អ្នកលួចធ្វើឲ្យលេចធ្លាយឯកសារសម្ងាត់របស់វ៉ាទីកង់ត្រូវប៉ូលិសចាប់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ពិធីបុណ្យគ្រិស្តសាសនាPentecôte នៅវ៉ាទីកង់ នៅថ្ងៃអាទិត្យទី ២៧ ឧសភានេះត្រូវបំពុលដោយរឿងអាស្រូវផ្ទៃក្នុង ដែលកើតមាន បន្ទាប់ពីមានការបែកខ្ចខ្ចាយឯកសារសម្ងាត់ របស់បុរីវ៉ាទីកង់ ទៅខាងក្រៅ។ កាលពីថ្ងៃសៅរ៍ទី ២៦ឧសភា បុរីវ៉ាទីកង់បានបញ្ជាក់ការចាប់ខ្លួនបុរស ដែលគេសង្ស័យថា ជាអ្នកលួចយកឯកសារសម្ងាត់របស់បុរីវ៉ាទីកង់ទៅឲ្យអ្នកកាសែត។ តាមអ្នកនាំពាក្យរបស់បុរីវ៉ាទីកង់ បុរសនោះគ្មានអ្នកណាក្រៅពី Paolo Gabriele ដែលជាពិធីការរបស់សម្តេចសង្ឃBenoît ទី ១៦។
ដំណឹងចាប់ខ្លួនពិធីការរបស់សម្តេចសង្ឃBenoît ទី ១៦ បានធ្វើឲ្យគេភ្ញាក់ផ្អើលមែនទែន នៅបុរីវ៉ាទីកង់ ព្រោះអ្នកដែលនៅជិតស្និទ្ធ សម្តេចសង្ឃជាងគេ បែរជាត្រូវជាប់សង្ស័យថា ជាអ្នកដែលលួចបញ្ចេញឯកសារសម្ងាត់របស់បុរីវ៉ាទីកង់ ទៅខាងក្រៅទៅវិញ។
ក្នុងអាយុ ៤៦ឆ្នាំ Paolo Gabriele បានបម្រើសម្តេចសង្ឃ Benoît ក្នុងនាមជាពិធីការ តាំងពីឆ្នាំ ២០០៦។ គាត់ជាអ្នកដែលជួយគ្រងគ្រឿងប្រចាំថ្ងៃឲ្យសម្តេចសង្ឃ Benoît។ ជាអ្នកចូលរួមក្នុងពិធីសូត្រធម៌ ឬជួបពិភាក្សាជាមួយសាធារណជន និងជាអ្នករៀបចំអាហារថ្ងៃត្រង់ ពេលល្ងាច ឲ្យសម្តេចសង្ឃ រហូតដល់ពេលលោកចូលសិង។ និយាយបែបសាមញ្ញ គឺ មួយថ្ងៃៗ Paolo Gabriele ជាមនុស្សទីមួយ និងជាមនុស្សចុងក្រោយគេដែលនៅជាមួយសម្តេចសង្ឃ។
ប៉ុន្តែ កាលពីថ្ងៃពុធ ក្នុងសប្តាហ៍នេះ ប៉ូលិសដែលស្ថិតនៅក្រោមបញ្ជារបស់គណៈកម្មាការស៊ើបអង្កេត បង្កើតជាពិសេសដោយបុរីវ៉ាទីកង់ បានឆែករកឃើញឯកសារសម្ងាត់មួយចំនួន នៅក្នុងផ្ទះរបស់ Paolo Gabriele ដែលស្ថិតនៅក្នុងបរិវេណបុរីវ៉ាទីកង់។
កាលពីដើមខែមករា ឯកសារសម្ងាត់ ដែលបង្ហាញពី អំពើពុករលួយរបស់រដ្ឋដ៏តូចមួយ នៅក្នុងប្រទេសអ៊ីតាលី បានបែកធ្លាយទៅដល់ដៃអ្នកកាសែត។ ឯកសារទាំងនោះ គឺជាសំណៅទូរលេខដែលគេផ្ញើទៅឲ្យសម្តេចសង្ឃBenoît ដែលលើកឡើងពីស្ថានភាពបង់ពន្ធរបស់វិហារគ្រិស្តសាសនា រឿងអាស្រូវផ្លូវភេទក្នុងចំណោមមន្រ្តីសង្ឃកាតូលិក។
តើPaolo Gabrieleជាមនុស្សក្បត់បុរីវ៉ាទីកង់ ឬគ្រាន់តែជាជនស្អាតស្អំម្នាក់ ដែលរងគ្រោះដោយអំពើក្បត់របស់មនុស្សមួយក្រុម នៅបុរីវ៉ាទីកង់? តាមយោបល់របស់មន្រ្តីសង្ឃ ដែលសុំមិនបញ្ចេញឈ្មោះម្នាក់ Paolo Gabriele គឺជាមនុស្សស្មោះត្រង់ និងគោរពស្រឡាញ់សម្តេចសង្ឃ Benoît។
តាមអ្នកនាំពាក្យរបស់បុរីវ៉ាទីកង់ Paolo Gabrieleតុលាការចោទប្រកាន់ពីបទលួចធ្ងន់ធ្ងរ។ បើសិនតុលាការរកភស្តុតាងបញ្ជាក់ថា គាត់ជាអ្នកលួចមែន នោះ មនុស្សជំនិតរបស់សម្តេចសង្ឃ Benoît នឹងត្រូវមានទោសជាប់គុក ៣០ឆ្នាំ ព្រោះថា លួចឯកសារសម្ងាត់របស់សម្តេចសង្ឃ ដែលជាប្រមុខរដ្ឋ គឺបទឧក្រិដ្ឋធ្ងន់ធ្ងរដែលមានន័យគំរាមកំហែងដល់សន្តិសុខរបស់រដ្ឋ។
យ៉ាងណាក៏ដោយ មន្រ្តីសង្ឃមួយចំនួននៅតែជឿថា Paolo Gabrieleអាចរងគ្រោះ ដោយ ត្រូវគេឆ្លើយទម្លាក់កំហុស។ ពាក្យចចាមអារ៉ាមខ្លះបាននិយាយពីផែនការធ្វើរដ្ឋប្រហារទម្លាក់សម្តេចសង្ឃ Benoît ដោយក្រុមនាយករដ្ឋមន្រ្តីវ៉ាទីកង់ ដែលរហូតមក មិនពេញចិត្តនឹងការដឹកនាំរបស់សម្តេចសង្ឃ Benoît។ ក្រុមទាំងនេះ ដែលជាក្រុមអភិរក្សនិយមមិនពេញចិត្តទេដែល សម្តេចសង្ឃ Benoîtបានបញ្ជាឲ្យគេរៀបចំបញ្ជី ហិរញ្ញវត្ថុវ៉ាទីកង់ ឡើងវិញ គឺធ្វើយ៉ាងម៉េចដើម្បីឲ្យសហភាពអឺរ៉ុបចាត់ចូលបុរីវ៉ាទីកង់ ចូលទៅក្នុងបញ្ជីប្រទេសដែលស្អាតស្អំ និងមិនពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ ប៉ុន្តែក្រុមអភិរក្សរិះគន់នយោបាយនេះ ព្រោះគេនៅតែចង់រក្សាបញ្ជីហិរញ្ញវត្ថុរបស់វ៉ាទីកង់ឲ្យនៅសម្ងាត់ជានិច្ច។ គំនិតខ្វែងគ្នា នេះបានឈានទៅដល់ការលាលែងតំណែងដោយបង្ខំ កាលពីថ្ងៃព្រហស្បតិ៍ របស់ប្រធានធនាគារវ៉ាទីកង់ ដែលសម្តេចសង្ឃ Benoît ធ្លាប់បានចាត់តាំងឲ្យរៀបចំបញ្ជីហិរញ្ញវត្ថុរបស់វ៉ាទីកង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ