ខ្យល់បរិយាកាសក្រុងប៉េកាំងស្ថិតក្នុងកំរិតគ្រោះថ្នាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
៤លាន៤សែន សារអេឡិចត្រូនិច បកអាក្រាត ការបំពុលបរិយាកាស និងសម្តែងការព្រួយបារម្ភចំពោះសុខភាព ប្រឈមនឹងខ្យល់កខ្វក់នៅទីក្រុងប៉េកាំង ត្រូវបានបណ្តាជនចិនបង្ហោះផ្សព្វផ្សាយតាមបណ្តាញអ៊ីនធឺណែត ក្នុងរយៈពេលតែមួយព្រឹកថ្ងៃអង្គារទី៦ធ្នូនេះ។ ខ្យល់អាកាស និងបរិយាកាសអាប់អួខ្លាំង ពពកក្រាស់ៗ មេឃចុះអ័ព្ទឡើងស្ទើរមើលគ្នាលែងយល់ កំពុងតែគ្របដណ្តប់ក្រុងប៉េកាំងជាច្រើនថ្ងៃមកហើយ និងបានបង្កឲ្យមានការលុបចោលការហោះហើរជាច្រើនរយជើង។
បរិស្ថានមិនបរិសុទ្ធ បរិយាកាសកខ្វក់អាប់អួ បង្កឡើងដោយផ្សែងរោងចក្រឧស្សាហកម្ម រថយន្ត គឺជាប្រធានបទដ៏ចំបងបំផុត ដែលអ្នកប្រើប្រាស់អ៊ីនធឺណែត នាប៉ុន្មានថ្ងៃនេះ បានលើកយកបង្ហោះផ្សាយ នៅលើបណ្តាញណែត។ បណ្តាញអ៊ីនធឺណែត ដែលបណ្តាជនចិន ប្រើប្រាស់ជាមធ្យោបាយបញ្ចេញកំហឹង សម្តែងការមិនពេញចិត្ត សម្តែងការព្រួយបារម្ភអំពីគ្រោះថ្នាក់ចំពោះសុខភាព និងបរិហារការបំពុលបរិស្ថាន។
“ខ្យល់អាកាសក្រុងប៉េកាំងកខ្វក់ និងពុល ក្នុងកំរិតគ្រោះថ្នាក់ណាស់ !” នេះបើយោងតាមការវាយតម្លៃរបស់ស្ថានទូតអាមេរិក ប្រចាំទីក្រុងប៉េកាំង ដែលបានសិក្សាវាស់កំរិតគុណភាពខ្យល់បរិយាកាស ជាលក្ខណៈឯករាជ្យ កាលពីពីរថ្ងៃមុន។ ប៉ុន្តែសាលាក្រុងប៉េកាំងមើលស្រាលគ្រោះថ្នាក់នៃការបំពុលបរិយាកាសនេះ។
តាំងពីថ្ងៃអាទិត្យ រហូតមកដល់ថ្ងៃអង្គារនេះ ពពកក្រាស់ៗ បានគ្របដណ្តប់ក្រុងប៉េកាំង ឲ្យស្ថិតក្នុងភាពអួអាប់ ងងឹតមើលផ្លូវស្ទើរមិនឃើញ។ ជើងហោះហើរជាតិ និងអន្តរជាតិ រាប់សិបជើងត្រូវលុបចោល ព្រោះចុះអ័ព្ទខ្លាំងពេក។ ចរាចរណ៍ផ្លូវគោកត្រូវកកស្ទះខ្លាំង និងខ្លះត្រូវបិទជាបណ្តោះអាសន្ន។ មនុស្សម្នាត្រូវពាក់ម៉ាសការពារ ដើម្បីកុំឲ្យស្រូបដណ្តើមយកជាតិពុលចូលខ្លួនខ្លាំងពេក។
ក្រៅពីមជ្ឈមណ្ឌលធ្យូងថ្មធំៗដែលជាអ្នកផ្តល់ថាមពលដល់រោងចក្រឧស្សាហកម្ម ផ្សែងរថយន្ត ក៏ជាប្រភពបំពុលបរិយាកាសដ៏សំខាន់មួយដែរ។ ក្រុងប៉េកាំងមានរថយន្តធ្វើចរាចរណ៍ប្រមាណជាង៥លាន។ ហើយបន្ថែម ថ្មីប្រមាណ ២៤ម៉ឺនគ្រឿង ទៀតក្នុងមួយឆ្នាំៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ