រុស្ស៊ី

នៅទីបំផុត លោក ពូទីន ផ្ទាល់ បាន​ឆ្លើយ​តប​នឹង​ការទាមទារ​របស់​ពួក​ប្រឆាំង

បើមកទល់ឥឡូវ គឺ​តែ​អ្នក​នាំ​ពាក្យ​ផ្លូវការ​របស់​គាត់ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​នោះ នា​រសៀល​ម្សិលមិញ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ពូទីន ផ្ទាល់ បាន​ថ្លែង​ថា ការទាមទារ​បន្លឺ​ឡើង ដោយ​អង្គ​មិទ្ទិញ​ប្រឆាំង​ឲ្យ​ធ្វើការ​បោះឆ្នោត​សភា​ឡើង​វិញ គឺ​មិន​អាច​ប្រព្រឹត្ត​ទៅ​កើត​ឡើយ។ ទន្ទឹមនេះ លោក ពូទីន ”បុរស​ខ្លាំង” នៅ​រុស្ស៊ី និង​ជា​បេក្ខជន​សម្រាប់​វិល​ត្រឡប់​ទៅ​កាន់​អំណាច​កំពូល​នៅ​វិមាន​ក្រេមឡាំង​វិញ និង​លោក​ប្រធានាធិបតី​មេដវេដេវ ដែល​ក្នុង​ឆ្នាំ​ក្រោយ នឹង​ឆ្លង​ទៅ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​វិញ កំពុង​នាំ​មន្ត្រី​ជាក្រុម​ខ្លួន​ទៅ​ជាមួយ សម្រាប់​បង្ក​លក្ខណៈ ទុក​ជាមុន។

នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក Vladimir Poutine (ស្តាំ) និង​ប្រធានាធិបតី លោកDmitri Medvedev រូប​ថត​ថ្ងៃ​ទី​៤​ធ្នូ ២០១១
នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក Vladimir Poutine (ស្តាំ) និង​ប្រធានាធិបតី លោកDmitri Medvedev រូប​ថត​ថ្ងៃ​ទី​៤​ធ្នូ ២០១១ © Reuters / Yuri Kochetkov
ផ្សាយពាណិជ្ជកម្ម

ថ្លែង​រសៀល​ម្សិលមិញ លោក ពូទីន បាន​ឆ្លើយ​ដោយ​សំដី​ប្តូរផ្តាច់ ទៅ​ពួក​ប្រឆាំង​ថា ៖ ការទាមទារ​ឲ្យ​សើ​រើ​លទ្ធផល​បោះឆ្នោត​សភា​នោះ គឺ​មិន​អាច​យក​ជា​ការ​ឡើយ ពីព្រោះ​សភា​ឌូម៉ា​នីតិកាល​ទី​៦ ដែល​ជ្រើសរើស​ឡើង​ដោយ​ការបោះឆ្នោត​នោះ កំពុង​ដំណើរការ​ទៅ​ហើយ ថែម​ទាំង​មាន​ជ្រើស​តាំង​ឡើង​ជា​ប្រធាន​សភា​នេះ​ទៅ​ផង។ ហើយ​មាន​ផ្សំ​បាន​ស្រេច​បាច់​ទៅ​ដែរ ជា​ក្រុម​តំណាងរាស្ត្រ​៤​ក្រុម សរុប​ទៅ ៤៥០​នាក់ របស់​គណបក្ស​ទាំង​៤ ដែល​បាន​ទទួល​អាសនៈ​ប្រចាំ​ក្នុង​សភា​នីតិកាល​លើក​នេះ។

តាម​លោក ពូទីន បើ​សិន​ជា មាន​ភាព​មិន​ប្រក្រតី​អ្វី​ណា​កើត​ឡើង​ក្នុង​ការ​បោះឆ្នោត​នោះ គឺ ចាំបាច់​ត្រូវ​តែ​ប្តឹង​ទៅ​តុលាការ​ទៅ។ តុលាការ​មាន​កាតព្វកិច្ច​ចេញ​សេចក្តី​សម្រេចចិត្ត ដែល​ត្រឹមត្រូវ​ជា​សត្យានុម័ត។

អំពីពួកប្រឆាំងផ្ទាល់ លោកពូទីន បាន​រិះគន់​ថា ពួក​នោះ​គ្មាន​កម្មវិធី​អ្វី​ណា​ច្បាស់​លាស់ សម្រាប់​ប្រទេស​ជាតិ​ឡើយ ហើយ​ថែម​ទាំង​មិន​ដឹង​ឯ​ណា តើ​តាម​វិធី​ណា​ដែល​គេ​អាច​សមិទ្ធិ​គោលដៅ​របស់​គេ​នោះ។ សម្រាប់​ពួក​គេ​គឺ ងាយ​ស្រួល​បំផុត ដើរ​តាម​ផ្លូវ​កាត់​ហើយ​ប្រកាស​ការបោះឆ្នោត​កន្លង​ទៅ​ថា ”មិន​ស្រប​ច្បាប់” ដូច្នេះ គឺ​បន្ថោក​បន្ទាប​អ្នក​ស្រុក​ម្ចាស់​ឆ្នោត ដែល​ខំ​បញ្ចេញ​សំឡេង​ខ្លួន​ក្នុង​ការបោះឆ្នោត​នោះ។

ទាក់ទង​នឹង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ខែ​មីនា​ខាងមុខ លោក ពូទីន បាន​រំលឹក​ជា​ថ្មី អំពី​បទ​បញ្ជា​គាត់​ឲ្យ​ដំឡើង Web-Camera នៅ​តាម​គ្រប់​តែ​ការិយាល័យ​បោះឆ្នោត​ជាង​៩​ម៉ឺន​កន្លែង ដើម្បី​ឲ្យ​ប្រជាជន​ទាំងមូល បូក​ទាំង​ពួក​ប្រឆាំង​ផង អាច​តាម​ដាន​ពិនិត្យ អំពី​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការបោះឆ្នោត គ្រាន់​នឹង​បញ្ចៀស​កុំ​ឲ្យ​មាន​សំដី​ចោទ​ប្រកាន់ អំពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​អ្វី​ណា​ទៀត​ឡើយ។ លោក ពូទីន គូស​បញ្ជាក់​ថា លុះ​ណា​តែ​មាន​ការគាំទ្រ​មែន​ពិត​ពី​ប្រជាជន ទើប​ប្រធានាធិបតី​ឈ្នះ​ឆ្នោត មាន​តម្លៃ​សក្តិសម ជា​អ្នក​ដឹកនាំ​ប្រទេស។

គឺក្នុង​ផ្ទៃ​នៃ​ការប្រែប្រួល​អំណាច រវាង លោក​ពូទីន ដែល​នឹង​ឆ្លង​ទៅ​ធ្វើ​ជា​ប្រធានាធិបតី និង លោក​ មេដវេដេវ ដែល​នឹង​ឆ្លង​ទៅ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​វិញ ដែល​ម្សិលមិញ លោក​ មេដវេដេវ ទាន់​នៅ​ជា​ប្រធានាធិបតី​នៅ​ឡើយ បាន​ចេញ​ក្រិត្យ ដក​គ្នីគ្នា​គាត់​ម្នាក់​គឺ​លោក Vladislav Sourkov ចេញ​ពី​តំណែង​ជា​នាយករង​ទី​១​នៃ​ខុទ្ទកាល័យ​វិមាន​ក្រេមឡាំង ទៅ​ធ្វើ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ជា​មុន​ស្រេច ដែល​ទទួល​បន្ទុក​ខាង​មុខ​ព្រួញ​ធ្វើ​ទំនើបកម្ម​ប្រទេស​រុស្ស៊ី ជា​អាទិភាព​មួយ​នៃ​នយោបាយ​លោក​មេដវេដេវ ស្រាប់។

ចំណែក​លោកពូទីន បាន​ដក​នាយក​ខុទ្ទកាល័យ​រដ្ឋាភិបាល​គាត់​សព្វ​ថ្ងៃ គឺ​លោក Vyacheslav Volodine ឲ្យ​ទៅ​ធ្វើការ​ជា​នាយក​ទី​១​នៃ​ខុទ្ទកាល័យ​វិមាន​ក្រេមឡាំង នៅ​ទន្ទឹម​នឹង​លោក Serguei Ivanov ជា​នាយក​ថ្មី​នៃ​ខុទ្ទកាល័យ​នេះ​ប្រចាំ​ជា​មុន​ស្រេច​ក្នុង​វិមាន​ក្រេមឡាំង ដោយ​អ្នក​ទាំងពីរ សុទ្ធ​តែ​ជា​មនុស្ស របស់​លោក​ពូទីន​ផ្ទាល់៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI