រុស្ស៊ី

នយោបាយ​ហិរញ្ញវត្ថុ​សហព័ន្ធ​រុស្ស៊ី​សម្រាប់​៣​ឆ្នាំ​ចំពោះ​មុខ​

លោក​ប្រធានាធិបតី​ពូទីន ថ្លែង​សារ​ស្តីអំពី​ថវិកា​រដ្ឋ​សម្រាប់​ឆ្នាំ​២០១៣-២០១៤​​នៅ​វិមាន​ក្រេម​ឡាំង
លោក​ប្រធានាធិបតី​ពូទីន ថ្លែង​សារ​ស្តីអំពី​ថវិកា​រដ្ឋ​សម្រាប់​ឆ្នាំ​២០១៣-២០១៤​​នៅ​វិមាន​ក្រេម​ឡាំង RFI/Keo Chhaya

ថ្ងៃ​​នេះ ​នៅ​​​វិមាន​​ក្រេមឡាំង ​លោក​​ប្រធានាធិបតី​​រុស្ស៊ី ​​ពូទីន​ថ្លែង​​សារ​​ស្តី​​អំពី​​ថវិកា​​រដ្ឋ​សម្រាប់​​ឆ្នាំ​​២០១៣​-២០១៥។ ​តាម​​រយៈ​​សារ​​នេះ​ដែល​​ថ្លែង​​ទៅ​​កាន់​​រដ្ឋាភិបាល​ ប្រធាន​​សភា​​ទាំង​​២​​ជាន់ ​អគ្គ​​ទេសា​ភិបាល​​ធនាគារ​​ជាតិ ​ប្រធាន​​បណ្ឌិត​​សភា​​វិទ្យាសាស្ត្រ​ លោក​​ពូទីន ​សង្កត់​​ធ្ងន់​​លើ ​ការ​លើក​គុណភាព​នៃ​យុទ្ធសាស្ត្រ​គ្រប់​គ្រង​សេដ្ឋកិច្ច​និង​ ហិរញ្ញ​វត្ថុ​​សាធារណៈ។​​

ផ្សាយពាណិជ្ជកម្ម

ជា​បឋម​ គួរ​និយាយថា​សារ​ប្រធានាធិបតី ​ស្តីអំពី​ថវិកា​នឹង​ត្រូវ​រដ្ឋាភិបាល​ទទួល​ យក​ជាគ្រឹះ​មូលដ្ឋាន​នៅ​ពេល​តាក់តែង​គម្រោង​ថវិកា​សហព័ន្ធ​សម្រាប់​៣​ឆ្នាំ​ចំពោះមុខ។​គឺ​ចាប់​ពី​ឆ្នាំ​២០០៩​មក​ដែល​ប្រធានាធិបតី​ តែង​លាត​ត្រដាង​ចំណុច​គន្លឹះៗ​នៃ​ថវិកា​ទៅ​កាន់​ រដ្ឋាភិបាល​និង​រដ្ឋសភា។

ឧទាហរណ៍ ឆ្នាំមុន ក្នុងសារបែបនេះ លោកប្រធានាធិបតីមេដវេដេវ បានកំណត់ទិសដៅគន្លឹះ ចំនួន១២ សម្រាប់ថវិកា ឆ្នាំ២០១២-២០១៤ ដែលពីក្នុងនោះ គួរឲ្យចាប់អារម្មណ៍ជាងគេ គឺ ការ​កាត់​បន្ថយ តួនាទីរបស់រដ្ឋ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។

ឥឡូវ ការពិភាក្សាអំពីនយោបាយថវិកាសម្រាប់៣ឆ្នាំទៅមុខ ប្រព្រឹត្តទៅយ៉ាងសកម្ម គឺក្នុងផ្ទៃ នៃការរង់ចាំវិបត្តិ ដែលអាចឈានមកដល់ គឺក្នុងឆ្នាំក្រោយទៅហើយ។ ម៉្លោះហើយ បានជា រដ្ឋាភិបាលគ្រោង​ទុកជាមុនក្នុងថវិកាឆ្នាំ២០១៣ នូវធនធានបម្រុង ក្នុងករណីបើវិបត្តិ កើត​ឡើង​មែន។

វិធានការសម្រាប់ប្រឈមនឹងវិបត្តិ មាន៤ចង្កោម ៖
ចង្កោមទី១- ដើម្បីរក្សាស្ថិរភាពសង្គម គឺបន្តដំឡើងប្រាក់ខែ ដល់ការីការិនី ដែលធ្វើការដោយ ពឹងផ្អែកតែលើថវិការដ្ឋនិង ដល់អ្នកចូលសោធននិវត្តន៍។
ចង្កោមទី២- គឺគាំទ្រដល់សហគ្រាស រោងចក្រណាដែលជាសសរទ្រូង របស់រដ្ឋ។
ចង្កោមទី៣- គឺគាំទ្រដល់ធនាគារ ឲ្យនៅដំណើរការ យ៉ាងរលូន។
ចង្កោមទី៤- គឺ វិធានការនៃនយោបាយថវិកា ខាងបង្កើតឡើងជាធនធានបម្រុង ទំហំ ៥០០ពាន់លានរូប្ល ឫ ប្រមាណ ១៦ពាន់លានដុល្លារ។

ដោយហេតុថា ថវិការុស្ស៊ី​អាស្រ័យផងដែរ នឹងចំណូលបានមកពីការលក់ប្រេងឆៅ លើទីផ្សារ ពិភពលោក បានជារដ្ឋាភិបាល គ្រោងទុកតម្លៃប្រេងនោះ សម្រាប់ឆ្នាំ ២០១៣ គឺថ្លៃ ៩៧ដុល្លារ ក្នុង១បារីល , សម្រាប់ឆ្នាំ២០១៤ គឺដល់ទៅ ១០១ដុល្លារ ក្នុង១បារីល ដែលមាន១៥៩លីត្រ។
ប៉ុន្តែទន្ទឹមនេះ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី មានវិធានការបម្រុងទុកជាស្រេច ខណៈដែល តម្លៃប្រេងនោះ នឹងធ្លាក់ដល់ ៦០ ដុល្លារក្នុង១បារីល។

គួរនិយាយថា ថវិការុស្ស៊ីសម្រាប់ឆ្នាំ២០១២នេះ មានខ្ទង់ចំណូល ៣៧០ពាន់លានដុល្លារ និង ខ្ទង់ចំណាយ ៤០០ពាន់លានដុល្លារ។
 

រីឯ ថវិកា៣ឆ្នាំចំពោះមុខ ក៏បង្កើតឡើងតាម គោលការណ៍សម្រាប់សមិទ្ធិ កម្មវិធីរដ្ឋចំនួន៤១ ពីក្នុងនោះ ទើបអនុម័តបាន២ កាលពីខែមេសាកន្លងទៅ។ សល់ពីនេះ ត្រូវអនុម័តឲ្យបាន គឺមុន ថ្ងៃ៣០សីហាខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI