ចិន-រុស្ស៊ី

លោកពូទីន​ទៅ​ប្រទេស​ចិន​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​នយោបាយ​

លោក​ប្រធានាធិបតី​​រុស្ស៊ី ​​​​ពូទីន ​និង​​​លោក​ប្រធានាធិបតី​ចិន​ ​ហ៊ូ​ ជិនតាវ​ នៅ​ទីក្រុង​ប៉េកាំង
លោក​ប្រធានាធិបតី​​រុស្ស៊ី ​​​​ពូទីន ​និង​​​លោក​ប្រធានាធិបតី​ចិន​ ​ហ៊ូ​ ជិនតាវ​ នៅ​ទីក្រុង​ប៉េកាំង © Reuters

លោក​ប្រធានាធិបតី​រុស្ស៊ី​វ៉ា្លឌីមារ​​ពូទីន​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ប៉េកាំង​នៅ​ព្រឹក​ថ្ងៃអង្គារ​ទី៥​មិថុនា​ឆ្នាំ២០១២នេះ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ចំនួន​បីថ្ងៃ​ក្នុង​គោល​បំណង​ពង្រឹង​ចំណង​សម្ព័ន្ធភាព​ចិន-រុស្ស៊ី។​ សម្ព័ន្ធភាព​ចិន-រុស្ស៊ី​ដ៏មាន​សារៈ​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ក្នុង​វិស័យ​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​រុស្ស៊ី​វ៉ា្លឌីមារ​​ពូទីន​នឹងត្រូវ​ទទួល​ដោយ​លោក​ប្រធានាធិបតី​ចិន​ហ៊ូ​ ជិនតាវ​ នៅ​រសៀល​ថ្ងៃអង្គារ​ទី៥​មិថុនា​ឆ្នាំ២០១២។​ នៅក្នុង​វិស័យ​នយោបាយ​ ​ លោក​ប្រមុខរដ្ឋ​ចិន​និង​លោក​​ប្រមុខរដ្ឋ​រុស្ស៊ី​ត្រូវ​ចរចា​រិះរក​ជំហរ​នយោបាយ​សម្រប​សម្រួល​គ្នាមួយ​នៅ​ចំពោះមុខ​ស្ថានការណ៍​ដ៏ហិង្សា​នៅ​ប្រទេស​ស៊ីរី​និង​នៅ​ចំពោះមុខ​ស្ថានការណ៍​ដ៏​តានតឹង​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​នៃ​ប្រទេស​អ៊ីរ៉ង់។

 
នៅក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ​ ​ សហប្រតិបត្តិការ​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​សង្កត់​ធ្ងន់​ជាបឋម​ទៅលើ​វិស័យ​ប្រេងឥន្ធនៈ​។​ ដោយហេតុថា​ ​ ប្រទេស​រុស្ស៊ី​ជា​ប្រទេស​ផលិត​ប្រេងកាត​ធំ​ជាងគេ​ក្នុង​លោក​ ​ ហើយ​ប្រទេសចិន​វិញ​ជា​ប្រទេស​ត្រូវការ​ប្រើ​ប្រេង​ឥន្ធនៈ​ច្រើន​ជាងគេ​នៅលើ​ពិភពលោក​យើងនេះ។

គួរ​បញ្ជាក់ថា​ ​ ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​បាន​ធ្វើការ​ចរចាគ្នា​ជាច្រើនឆ្នាំ​មកហើយ​ ​ ដើម្បី​ចុះ​ហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ផ្តល់​ឧស្ម័ន​រុស្ស៊ី​ឲ្យ​ប្រទេសចិន​ប្រមាណ​៧០ពាន់លាន​ម៉ែត្រគុប​ក្នុង១ឆ្នាំៗ​សម្រាប់​រយៈកាល​៣០ឆ្នាំ​ខាងមុខនេះ។

ក៏​ប៉ុន្តែ​ចាប់តាំង​ពី​ឆ្នាំ២០០៩​និង​ក្រោយ​ពីបាន​ចុះ​ហត្ថលេខា​ទៅលើ​ “កិច្ចព្រមព្រៀង-ក្របខណ្ឌ”​មួយ​រួចមក​ ​ គេពុំឃើញ​មាន​ការ​រីក​ចម្រើន​អ្វីឡើយ។​ ទាំងនេះ​ ក៏​ពីព្រោះ​តែ​ភាគីចិន​និង​ភាគី​រុស្ស៊ី​ពុំ​ចុះ​សម្រុង​នឹងគ្នា​ពី​បញ្ហា​តម្លៃ​ឧស្ម័ន។

ក្រៅពី​វិស័យ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ ​ ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​គ្រោង​មាន​សហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍ​វិស័យ​ផលិត​យន្តហោះ​សម្រាប់​ធ្វើការ​ហោះហើរ​មាន​ចម្ងាយឆ្ងាយ​ ​ ដែលទាំងនេះ​អាច​ធ្វើឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប​ Airbus ​ហើយនិង​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិកាំង​ Boeing ​នៅពេល​អនាគត​ខាងមុខ។​ សហប្រតិបត្តិការ​ចិន-រុស្ស៊ី​ក្នុង​វិស័យ​ផលិត​យន្តហោះ​នេះ​ប្រហែលជា​នឹង​អាច​ត្រូវគេ​ប្រកាស​ឲ្យដឹង​នាឱកាស​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​វ៉ា្លឌីមា​ពូទីន​នៅ​ទីក្រុង​ប៉េកាំងនេះ។

គួរកត់​សម្គាល់ថា​ ​ ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ខែមេសា​កន្លង​ទៅថា​ ​ គេ​នឹង​បង្កើត​ឲ្យ​មាន​ចាប់ពី​ពេលនេះ​ទៅទល់​ចុងខែ​មិថុនា​ខាងមុខនេះ​នូវ​ “មូលនិធិ​សម្រាប់​វិនិយោគ​រួមគ្នា”​ មួយ​ដែលមាន​ទឹកប្រាក់​ប្រមាណ​៤ពាន់លាន​ដុល្លារ​ ​ សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​វិស័យ​ដឹកជញ្ជូន។

ដូច្នេះ​ឃើញថា​ ​ កិច្ចចរចា​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី​វ៉ា្លឌីមារ​​ពូទីន​និង​លោក​ប្រធានាធិបតី​ចិន​ហ៊ូ​ ជិនតាវ​ ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ ពុំមែន​មានតែ​នៅក្នុង​វិស័យ​ថាមពល​និង​ប្រេង​ឥន្ធនៈ​ប៉ុណ្ណោះឡើយ។

ជំនួប​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​នៃ​ទីក្រុង​សៀងហៃ​ L’Organisation de Coopération de Shanghaï (OCS) មាន​សារៈ​សំខាន់​ណាស់​​សម្រាប់​ប្រទេសចិន​និង​ប្រទេស​រុស្ស៊ី​ ​ ដោយហេតុថា​ អង្គការ​សហប្រតិបត្តិការ​នៃ​ទីក្រុង​សៀងហៃ​នេះ​អាច​ជាកម្លាំង​មួយ​សម្រាប់​ធ្វើការ​ទប់ទល់​នឹង​ “ឥទ្ធិពល”​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ី​កណ្តាល។

លោក​ពូទីន​ដែល​ត្រូវ​ចូល​រួម​ប្រជុំ​ជំនួប​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​នៃ​ទីក្រុង​សៀងហៃ​នៅ​ថ្ងៃពុធ​និង​នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​នេះ​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ ម៉ាហ៍មូឌ​​ អាហ៍ម៉ាឌីណេចាដ​ ​ ក្នុង​ខណៈពេល​ដែល​ភាព​តានតឹង​កំពុង​កើតមាន​ដោយហេតុតែ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេហេរ៉ង់​ ​ ហើយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ក៏នឹង​ជួប​ពិភាក្សា​ពី​បញ្ហា​ដ៏​ក្តៅគគុក​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​ជាមួយ​លោក​ប្រធានាធិបតី​ហាមីឌ​ការហ្សៃ​ផងដែរ។

សូមបញ្ជាក់ថា​ ​ អង្គការ​សហប្រតិបត្តិការ​នៃ​ទីក្រុង​សៀងហៃ​ L’Organisation de Coopération de Shanghaï (OCS)​ មាន​ប្រទេស​ចិន​ ​ ប្រទេស​រុស្ស៊ី​ ​ និង​អតីត​សាធារណរដ្ឋ​សូវៀត​បួន​ជា​សមាជិក​ដែល​ក្នុងនោះ​មាន៖​ ប្រទេស​Kazakhstan Ouzbekkistan Tadjikistan ​និង​Kirghizstan ។​ ចំណែកឯ​ប្រទេស​អ៊ីរ៉ង់វិញ​ មានឋានៈ​ជាប្រទេស​អ្នក​សង្កេតការណ៍​នៃ​ អង្គការ​សហប្រតិបត្តិការ​នៃ​ទីក្រុង​សៀងហៃ​ L’Organisation de Coopération de Shanghaï (OCS)​ ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​បីទៀត​ចូល​រួម​ផងដែរ​ជា​អ្នក​សង្កេតការណ៍។

លោក​ប្រធានាធិបតី​រុស្ស៊ី​វ៉្លាឌីមារ​ពូទីន​ដែល​បាន​បដិសេធ​ពុំ​ចូលរួម​ជំនួប​កំពូល​ G8 ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ ​ ហើយ​ងាក​មក​ចួលរួម​ជំនួប​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​នៃ​ទីក្រុង​សៀងហៃ​យ៉ាង​ដូច្នេះ​ ​ ពិតជា​បង្ហាញថា​ លោកពូទីន​បាន​ឲ្យ​សារៈសំខាន់​ទៅលើ​ជំនួប​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​នៃ​ទីក្រុង​សៀងហៃ​ ច្រើន​ជាង​ជំនួប​កំពូល​ G8 ​នៅ​សហរដ្ឋ​អាមេរិក​។

លោក​ប្រធានាធិបតី​រុស្ស៊ី​វ៉្លាឌីមារ​ពូទីន​បាន​ថ្លែង​នៅពេល​ថ្មីៗ​កន្លង​ទៅនេះ​ឲ្យ​ដឹងពី​ “លក្ខណៈ​ដ៏​ល្អប្រសើរ”​ នៃ​ទំនាក់​ទំនង​រវាង​ប្រទេសចិន​និង​ប្រទេស​រុស្ស៊ី។​ ប្រទេសចិន​ជាដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​ប្រទេស​រុស្ស៊ី​។​ ហើយទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​ក៏ជា​អ្នកគាំទ្រ​និង​ការពារ​ប្រទេស​ស៊ីរី​ ​ ក្នុងការ​ប្រឆាំង​ទល់នឹង​រាល់​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ផងទៀត​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ទល់នឹង​ទង្វើ​ហិង្សា​ដ៏​ឃោរឃៅ​នៃ​របបផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ​នៅ​ប្រទេស​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI