អានតួអត្ថបទ
កម្ពុជា

គណបក្ស​មួយ​ចំនួន ត្រូវ​ពិន័យ​ជា​ប្រាក់ ផ្អាក​ដំណើរការ និង​លុប​ឈ្មោះ

តុលាការ​សាលា​ដំបូង​ក្រុង​ភ្នំពេញ
តុលាការ​សាលា​ដំបូង​ក្រុង​ភ្នំពេញ © សុវណ្ណារា
ដោយ៖ លី ម៉េងហួរ
១៧ នាទី

នៅ​រសៀល​ថ្ងៃ​ទី​២១​កក្កដា​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ពិន័យ​ជា​ប្រាក់ ផ្អាក​ដំណើរការ និង​ត្រូវ​លុបឈ្មោះ​គណបក្ស​នយោបាយ​មួយ​ចំនួន ចេញ​ពី​បញ្ជី។ ការសម្រេច​របស់​តុលាការ​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ក្រោយ​ពី​សវនាការ​ជំនុំជម្រះ​រួមគ្នា លើ​គណបក្ស​នយោបាយ​ចំនួន ១៦ កាលពី​ថ្ងៃ​ទី​២២​មិថុនា។ គណបក្ស​ទាំង ១៦ ដែល​មាន​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង​នោះ ត្រូវបាន​ក្រសួង​មហាផ្ទៃ ប្តឹង​ពី​បទ​ខកខាន​មិន​បាន​បញ្ជូន​របាយការណ៍​ប្រចាំឆ្នាំ​២០០៦។​

ផ្សាយពាណិជ្ជកម្ម

ក្នុងពេល​ចៅក្រម​ប្រកាស​សេចក្តី​សម្រេច នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ មិន​មាន​វត្តមាន​របស់​ប្រធាន ឬ​តំណាង និង​មេធាវី​គណបក្ស​នយោបាយ​ទាំង​១៦ ចូលរួម​ទេ។ ចំណែក​តំណាង​របស់​ក្រសួង​មហាផ្ទៃ ក៏​មិន​បាន​ចូលរួម​ដែរ។

​តាម​សេចក្តី​សម្រេច គណបក្ស​សមរង្ស៊ី​ត្រូវ​ពិន័យ​ជា​ប្រាក់ ៣ លាន​រៀល ដែល​ស្មើ​ប្រមាណ ៧៥០ ដុល្លារ ពី​បទ​មិន​បាន​ផ្ញើ​របាយការណ៍​ប្រចាំឆ្នាំ​២០០៦ ទៅ​កាន់​ក្រសួង​មហាផ្ទៃ។ ចំណែក ៦ គណបក្ស​ទៀត ដែល​បាន​ធ្វើលិខិត​សុំទោស​ទៅ​ក្រសួង​មហាផ្ទៃ ក្នុងនោះ​រួម​មាន​ទាំង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង ត្រូវបាន​ចៅក្រម សម្រេច​លើកលែង​ការចោទ​ប្រកាន់។

ដោយឡែក​គណបក្ស​នយោបាយ ដែល​គេ​មិន​សូវ​ឮ​ឈ្មោះ​ចំនួន​៤ ត្រូវបាន​ចៅក្រម​ប្រកាស​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ ដោយសារ​គណបក្ស​នយោបាយ​ទាំងនោះ គ្មាន​សកម្មភាព​អ្វី ហើយ​គណបក្ស​ខ្លះ គ្មាន​ប្រធាន​ដឹកនាំ​ថែម​ទៀត។ រីឯ​គណបក្ស​នយោបាយ​ចំនួន ៣ ផ្សេង​ទៀត ក៏​ត្រូវ​ចៅក្រម សម្រេច​ពិន័យ​ជា​ប្រាក់ ៦ លាន​រៀល និង​ផ្អាក​សកម្មភាព​ជា​បណ្តោះអាសន្ន។

​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​ខាងលើ គណបក្ស​សមរង្ស៊ី មិនទាន់​សម្រេច​ថា ត្រូវ​ប្តឹង​ជំទាស់ ឬ​ក៏​យល់ព្រម​បង់​ប្រាក់​ពិន័យ​នោះទេ។ ក៏ប៉ុន្តែ អតីត​អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី លោកស្រី មូរ សុខហួរ ដែល​ដាក់​របាយការណ៍​ទៅ​កាន់​ក្រសួង​មហាផ្ទៃ កាលពី​ឆ្នាំ​២០០៦ ផុត​កំណត់​ពីរ​ថ្ងៃ លោកស្រី មូរ សុខហួរ បានចាត់ទុក​ការសម្រេច​របស់​តុលាការ ដែល​បាន​ពិន័យ​គណបក្ស​សមរង្ស៊ី ៣ លាន​រៀល ថា ជា​ការសម្រេច​តាម​ផ្លូវ​នយោបាយ ដែល​រដ្ឋាភិបាល​បាន​យក​តុលាការ​ធ្វើ​ជា​ឧបករណ៍ ដើម្បី​យាយី​លើ​សកម្មភាព​គណបក្ស​សម​រង្ស៊ី។​

តាម​លោក​ស្រី មូរ សុខហួរ ដែល​សព្វថ្ងៃ​ជា​អគ្គលេខាធិការរង​គណបក្ស​សមរង្ស៊ី សេចក្តីសម្រេច​របស់​តុលាការ​នៅ​ថ្ងៃនេះ នឹង​នាំ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​ការបោះ​ឆ្នោត​ខាង​មុខ មិន​សេរី និង​មិន​យុត្តិធម៌​ឡើយ។

គណបក្សនយោបាយ​ចំនួន ១៦ គណបក្ស ក្នុងនោះ រួមមាន គណបក្ស​សមរង្ស៊ី និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​ក្រសួង​មហាផ្ទៃ ប្តឹង​ចោទប្រកាន់​ពី​បទ​មិនបាន​ផ្ញើ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០០៦ ដាក់​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ឲ្យ​ទាន់​ពេល​កំណត់។ សវនាការ​រួម​គ្នា​លើ​រឿង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២​មិថុនា។

តាមច្បាប់ គណបក្ស​នយោបាយ​ត្រូវ​ផ្ញើ​របាយការណ៍​ប្រចាំ​ឆ្នាំ ស្តីពី​សកម្មភាព​សំខាន់ៗ និង​ចំណូល​-​ចំណាយ​របស់​គណបក្ស ដាក់​ទៅ​កាន់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣១​ខែ​ធ្នូ រៀងរាល់​ឆ្នាំ។​

​តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ សព្វថ្ងៃ នៅ​កម្ពុជា មាន​គណបក្ស​នយោបាយ​ចំនួន ៥២។ ក្នុងនោះ គណបក្ស​ចំនួន ៤០ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ