តុលាការបើកសវនាការកាត់ទោសលោកម៉មសូណង់ដូ
ដូចការគ្រោងទុកនៅថ្ងៃអង្គារ ទី១១កញ្ញានេះ តុលាការក្រុងភ្នំពេញ បានបើកសវនាការកាត់ទោសលោក ម៉ម សូណង់ដូ នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងជម្លោះដីធ្លី នៅខេត្តក្រចេះ។ សំណុំរឿងនោះ មានជនជាប់ចោទសរុបចំនួន ៩នាក់ ចំណែកសាក្សី មានរហូតដល់ ៨៦ នាក់។ដោយឡែកនៅក្រៅតុលាការឯណោះវិញ ប៉ូលិសបានដាក់បារ៉ាស់ បិទផ្លូវ មិនឲ្យតំណាងរាស្ត្រ អ្នកកាសែត និងក្រុមប្រជាពលរដ្ឋ ដែលគាំទ្រលោកម៉មសូណង់ដូ ចូលរួមស្តាប់សវនាការឡើយ។
ចុះផ្សាយនៅថ្ងៃ៖
សវនាការកាត់ទោសលោក ម៉ម សូណង់ដូ នៅថ្ងៃអង្គារ ទី១១កញ្ញានេះ ត្រូវបានប៉ូលិស រឹតបន្តឹងសន្តិសុខ ដោយដាក់បារ៉ាស់ បិទផ្លូវចេញ-ចូលតុលាការក្រុងភ្នំពេញ ចាប់ពីរង្វង់ភ្លើងស្តុប អាងទឹក រហូតដល់ភ្លើងស្តុបនាងគង្ហីង។ ចំណែកប្រជាពលរដ្ឋ អ្នកភូមិបឹងកក់ អ្នកបុរីកីឡានិងសមាជិកសមាគមអ្នកប្រជាធិបតេយ្យរាប់រយនាក់ បានប្រមូលផ្តុំ ចង់ទំលុះបារ៉ាស់របស់ប៉ូលិស ដើម្បីចូលទៅតាមដានសវនាការលើលោកម៉មសូណង់ដូ។ ប៉ុន្តែត្រូវប៉ូលិសរារាំង និងមានការប៉ះទង្គិចបន្តិចបន្តួច។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ព្រមទាំងសកម្មជនអង្គការសិទ្ធិមនុស្សជាច្រើននាក់ ក៏មិនត្រូវបានអនុញ្ញាតឲ្យតាមដានសវនាការកាត់ទោស លោក ម៉ម សូណង់ដូ ឡើយ។
លោក ម៉ម សូណង់ដូ ត្រូវបាននាំខ្លួន ចូលក្នុងបន្ទប់សវនាការ ជាមួយនឹងជនជាប់ចោទ ៨ នាក់ផ្សេងទៀត។ ក្នុងសំណុំរឿងក្តីពាក់ព័ន្ធនឹងជម្លោះដីនៅខេត្តក្រចេះ មានជនជាប់ចោទសរុប ៩នាក់ ដោយ ៤នាក់ រាប់ទាំងលោក ម៉ម សូណង់ដូ ត្រូវបានប៉ូលិសឃុំខ្លួននិងនៅក្រៅឃុំ ៥នាក់។ ក្នុងសំណុំរឿងក្តីនោះ សាក្សីមានរហូតដល់ ៨៦នាក់ដោយសាក្សីដោះបន្ទុករបស់លោក ម៉ម សូណង់ដូ មាន ៥នាក់។ ចំណែកសាក្សី ដាក់បន្ទុក មានរហូតដល់ ៨១នាក់។
ជនជាប់ចោទទាំង ៩ នាក់នោះ ស្ថិតក្នុងសំណុំរឿងតែមួយ ជាមួយនឹងលោក ម៉ម សូណង់ដូ ក្នុងបទល្មើសចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធនឹងជម្លោះដីនៅខេត្តក្រចេះ រួមមាន៖
ទី១-បទផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ
ទី២-ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ
ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់និង
ទី៤-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។
មានអាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។ ការចោទប្រកាន់លោក ម៉ម សូណង់ដូ គឺតុលាការបានភ្ជាប់នឹងករណីជម្លោះដី ដែលបង្កឡើងដោយប្រជាពលរដ្ឋមួយក្រុម ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ករណីជម្លោះដីនោះ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចោទប្រកាន់ថា អ្នកទាំងនោះចាប់ដីរដ្ឋ បង្កើតតំបន់អបគមន៍ ហើយត្រូវបានរដ្ឋាភិបាលបង្ក្រាប និងបណ្តេញចេញកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្សជាច្រើនបានរត់គេចខ្លួន ពីការតាមចាប់របស់តុលាការខេត្តក្រចេះ។ ក្រោយមក សំណុំរឿងនោះ ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញ។
មកដល់ម៉ោង ៦ ព្រលប់ថ្ងៃទី១១កញ្ញានេះ សវនាការកាត់ទោសលោកម៉មសូណង់ដូ ត្រូវបានផ្អាក បន្ទាប់ពីចៅក្រម បានសួរនាំជនជាប់ចោទទាំង៩ នាក់ រាប់ទាំងលោកម៉មសូណង់ដូ។ លោកម៉មសូណង់ដូ បានបដិសេធការចោទប្រកាន់ទាំងនោះ។ សវនាការ នឹងបន្តនៅព្រឹកថ្ងៃពុធស្អែកទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ