អានតួអត្ថបទ
ស្រីលង្កា-ចិន

ស្រីលង្កា​សម្ពោធ​ប្រើ​កំពង់ផែ​កុងតឺណឺ​យក្ស​​កូឡុំបូ​​ ឧបត្ថម្ភ​​ដោយ​​ចិន​​

នាវា​ផ្ទុក​កុងតឺណឺ​ នៅ​ស្រីលង្កា​ ក្នុង​ថ្ងៃ​សម្ពោធ​ដំណើរការ​កំពង់ផែ​យក្ស​
នាវា​ផ្ទុក​កុងតឺណឺ​ នៅ​ស្រីលង្កា​ ក្នុង​ថ្ងៃ​សម្ពោធ​ដំណើរការ​កំពង់ផែ​យក្ស​ REUTERS/Stringer
ដោយ៖ ព្រំ សឿន សូលីណា
1 នាទី

នៅ​ថ្ងៃ​ចន្ទ​នេះ ​ប្រទេស​ស្រីលង្កា​បាន​សម្ពោធដាក់​ដំណើរការ​​​កំពង់​ផែ​កុងតឺណឺកូឡុំបូ​ ដ៏​មហាសាល​​​របស់​ខ្លួន​​​​​​ដែល​មាន​ទំហំ​​ទឹកប្រាក់​ ៥០០លាន​ដុល្លារ។ កំពង់​ផែ​នេះ​មានទីតាំង​​នៅ​ពាក់កណ្តាល​ផ្លូវ​ពាណិជ្ជកម្ម​រវាង​ប៉ែក​​បូព៌ា និង​បស្ចិម អាច​ទទួលនាវា​កុងតឺណឺ​យក្ស​ច្រើនគ្រឿង និង​អាច​ទទួល​​​កុងតឺណឺ​បានរហូត​​​​១ម៉ឺន​៨ពាន់។ ​​កំពង់​ផែ​នេះ​ កំណត់​​ដំណាក់​កាល​សំខាន់នៃ​​​​ពាណិជ្ជកម្ម​ផ្លូវទឹក​ ​សំរាប់​ប្រទេស​ស្រីលង្កា។ ដោយឡែក ចិន​ដែល​បាន​​​ឧបត្ថម្ភ​​កំពង់ផែ​នេះ​​ ក៏​នឹង​​ទទួល​​បាន​ប្រយោជន៍​​សេដ្ឋកិច្ច​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

ការ​​សម្ពោធ​ដាក់អោយ​ប្រើ​កំពង់ផែ​កុងតឺណឺ​អន្តរជាតិ​កូឡុំបូដ៏​មហិមា នៅ​ប្រទេស​ស្រីលង្កា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ភាព​របស់​​ប្រធានាធិបតី​ស្រីលង្កា​ ម៉ាហ៊ីនដា រ៉ាចាប៉ាក់សេ ហើយ​ថែម​ទាំង​​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ទៀតផង។ ក្នុង​តំលៃ​ទឹកប្រាក់​៥០០លាន​ដុល្លារ កំពង់ផែ​កុងតឺណឺ​យក្ស​​នេះ ស្ថិត​នៅ​ពាក់កណ្តាល​ផ្លូវ​ពាណិជ្ជកម្ម​​រវាង​ប៉ែក​បូព៌ា និង​បស្ចិម ហើយ​អាច​ទទួល​​នាវា​ផ្ទុក​កុងតឺណឺ​យក្ស​នានា ដែល​ផ្ទុក​កុងតឺណឺ​បាន​រហូត​ដល់​១ម៉ឺន​៨ពាន់ទៀតផង។ កំពង់​ផែ​នេះ មាន​ប្រព័ន្ធការពារ​ដែល​អាច​ធន់​នឹង​រលកយក្ស​ស៊ូណាមី​បាន។

អាជ្ញាធរ​កំពង់ផែ​ស្រីលង្កា​ចង់​ពង្រីក​​កំពង់​ផែ​នេះ​អោយ​ធំ​ថែមទៀត ដើម្បីអាច​អោយ​ប្រជាជន​ស្រីលង្កា ទទួល​បាន​​ផលប្រយោជន៍​សេដ្ឋកិច្ច​នៅ​ទីនោះ។ ក្រុមហ៊ុនសាធារណៈ​​​ចិន​ឈ្មោះ China Merchant Holdings International កាន់កាប់​កំពង់​ផែ​នេះ​៨៥ភាគរយ ហើយ​១៥ភាគរយ​នៅសេសសល់ គឺ​ខាង​អាជ្ញាធរ​កំពង់ផែ​ស្រីលង្កា​ជាអ្នកកាន់កាប់។

ក្នុង​ការ​ចេញមុខ​ឧបត្ថម្ភកំពង់ផែ​ស្រីលង្កា​នេះ ​​ក្រុងប៉េកាំង​អាច​នឹង​ទទួល​ប្រយោជន៍​សេដ្ឋកិច្ច​ខ្ពស់ ព្រោះ​ថា​​កំពង់​ផែ​នេះ​ស្ថិត​នៅ​ត្រឹម​តែ​ពាក់កណ្តាល​ផ្លូវ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ប៉ុណ្ណោះ។ ដូច្នេះ វា​នឹង​សំរួល​ការចេញចូល​របស់​​នាវា​ចិនផ្សេងៗ​នៅ​ទីនោះ។

ការវិនិយោគ​របស់​ចិន​នៅ​កំពង់ផែ​ស្រីលង្កា​នេះ បាន​ធ្វើ​អោយ​ឥណ្ឌា​មាន​ការ​ព្រួយ​បារម្ភ។ ឥណ្ឌា​​មាន​កំពង់ផែ​ធំៗ​ចំនួន​ពីរ​ ប៉ុន្តែ​ជម្រៅ​ទឹក​មិន​ជ្រៅ​ដើម្បី​ទទួល​​នាវា​ដឹក​កុងតឺណឺ​យក្ស​​​អោយ​ចូលចត​បាន​នោះទេ។ ទោះ​យ៉ាងនេះ​ក្តី អាជ្ញាធរ​​កំពង់ផែ​ស្រីលង្កា​​រំពឹង​ថា ឥណ្ឌា​ក៏​អាច​ទទួល​ប្រយោជន៍​ពី​កំពង់​ផែ​កូឡុំបូ​ដែរ ហើយ​កប៉ាល់​ឥណ្ឌា​នានា​​នឹង​ចំណេញ​ពេល​វេលាធ្វើដំណើរ​​​​៤ថ្ងៃ នៅ​ពេល​ឆ្លងកាត់​ប្រទេស​ស្រីលង្កា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ