កម្ពុជា

អ្នកភូមិ​ផ្តិត​មេដៃ​ប្តឹង​រឿង​បាត់ដី​ក្នុង​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា-វៀតណាម

សមាជិក​គណបក្ស​សម រង្ស៊ី​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កំពង់​ចាម​ដែល​បោះ​ដោយ​គណៈកម្មាធិការ​ជាតិ​ព្រំដែន​កម្ពុជា វៀតណាម
សមាជិក​គណបក្ស​សម រង្ស៊ី​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កំពង់​ចាម​ដែល​បោះ​ដោយ​គណៈកម្មាធិការ​ជាតិ​ព្រំដែន​កម្ពុជា វៀតណាម ©គណបក្ស​សម រង្ស៊ី

សំណុំរឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ហាក់ដូចជា កម្រើក​ឡើង​វិញ នៅពេលនេះ ដោយ​ក្រុម​អ្នកភូមិ​ចំនួន ២២២ នាក់ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​ផ្តិត​មេដៃ លើ​ពាក្យបណ្តឹង ប្តឹង​ទៅ​កាន់​ប្រធាន​គណៈកម្មាធិការ​ព្រំដែន របស់រាជ​រដ្ឋាភិបាល​។ ក្រុម​អ្នកភូមិ បាន​អះអាង​ថា ការបោះបង្គោល​ព្រំដែន​កម្ពុជា​វៀតណាម លេខ ១០៩ នៅ​ចំណុច​ដំរីផុង ក្នុង​ស្រុក​មេមត់ បាន​មក​បោះ​បង្គោល ចូល​ទឹកដី​កម្ពុជា។ ក៏​ប៉ុន្តែ លោក​ទេសរដ្ឋមន្ត្រី វ៉ា គីមហុង ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​អះអាង​ថា ពាក្យបណ្តឹង​តវ៉ា​នោះ ជា​ចលនា​របស់​គណបក្ស​សម រង្ស៊ី ដើម្បី​រំខាន​ដល់​ដំណើរការ​បោះបង្គោល កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ

ពាក្យបណ្តឹងតវ៉ា បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម របស់​អ្នកភូមិ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ចុះ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១០ អម​ដោយ​ស្នាម​មេដៃ និង​ឈ្មោះ ត្រូវបាន​ផ្តល់​ឲ្យ​អ្នកកាសែត នៅ​ទីស្នាក់ការ​គណបក្ស​សម រង្ស៊ី កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១០។ ជា​ពាក្យបណ្តឹង ដែល​អ្នកភូមិ​ចំនួន ២២២ នាក់ កើតទុក្ខ មិន​សុខចិត្ត បាន​ប្តឹង​តវ៉ា​ចំពោះ​ការរំលោភ​បំពាន​បោះបង្គោល​ព្រំដែន​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ចំណុច​ដំរី​ផុង ក្នុង​ទឹកដី ភូមិដារ​កណ្តោល ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​កំពង់ចាម។

 
ជាមួយនឹង​ការទទូច​សុំ​​ដំណោះស្រាយ​ពី​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល ក្រុម​អ្នកភូមិ​ទាំងនោះ បាន​បញ្ជាក់​ក្នុង​ពាក្យបណ្តឹង​ថា វៀតណាម បាន​មក​បោះបង្គោល​កំណត់​ព្រំដែន ចូល​ក្នុង​ទឹកដី​កម្ពុជា។

យ៉ាងណា​ក៏ដោយ លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ព្រំដែន របស់​រដ្ឋាភិបាល បាន​ចាត់ទុក​ថា ពាក្យបណ្តឹង​របស់​អ្នកភូមិ​នៅ ខេត្ត​កំពង់ចាម​នោះ គឺជា​ចលនា ដែល​រៀបចំឡើង​ដោយ​សមាជិក​ឃុំ​គណបក្ស​សម រង្ស៊ី ដើម្បី​រារាំង​ដល់​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម លេខ ១០៩។

លោក វ៉ា គីម​ហុង បាន​លើកឡើង​ថា ចលនា​របស់​សកម្មជន​គណបក្ស​សមរង្ស៊ី មាន​គ្នា​ប្រហែល​ជា ១០ នាក់ ធ្វើ​ពាក្យ​ប្តឹងតវ៉ា​ឡើងមក​ភ្នំពេញ។ រីឯ ការ​ប៉ះពាល់​ដោយសារ​ការបោះ​បង្គោល​ព្រំដែន​នោះ មាន​តែ​លើ​ដី​ចំការ​របស់​ប្រជាជន​ម្នាក់ ក្នុង​ទំហំ​ដី ៥ ម៉ែត្រការ៉េប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ លោក វ៉ា គីម​ហុង ដែល​ទទួលបន្ទុក​លើ​ការងារ​បោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​គូស​បញ្ជាក់​ថា ការ​បោះបង្គោល​កំណត់​ព្រំដែន មាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី មាន​ទាំង​ការចូលរួម​ពី​ឃុំ ស្រុក ខេត្ត របស់​កម្ពុជា និង​វៀតណាម។ ក្នុង​នោះ ក៏​មាន​ក្រុមប្រឹក្សា​ឃុំ​មកពី​គណបក្ស​សម រង្ស៊ី និង​ម្ចាស់ដី​ចូលរួម​ផង​ដែរ។

ជុំវិញ​ការលើកឡើង​ពី​ការរំលោភ​ចូល​ដី​ស្រែ​ចំការ​របស់​អ្នកភូមិ នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត កំពង់ចាម លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ បង្រៀន គ្រោង​នឹង​ធ្វើដំណើរ​ចុះទៅ​ពិនិត្យ​កន្លែង​បោះបង្គោល​ព្រំដែន​នោះ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១០។

សំណុំរឿង​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅកគុក​នៅ​កម្ពុជា​។ កាលពី​ខែ​តុលា ឆ្នាំ​២០០៥ មាន​សកម្មជន​ព្រំដែន​ជាច្រើនរូប រួមទាំង លោក ម៉ម សូណង់ដូ និង​លោក រ៉ុង ឈុន ត្រូវ​បាន​រដ្ឋាភិបាល​ប្តឹង ចាប់​ដាក់​ពន្ធនាគារ និង​អ្នកខ្លះ​ទៀត បាន​រត់​ភៀសខ្លួន ទៅ​ក្រៅ​ប្រទេស។ ពួកគេ​បាន​ការរិះគន់​លើ​កិច្ចព្រមព្រៀង​ព្រំដែន​បំពេញ​បន្ថែម លើ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៨៥ ដែល​បាន​ធ្វើឲ្យ​កម្ពុជា បាត់បង់​ទឹកដី និង​បាត់បង់​កោះត្រល់។

កាលពី​ខែ​តុលា ឆ្នាំ​២០០៩ លោក សម រង្ស៊ី បាន​រត់គេច​ខ្លួន ទៅ​ក្រៅប្រទេស។ ចំណែក អ្នកភូមិ​ពីរ​នាក់​ទៀត ត្រូវ​តុលាការ​កាត់ទោស និង​ចាប់​ដាក់គុក ចំនួន ៩ ខែ ២០ ថ្ងៃ ដោយសារ​តែ​សំណុំរឿង​ព្រំដែន​ដ៏​រសើប រវាង​កម្ពុជា​-​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI