រុស្ស៊ី

បក្ស​ប្រឆាំង​អនុញ្ញាត ជា​លើក​ទី​១​ដោយ​អាជ្ញាធរ​ក្រុង​ម៉ូស្គូ

ចលនា "យុទ្ធសាស្ត្រ-​​៣១" ធ្វើ​មិទិញ​នៅ​ទីក្រុង​ម៉ូស្គូ ថ្ងៃទី ៣១ តុលា ២០១០
ចលនា "យុទ្ធសាស្ត្រ-​​៣១" ធ្វើ​មិទិញ​នៅ​ទីក្រុង​ម៉ូស្គូ ថ្ងៃទី ៣១ តុលា ២០១០ © Reuters

មីទិញ​នេះ ដែល​បាន​ប្រព្រឹត្ត​ទៅ​ល្ងាច​ថ្ងៃ​៣១​តុលា​ម្សិលមិញ នៅ​ចំ​កណ្តាល​ក្រុង​ម៉ូស្គូ គឺ​បាន​ត្រូវ​ចាត់ចែង​ឡើង​ដោយ​ចលនា​ប្រឆាំង​ទូទាំង​ប្រទេស​រុស្ស៊ី ក្រោម​ឈ្មោះ​ថា​ “យុទ្ធសាស្ត្រ-៣១“ ដែល​ប្រមូល​ផ្តុំ​ក្នុង​ជួរ​ខ្លួន គឺ​គណបក្ស​ អង្គការ ចលនា ប្លែកៗ​នៅ​រុស្ស៊ី ដែល​ប្រឆាំង​នឹង​រដ្ឋ​អំណាច​សព្វ​ថ្ងៃ។ លេខ​៣១​នេះ គឺ​រំលេច​ឲ្យ​ឃើញ​ពី​គោលដៅ​របស់​គេ ៖ ការពារ​មាត្រា​ទី​៣១​នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​ធានា​នូវ​សិទ្ធិ​ប្រជាពលរដ្ឋ​រុស្ស៊ី រូម​ប្រជុំ​គ្នា​​បញ្ចេញ​យោបល់​ខ្លួន​ដោយ​សេរី។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ គឺ​ថា​មីទិញ​នោះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ដោយសារ​វា​បាន​ទទួល​ការ​អនុញ្ញាត​ជា​លើក​ទី​១​ពី​ខាង​សាលា​ក្រុង​ម៉ូស្គូ ហើយ​ក្រុម​នគរបាល​ ដែល​តាម​ធម្មតា គឺ​មាន​ចំនួន​សឹង​ពីរ​ដង​ច្រើន​ជាង​ពួក​បាតុករ​ផ្ទាល់ ឥត​បាន​អន្តរាគម​ដេញ​កំចាត់ និង​ចាប់​ពួក​អ្នក​ចូលរួម​បោះ​ចូល​ក្នុង​ឡាន​ទ្រុង​ដូច​លើក​មុនៗ​ឡើយ។ គេ​គ្រាន់​តែ​មាន​វត្តមាន ដើម្បី​ធានា​សន្តិសុខ​ប៉ុណ្ណោះ។

ប៉ុន្តែ​មីទិញ​លើក​នេះ បែរ​ទៅ​ជា​ញ៉ាំង​ឲ្យ​មាន​ការបែកបាក់គ្នា​ក្នុង​ជួរ​ចលនា ​”យុទ្ធសាស្ត្រ-៣១“ ​ទៅ​វិញ។ មូលហេតុ មក​ពី​ក្រុម​ដែល​បាន​ធ្វើ​មីទិញលើ ”ទី​លាន​វិជ័យ“ នៅ​កណ្តាល​ក្រុង​ម៉ូស្គូ សុខ​ចិត្ត​ឲ្យ​បក្ស​ពួក​ខ្លួន​ចូលរួម​តែ​ក្នុង​ចំនួន​មិន​លើស​ពី ៨០០​នាក់​ដូចការ​តម្រូវ​នៃ​អាជ្ញាធរ​អ៊ីចឹង។ ចំណែក​ក្រុម​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា “ប្រទេស​រុស្ស៊ី​មុខ​មាត់​ផ្សេង” ល្ងាច​ម្សិល​នោះ បាន​ផ្តាច់​ខ្លួន​ចេញ​ទៅ​ធ្វើ​មីទិញ គឺ​នៅ​កន្លែង​មួយ​ផ្សេង នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ ជា​ទី​ដែល​មាន​គ្នីគ្នា​គេ ចូលរួម​ដល់​១.៥០០​នាក់។ មីទិញ​ទាំងពីរ​នោះ បាន​ត្រូវ​តាម​ដាន​យក​ការណ៍ ដោយ​អ្នក​កាសែត​ ៤០០​នាក់​ឯណោះ។

លោក Eduard Limonov មេក្រុម​បះបោរ ចោទ​ក្រុម​ដែល​សុខចិត្ត​យល់ព្រម​តាម​ការតម្រូវ របស់​អាជ្ញាធរ​ថា​ខ្លប​ត្រចៀក​ចុះ​ញ៉ម​អំណាច​រុស្ស៊ី​សព្វ​ថ្ងៃ។ ចំណែក​លោក​យាយ Lioudmila Alexeieva ល្បី​ជា​អ្នក​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស តាំងពី​ជំនាន់​សូវៀត​មក​​លុះ​រហូត​ដល់​បច្ចុប្បន្ន​អាយុ​៨២​ឆ្នាំ​ទៅ​ហើយ បាន​ថ្លែង​ក្នុង​អង្គ​មីទិញ​អនុញ្ញាត​ដោយ​អាជ្ញាធរ​ថា ការ​ដែល​ក្រុម​គាត់​បាន​ទទួល​ការ​អនុញ្ញាត​បែប​នេះ គឺ​នៅ​មិន​ទាន់​មាន​ន័យ​ជា​ជ័យជំនះ​នៅ​ឡើយ តែ​គ្រាន់​តែ​ជា​ជំហាន​ទី​១​ប៉ុណ្ណោះ នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ជំរុញ​រដ្ឋ​អំណាច​ឲ្យ​ប្រតិបត្តិ​ឥត​ខ្ចោះ តាម​មាត្រា ទី​៣១​នៃ​រដ្ឋ​ធម្មនុញ្ញ។ ថ្លែង​ក្នុង​មីទិញ​នេះ​ដែរ លោក Boris Niemtsov អតីត​ឧបនាយក​រដ្ឋមន្ត្រី សព្វថ្ងៃ​ជា​មេដឹកនាំ​ចលនា ”សាមគ្គីភាព“ អំពាវនាវ​កុំ​ឲ្យ​មាន​ការបែកបាក់​គ្នា​អី​នៅ​ក្នុង​ជួរ​នៃ​ចលនា “យុទ្ធសាស្ត្រ-៣១” ដ្បិត​ការ​បែក​បាក់​គ្នា​យ៉ាង​នេះ គឺ​ជា​កាដូ​ដែល​ជា​ក្តី​ប្រាថ្នា​​ចង់​បាន​ណាស់​ដោយ​វិមាន​ក្រេមឡាំង។

រីឯ​ពាក្យ​ស្លោក​ដែល​គេ​សង្កេត​ឃើញ នៅ​តាម​ផ្ទាំង​បដា​ពួក​បាតុករ មាន​ជា​អាទិ៍​គឺ ការ​ចំអក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Poutine បែប​យ៉ាង “សូម​លោក​លេប​ហើយ​ទំពា​ទៅ​សម្បោរ ដែល​ហូរ​ចេញ​ពី​ច្រមុះ​លោក ប៉ុន្តែ​កុំ​ទំពា​រដ្ឋធម្មនុញ្ញ​អី ! “។​ បណ្តា​វាគ្មិន​ក៏​បាន​បន្លឺ​ឡើង​នូវ​ការ​ទាមទារ​ពី​រដ្ឋ​អំណាច ឲ្យ​ព្រលែង​ចេញ​ពី​គុក​ទៅ នូវ​រាល់​អ្នកទោស​នយោបាយ​ទាំងអស់។

មីទិញ​សាមគ្គី​ជាមួយ​និង​ចលនា​ប្រឆាំង​នៅ​រុស្ស៊ី​ម្សិលមិញ​ក៏​បាន​ប្រព្រឹត្ត​ទៅ​នៅ​បរទេស​ដែរ បែប​យ៉ាង នៅក្រុង New York Toronto Londres Helsinki Berlin និង​ក្រុង​មួយ​ចំនួន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI