កម្ពុជា​-ថៃ

ថៃ​សុំ​ពន្យារ​ពេល​បើក​ច្រក​ព្រំដែន​ព្រះវិហារ

ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែន​​ប្រាសាទ​ព្រះវិហារ
ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែន​​ប្រាសាទ​ព្រះវិហារ រូបថត ៖ សុវណ្ណារ៉ា/RFI

ការ​បើក​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ខាង​មុខ​នេះ ត្រូវ​បាន​ពន្យារ​ពេល​រហូត​ដល់​មួយ​ខែ​ទៀត នេះ​បើ​តាម​ប្រភព​មន្ត្រី​រដ្ឋាភិបាល។ បើ​ទោះ​ជា គម្រោង​បើក​ច្រក​ព្រំដែន​ត្រូវ​បាន​ស្នើ​សុំ​ពន្យារ​ដោយ​ភាគី​ថៃ​ក៏​ពិត​មែន ប៉ុន្តែ​ការ​សម្រួល​ស្ថានការណ៍​នៅ​តាម​ព្រំដែន នៅ​តែ​ត្រូវ​អនុវត្ត ដើម្បី​កុំ​អោយ​មាន​ភាព​តានតឹង ក្នុង​ពេល​បើក​ច្រក​ព្រំដែន​នៅ​ថ្ងៃ​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​អោយ​ដឹង​ថា ចុង​ក្រោយ​នេះ​ភាគី​ថៃ​បាន​ស្នើ​សុំ​មក​ភាគី​កម្ពុជា​ ដើម្បី​ពន្យារ​ថ្ងៃ​បើក​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​រហូត​ដល់​ពេល​មួយ​ខែ​ទៀត។ ការ​បើក​ច្រក​ព្រំដែន​ដ៏​ចម្រូងចម្រាស​មួយ​នេះ ត្រូវ​បាន​កំណត់​ដោយ​ភាគី​ទាំងពីរ​សម្រាប់​ថ្ងៃ​ទី​៥​ធ្នូ។ មន្ត្រី​ដដែល​មិន​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​នៅ​ពីក្រោយ​ការ​ស្នើ​សុំ​របស់​ភាគី​ថៃ ក្នុង​ការ​លើក​ពេល​បើក​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ទេ។ មន្ត្រី​រូប​នេះ គ្រាន់​តែ​បង្ហើប​ថា ភាគី​ថៃ​បាន​ដាក់​លក្ខខណ្ឌ​ដែល​កម្ពុជា​មិន​អាច​ទទួល​យក​បាន។ គួរ​បញ្ជាក់​ថា ការ​ស្នើ​បើក​ច្រក​ព្រំដែន​នេះ​ឡើង​វិញ ត្រូវ​បាន​ផ្តើម​ដោយ​ភាគី​ថៃ។

            កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ​បាន​ថ្លែង​ថា ក្របខ័ណ្ឌ​នៃ​ការ​បើក​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ ត្រូវតែ​ធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌ​ដែល​ថា ប្រាសាទ​ព្រះវិហារ​គឺ​ជា​របស់​ខ្មែរ និង​ស្ថិត​នៅ​ក្នុង​អធិបតេយ្យ​​របស់​ខ្មែរ។

លោក​នាយ​ឧត្តមសេនីយ​ ជា តារា​ បាន​ថ្លែង​ពី​ប្រាសាទ​ព្រះវិហារ​មក​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ពន្យារ​ពេល​នៃ​ការ​បើក​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នោះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោក​កំពុង​ធ្វើ​ការងារ​ជាមួយ​កង​យោធពល​ខេមរ​ភូមិន្ទ​ថៃ ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​សភាពការណ៍​អោយ​កាន់​តែ​ធូរស្រាល​ឆ្ពោះ​ទៅ​រក​ការ​បើក​ច្រក​ព្រំដែន​នោះ។

            ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ដដែល កាសែត​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​អោយ​ដឹង​នៅ​ថ្ងៃ​អង្គារ​​នេះ​ថា គណៈកម្មការ​ចម្រុះ រដ្ឋសភា​និង​ព្រឹទ្ធសភា​ថៃ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សិក្សា​អំពី​កំណត់ហេតុ​ទាំង​បី​ទាក់ទង​នឹង​ការ​ចរចា​ព្រំដែន​កម្ពុជា​ថៃ​កន្លង​មក​នោះ នឹង​ស្វែង​រក​ការ​ពន្យារ​ពេល​រហូត​ដល់​៩០​ថ្ងៃ​ថែម​ទៀត​ដើម្បី​សិក្សា​លើ​ឯកសារ​ទាំងបី​នេះ។ ការ​សម្រេច​របស់​ក្រុម​សភា​ថៃ​នេះ បាន​ត្រឹម​តែ​ធ្វើ​អោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា រិះ​គន់​ភាគី​ថៃ​ថា មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI