku ​ជាភាសា​ជប៉ុន។

បាតុកម្ម​ហិង្សា​បាន​ផ្ទុះ​កើតមាន​នៅ​ក្នុង​ទីក្រុង​ចិន​ធំៗ​ចំនួន​យ៉ាង​តិចប្រាំ​ ​ សម្ដែង​ប្រឆាំង​នឹង​ស្ថានទូត​ឬ​ស្ថាន​កុងស៊ុល​ជប៉ុន​ ​ ឬ​ហាងលក់​ទំនិញ​ ​ ភោជនីយដ្ឋាន​ ​ ឬ​ហាងលក់​រថយន្ត​ម៉ាក​ជប៉ុន​ដូចជា​ តូយ៉ូតា​ ឬ​ ហុងដា។

ស្ថានភាព​អាច​ធ្លាក់ចុះ​ដុនដាប​នៅ​ថ្ងៃចន្ទ​នេះ​ ​ ពីព្រោះ​សារព័ត៌មាន​ប្រជាជន​ដែលជា​សារព័ត៌មាន​ផ្លូវការ​របស់​បក្សកុម្មុយនិស្ត​ចិន​បាន​ផ្សាយ​ឲ្យដឹងថា​ ​ មាន​នាវា​ប្រមាណ​ជា​១ ០០០​បាន​ចេញ​ដំណើរ​​ទៅ​ទី​ប្រជុំកោះ​ ​ ហើយ​ប្រហែលជា​អាច​ទៅដល់​ទីប្រជុំកោះ​ Diaoyu ​ឬ​​ Senkaku ​នៅ​ថ្ងៃចន្ទ​ទី១៧​កញ្ញានេះ។

ក្រោយពី​មាន​កិច្ចសន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ លោក​ Leon Panetta ​ ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​បាន​ថ្លែង​ប្រកាសថា​ ​ “សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​ចងភ្ជាប់​នឹងគ្នា​ដោយ​សន្ធិសញ្ញា​សន្តិសុខ​ ​ ដូច្នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ ទីប្រជុំកោះ​ Senkaku ​ក៏​ដូចគ្នា​អ៊ីចឹងដែរ”។

គួរកត់​សម្គាល់ថា​ ​ ទោះបីជា​ប្រទេសចិន​និង​ប្រទេស​ជប៉ុន​មាន​អធិករណ៍​ប្រវត្តិសាស្ត្រ​និង​អធិករណ៍​ដែនដី​នឹងគ្នា​យ៉ាងណា​ក៏​ដោយ​​​ ​ក៏​ប្រទេសចិន​បាន​ក្លាយ​ទៅជា​ “ដៃគូ​ពាណិជ្ជកម្ម​ទីមួយ”​ របស់​ប្រទេស​ជប៉ុន​។​ នៅឆ្នាំ​២០១១​កន្លងទៅនេះ​ ​ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង​១៤,៣%​ ​ ឬ​កើនឡើង​ដល់​កម្រិត​ឯតទគ្គកម្ម​ ៣៤៥ពាន់លាន​ដុល្លារ​ឬ​ត្រូវជា​ ២៦៣ពាន់លាន​អឺរ៉ូ។

សារព័ត៌មាន​ប្រជាជន​ដែលជា​សារព័ត៌មាន​ផ្លូវការ​របស់​បក្សកុម្មុយនិស្ត​ចិន​បាន​ព្រមាន​ទីក្រុង​តូក្យូ​នៅ​ថ្ងៃចន្ទ​នេះ​ទៀត​ថា​ ​ ប្រទេស​ជប៉ុន​អាច​ជួប​នឹង​ “ទសវត្សរ៍​ខាតបង់​សេដ្ឋកិច្ច”​មួយ​ដ៏​ធ្ងន់ធ្ងរ​ ​ ឬ​ “អាច​បោះជំហាន​ថយក្រោយ​ម្ភៃឆ្នាំ​ផងទៀត”​ ​ បើប្រសិន​ជា​ប្រទេស​ចិន​សម្រេច​ដាក់​ “ទណ្ឌកម្ម​សេដ្ឋកិច្ច”​​ទៅលើ​ប្រទេស​ជប៉ុន។

រីឯ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​ Leon Panetta ​បាន​ថ្លែង​ប្រាប់​ទីក្រុង​តូក្យូ​និង​ទីក្រុង​ប៉េកាំងថា​ ​ “​វាជា​ផល​ប្រយោជន៍​របស់​ប្រទេស​ជប៉ុន​និង​ប្រទេស​ចិន​ដែល​ចេះ​ថែរក្សា​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​នឹងគ្នា​ ​ ហើយ​ចៀសវា​កុំ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់”។

លោក​ Leon Panetta ​បាន​ថ្លែង​បន្ថែម​ទៀតថា​ ​ “សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​ចងភ្ជាប់​ដោយ​សន្ធិសញ្ញា​ជួយ​ការពារ​សន្តិសុខ​គ្នា​ទៅវិញ​ទៅមក​ ​ ហើយ​យើង​គោរព​សន្ធិសញ្ញា​នេះ​ដែល​មាន​ជាយូរ​មកហើយ​ ​ គ្មាន​អ្វី​ប្រែប្រួល​ឡើយ”។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់ថា​ ​ “សហរដ្ឋ​អាមេរិក​មាន​ទាហាន​៤៧ ០០០នាក់​នៅ​លើ​ដែនដី​ជប៉ុន​ ​ ក៏​ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​មាន​គោលការណ៍​នយោបាយ​ក្រៅប្រទេស​មួយ​ពោលគឺ​មិន​លូកដៃ​ចូល​ទៅ​ក្នុង​បញ្ហា​ជម្លោះ​ដែនដី​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ