ប៉ាគីស្ថាន

Pervez​ Musharraf​ ចង់​ចូល​ក្នុង​ស្រុក​វិញ​

អតីត​ប្រធានាធិបតី ប៉ាគីស្ថាន លោក​Pervez Musharraf
អតីត​ប្រធានាធិបតី ប៉ាគីស្ថាន លោក​Pervez Musharraf REUTERS/Luke MacGregor

អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន​ Pervez Musharraf​ បាន​ជូន​ដំណឹង​​នៅ​ថ្ងៃ​អាទិត្យ​៨​មករា​ម្សិល​មិញ​​តាម​រយៈ​ video​ conférence​ ដល់​បក្ស​ព័ន្ធ​នៃ​គណបក្ស​ថ្មី​របស់​លោក​គឺ​បក្ស​ « សម្ព័ន្ធ​អ៊ីស្លាម​ដើម្បី​ប៉ាគីស្ថាន​ទាំង​មូល​(APML) » អំពី​ចេតនា​របស់​លោក​ ក្នុង​ការ​វិល​ត្រឡប់​ចូល​ក្នុ​ង​ប្រទេស​វិញ ​ប​ន្ទាប់ពី​បាន​និរទេស​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ នៅ​រាជាណាចក្រ​ Emirats arabes​ រួម​អស់​រយៈ​ចំនួន ៣ឆ្នាំ។​ត្រឡប់​​ចូល​​ស្រុក​កំណើត​ដើម្បី​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជា​ពិសេស​​ដើម្បី​​ចូល​​រួម​ការ​​រៀបចំ​​ការ​បោះឆ្នោត​​សភា​​នៅ​​ឆ្នាំ​​ ២០១៣៕​​

ផ្សាយពាណិជ្ជកម្ម

 “ខ្ញុំនឹងវិលត្រឡប់ទៅប៉ាគីស្ថានវិញនៅថ្ងៃ២៧ឬ ៣០មករាខាងមុខបើទោះ​បីជាជីវិត​ខ្ញុំត្រូវ​ប្រឈម​​មុខនឹងគ្រោះថ្នាក់ក៏ដោយក្តី”។ នេះ ជាការជូនដំណឹងរបស់អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន​ Pervez Musharrafនៅថ្ងៃអាទិត្យ៨មករាម្សិលមិញ។​ការប្រកាស​ត្រឡប់មក​ប្រឡូក​ក្នុង​ឆាកនយោបាយនៅប៉ាគីស្ថានរបស់លោក Pervez Musharraf  ពុំមែនជារឿងថ្មីឡើយ។

ក៏ប៉ុន្តែ ប្រសិនបើលោក Musharraf ត្រឡប់ចូលមកក្នុងស្រុកមែន គាត់អាច​ប្រឈម​មុខ​ជា​មួយ​​នឹងបញ្ហាជាច្រើនជំពូក ព្រោះអ្នកនយោបាយរូបនេះ ស្ថិតនៅក្រោម​ទម្ងន់នៃ​ដីកា​ចាប់ខ្លួន​ជា​ច្រើន​ប្រការ រួមមាន ដីកាចាប់ខ្លួនពីបទធ្វេសប្រហែសក្នុង​កិច្ចការពារសន្តិសុខឲ្យអតីត​នាយក​រដ្ឋមន្ត្រី​Benazir Bhutto។ លោកស្រី  Benazir Bhutto​ ដែលត្រូវ​បាន​គេលួចធ្វើ​ឃាត​នៅ​ចុង​​ឆ្នាំ២០០៧នៅឱកាសធ្វើមីទិ្ទញនយោបាយមួយ។

គួររំលឹកថា លោក Pervez Musharraf បានឡើងកាន់អំណាច​នៅក្នុងប្រទេស​នៅឆ្នាំ១៩៩៩​ដោយសារ​ការធ្វើរដ្ឋប្រហារ និងបានក្លាយ​ជាសម្ព័ន្ធមិត្ដដ៏​សំខាន់បំផុត​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងទល់នឹងអំពើភេរវនិយមនៅចុងឆ្នាំ២០០១។

ម្យ៉ាងទៀតនៅឆ្នាំ២០០៨ ក្រោមសម្ពាធរបស់ប្រជាពលរដ្ឋខ្លួន និងគ្មានការគាំទ្រពីសំណាក់​ពួក​​យោធា​ដែលរូប លោក ផ្ទាល់ ចេញពីជួរកងទ័ពដែរនោះ Musharraf បានសម្រេចចិត្ត សុំ​លា​លែង​ចេញពីមុខតំណែង។

បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល៣ឆ្នាំ អតីតប្រធានាធិបតីប៉ាគីស្ថាន មានក្តីរំពឹងទុកថា​លោក​​​អាចនឹងវិលត្រឡប់មកប្រឡូកក្នុងឆាកនយោបាយវិញ។ ក៏ប៉ុន្តែ ក្តីរំពឹងរបស់លោកនេះ ក៏​មិនប្រាកដដែរ  ពីព្រោះនៅពេលដែលលោក សុំលាចេញពីមុខតំណែង មតិសាធារណៈ​មួយ​ចំនួន​​ធំ ​បានសំដែងក្តី​ទោមនស្ស​​ចំពោះ​ន​យោបាយដឹកនាំរបស់លោក យ៉ាងច្រើន។

បច្ចុប្បន្ននេះ អតីតបក្សព័ន្ធគាំទ្ររបស់លោកជាច្រើន បានរត់ទៅចូលក្នុង​ជួរគណបក្ស​នយោបាយ​​​ផ្សេងទៀត គណបក្សដែលកំពុងរៀបចំតៀមខ្លួនរួចជាស្រេចសំរាប់ ការបោះឆ្នោត​នៅ​ប៉ាគីស្ថាន​ក្នុងឆ្នាំ ២០១៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI