កម្ពុជា

អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា ត្រូវ​បាន​ប៉ូលិស​រារាំង មិន​ឲ្យ​ដើរ​តវ៉ា

អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ប្រមូល​ផ្តុំ​តវ៉ា​ជា​ថ្មី​នៅ​ថ្ងៃទី​១០​កញ្ញា​២០១២
អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ប្រមូល​ផ្តុំ​តវ៉ា​ជា​ថ្មី​នៅ​ថ្ងៃទី​១០​កញ្ញា​២០១២ ©rfi-ម៉េងហូរ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្ត្រី​អ្នករស់នៅ​សហគមន៍​បឹងកក់ និង​បុរី​កីឡា ត្រូវបាន​ប៉ូលិស​រារាំង មិន​ឲ្យ​ដើ​រហែ​ក្បួន​តវ៉ា ដើម្បី​ទៅ​ដាក់​ញត្តិ នៅ​ក្រសួង​យុត្តិធម៌ និង​រដ្ឋសភា ទេ។ ក្រុម​ពលរដ្ឋ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ ព្យាយាម​ស្វែងរក​អន្តរាគមន៍ ឲ្យមាន​ការដោះលែង​ស្ត្រី​សកម្មជន​ដីធ្លី​ពីរ​នាក់ នៅ​បឹង​កក់ និង​នៅ​បុរី​កីឡា ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន កាលពី​សប្តាហ៍​មុន។ ក៏​ប៉ុន្តែ​នៅ​ព្រឹក​មិញ ក៏​លេច​មាន​ក្រុម​អ្នករត់ម៉ូតូឌុប និង​ម៉ូតូ​កង់​បី បាន​ប្រមូលផ្តុំ គាំទ្រ​ចំណាត់ការ​របស់​តុលាការ និង​ស្នើ​ឲ្យមាន​ការកាត់ទោ​សលើ​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ដោយ​សំអាង​ថា ស្ត្រី​នោះ និង​ក្រុមគ្រួសារ បាន​ប្រព្រឹត្ត​បទល្មើស វាយដំ​លើ​បុរស​២​នាក់ ឲ្យមាន​របួស។​

ផ្សាយពាណិជ្ជកម្ម

 

ប៉ូលិស​ជាង​ ​១០០ នាក់ ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ឈរ​រាំង​ផ្លូវ មិន​ឲ្យ​ស្ត្រី​អ្នកភូមិ​បឹងកក់ ដើរ​តវ៉ា​ឡើយ​។ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​សហគមន៍​បុរី​កីឡា បាន​ប្រមូលផ្តុំ ដើរចេញ​ពី​តំបន់​បឹងកក់ ដោយ​កាន់​ផ្កាឈូក បដា និង​ពាក់​មុខ រូប​ស្ត្រី ដែល​ជាប់​ឃុំឃាំង គឺ​អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី។

​ប៉ុន្តែ​ក្រុម​អ្នកភូមិ​ទាំងនោះ ត្រូវបាន​ប៉ូលិស​រារាំង​ខ្ទប់​។ ដោយ​ប្រឈម​មុខ​អស់​ជាច្រើន​ម៉ោង ទើប​ក្រុម​អ្នកភូមិ​តវ៉ា បាន​បំបែក​គ្នា។​

​សក្មជន​តវ៉ា​រឿង​ដី​នៅ​បឹង​កក់ អ្នកស្រី ទេព វ​ន្នី បាន​លើកឡើង​ថា អាជ្ញាធរ​ប៉ូលិស មាន​ភាពលម្អៀង ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នករត់​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី បាន​ជួបជុំ​ហែ​ក្បួន ទាមទារ​ឲ្យ​តុលាការ​បន្ត​ឃុំខ្លួន និង​កាត់ទោស​ស្ត្រី​អ្នកភូមិ​បឹងកក់ ដោយ​សំអាង​ថា ស្ត្រី​នោះ និង​ក្រុមគ្រួសារ បាន​វាយ លើ​បុរស​ពីរ​នាក់ ឲ្យ​រងរបួស កាលពី​សប្តាហ៍​មុន។​

​ក៏​ប៉ុន្តែ​ប៉ូលិស ដែល​បាន​រារាំង​ក្រុម​អ្នក​ភូមិ​បឹងកក់ បាន​អះអាង​ថា ការ​ឃាត់ឃាំង​មិន​ឲ្យ​អ្នកភូមិ ដើរ​ហែ​ក្បួន​តវ៉ា នៅថ្ងៃនេះ គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ។​

​យ៉ាងណាក៏ដោយ សកម្មជន​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ដែល​បាន​តាមឃ្លាំមើល​ការតវ៉ា​របស់​អ្នក​ភូមិ​បឹងកក់ បានបង្ហាញ​ការព្រួយបារម្ភ ខ្លាច​មាន​ការប៉ះទង្គិច​រវាង​អ្នក​ភូមិ និង​អ្នកភូមិ ក្នុងករណី​តវ៉ា​ពេលនេះ ដោយ​លោក​ប្រដូច​នឹង​ព្រឹត្តិការណ៍​តវ៉ា ដែល​មាន​ការប៉ះទង្គិច​គ្នា រវាងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងរដ្ឋាភិបាល កាលពីពេលកន្លងមក។
​តាម​គម្រោង នៅ​ថ្ងៃ​ចន្ទ ទី​១០​កញ្ញា​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​សហគមន៍​បុរី​កីឡា គ្រោង​នឹង​ប្រមូលផ្តុំ ដាក់​ញត្តិ នៅ​ក្រសួង​យុត្តិធម៌ និង​រដ្ឋសភា ទាមទារ​ឲ្យមាន​ការដោះលែង​ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា ពីរ​នាក់។​

​អ្នក​ភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន ពីបទ ប្រើ​អំពើហិង្សា ដោយ​ចេតនា វាយ​លើ​បុរស​ពីរ​នាក់ កាលពី​ថ្ងៃ​៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ ចំណែក​អ្នក​តវ៉ា​ដីធ្លី​ម្នាក់ទៀត នៅ​បុរី​កីឡា គឺ​អ្នកស្រី ទឹម សាក់​មុន្នី ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។​

​ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ដោយ​ថ្កោលទោស​នឹង​ការចាប់ខ្លួន​ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំងពីរ ហើយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ទាំង​ពីរ​នាក់ ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។​
​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អ្នក​បុរី​កីឡា ពិសេស​កុមារ​តូចៗ បាន​ប្រមូលផ្តុំ​តវ៉ា និង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​នានា ព្រមទាំង​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​ស្វែងរក អន្តរាគមន៍​ដោះលែង​ស្ត្រី​ទាំង​ពីរ​នាក់ ចេញពី​ពន្ធនាគារ ព្រៃ​ស។
 

​យ៉ាងណាក៏ដោយ ក្នុង​រឿង​ឃុំខ្លួន​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី នៅ​បឹង​កក់ និង​នៅ​បុរី​កីឡា​នេះ ត្រូវបាន​មន្ត្រី​តុលាការ​អះអាងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ទេ តែ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ស្ត្រី​ទាំងពីរ បាន​ប្រព្រឹត្ត​បទ​ល្មើស​ច្បាប់​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI