ប៉េរូ

ប៉េរូ ច្រានចោល ការសុំលើកលែងទោស របស់អតីតប្រធានាធិបតី Alberto Fujimori

Fujimori​អតីត​ប្រធានាធិបតី ប៉េរូ ដើមកំណើតជប៉ុន
Fujimori​អតីត​ប្រធានាធិបតី ប៉េរូ ដើមកំណើតជប៉ុន ©reuters

បើ​ទោះ​ជា​មាន​ការ​អះអាង​ថា អតីត​ប្រធានាធិបតី Alberto Fujimori ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ឃុំ មាន​ជំងឺ​ប្រចាំ​កាយ​ក៏ដោយ ក៏​រដ្ឋាភិបាល ប៉េរូ​ថ្មី​មិន​ អនុញ្ញាត្តិ​ឲ្យ​មាន​ការ​លើកលែង​ទោស​ឡើយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ គឺ​លោក​ត្រូវ​ជាប់​ទោស​២៥ឆ្នាំ ពី​បទឧក្រិដកម្ម​ប្រឆាំង​មនុស្សជាតិ និង​អំពើ​ពុក​រលួយ ក្នុង​ពេល​កាន់​អំណាច។

ផ្សាយពាណិជ្ជកម្ម

នេះ​ការ​កម្រ​មួយ​ដែល​ថ្នាក់​ដឹកនាំ​ប៉េរូ បង្ហាញ​ពី​ភាព​តឹងរឹង​របស់​ខ្លួន។ ប្រធានាធិបតី ប៉េរូ បច្ចុប្បន្ន លោក Ollanta Humala បាន​ធ្វើ​ការ​សម្រេច​ជា​ឯកច្ឆន្ទ មិន​លើកលែង ទោស​ដល់​លោក Fujimori ទេ។ បើ​យោងតាម​រដ្ឋធម្មនុញ្ញ ក្នុង​នាម​ជា​ប្រធានាធិបតី លោក​អាច​មាន​សិទ្ធិ​លើកលែង​ទោស បុគ្គល​ណា​ម្នាក់​បាន​។ តែ​ក្នុង​ករណី​នេះ លោក មិន​ចង់​ប្រើ​អំណាច​ទាំង​នេះ ពី​ព្រោះអតីតប្រធានាធិបតី Fujimori​មិន​មាន​ជំងឺមហារីក​ដូច​ដែល ពាក្យ​អះអាង​របស់​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ។

 
អតីត​ប្រធានាធិបតី​ប៉េរូ Fujimori មាន​អាយុ ៧៤ ឆ្នាំ ​មាន​សញ្ជាតិ​ដើម​ជា​ជនជាតិ​ជប៉ុន។ លោក​ត្រូវ​បាន ដាក់​ទោស​២៥​ឆ្នាំ ពី​បទ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និងប្រព្រឹត្តអំពើ​ពុករលួយ មុន និង​ក្នុង​កំឡុង​ពេល​កាន់​អំណាច។

គួរ​រម្លឹក​ផង​ដែរ​ថា មុន​ពេល​ចូល​កាន់​អំណាច លោក Fujimori ជា​អតីត​វរសេនីយឯក ដែល​បាន​ដឹក​នាំទ័ព ប្រឆាំង​ពួក​ឧទ្ទាម និង​ក្រុម​ភារវកម្ម។ ដែល​កាល​នោះ មនុស្ស​ប្រមាណ​ជាង​៧០ ០០០នាក់​បាន​ស្លាប់​បាត់បង់​ជីវិត គឺនៅ​រវាង​ឆ្នាំ១៩៨០ ដល់​ឆ្នាំ​១៩៩០។ ដោយ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ផ្នែក​យោធា លោក Fujimori បាន​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ រដ្ឋាភិបាល ដើម្បី​កាន់​អំណាច។

រឿង​អាស្រូវ​ជាច្រើន ទាក់ទង​នឹង​អំពើ​ពុករលួយ និង​សម្លាប់​មនុស្ស បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ក្នុង​កំឡុង​ពេល​ដឹក​នាំ​របស់​លោក។ មូលហេតុ​ទាំងនេះ បាន​ជំរុញ​ឲ្យ លោក Fujimori បាន​ចាក​ចេញ ពី​តំណែង នៅឆ្នាំ​២០០០ រួច​ក៏​ភៀសខ្លួន​ចេញ​ទៅ​ប្រទេស​ជប៉ុន និង Chili។ ដោយ​តាម​កិច្ច​ព្រមព្រៀង​របស់​ប្រទេស ប៉េរូ និង Chilli ទី​បំផុត លោក Fujimori ត្រូវ​បាន​បញ្ជូន​មក កាត់ទោស នៅ​ប្រទេស​ប៉េរូ ឆ្នាំ​២០០៧។

បច្ចុប្បន្ន លោក​អតីត​ប្រធានាធិបតី​ប៉េរូ​រូបនេះ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ពន្ធនាគា​រមួយ នៅ​ទីក្រុង លីម៉ា​(Lima) ដែល​មាន​សេវាកម្ម​ថែទាំ​សុខភាព​ផ្ទាល់​ខ្លួន និង​ការ​ធានា​សុវត្ថិភាព​យ៉ាង​ល្អ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI