លោក ហោ ណាំហុង នឹងដឹកនាំប្រតិភូស្តាប់សាលដីកាឡាអេនៅថ្ងៃទី១១វិច្ឆិកា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួនស្តីពីបញ្ហាព្រះវិហា នៅថ្ងៃទី១១ខែវិច្ឆិកានេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់តុលាការនេះមករដ្ឋាភិបាលកម្ពុជា។ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមស្តាប់ការប្រកាសសាលដីកា ទាក់ទងនឹងការបកស្រាយសាលក្រមឆ្នាំ១៩៦២ ឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអះអាងថា បើទោះជាសេចក្តីសម្រេចនោះមានលទ្ធផលយ៉ាងណាក៏ដោយ ក៏កម្ពុជានឹងពិភាក្សាជាមួយភាគីថៃ ដើម្បីអនុវត្តសាលដីកានោះ។
ទីបំផុតទៅ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនឹងប្រកាសសាលដីកាស្តីពីការបកស្រាយសាលក្រមឆ្នាំ១៩៦២ឡើងវិញ ទាក់ទងនឹងប្រាសាទព្រះវិហារ នៅថ្ងៃទី១១វិច្ឆិកាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសដដែល បានប្រាប់ឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបទេសនឹងដឹកនាំប្រតិភូទៅស្តាប់សាលដីកានោះ។
សេចក្តីជូនដំណឹងរបស់តុលាការក្រុងឡាអេបែបនេះ ខុសពីការអះអាងរបស់ភាគីថៃ កាលពីពេលថ្មីៗនេះ ដែលថាសាលដីកាតុលាការឡាអេក្នុងសំណុំរឿងប្រាសាទព្រះវិហារ នឹងត្រូវប្រកាសនៅដើមឆ្នាំ២០១៤ ឯណោះ។
ទាក់ទងនឹងខ្លឹមសារនៃសេចក្តីសម្រេចរបស់តុលាការឡាអេ លោកកុយ គួង បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចហើយ ដើម្បីអនុវត្តសាលដីកានោះ។ លោកបន្តថា កម្ពុជានៅរក្សាជំហរ មិនធ្វើឲ្យសេចក្តីសម្រេចរបស់តុលាការឡាអេប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឡើយ។
គួររម្លឹកថា ដោយសារការទាមទាររបស់រដ្ឋាភិបាលថៃក្នុងរបបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ដែលចង់គ្រប់គ្រងតំបន់ជុំវិញប្រាសាទព្រះវិហារទំហំ ៤,៦ គីឡូម៉ែត្រក្រឡានោះ រដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការឡាអេ កាលពីខែមេសា ឆ្នាំ២០១១ ដើម្បីសុំឲ្យតុលាការនេះបកស្រាយសាលក្រមឆ្នាំ១៩៦២ឡើងវិញ។
សាលក្រមឆ្នាំ១៩៦២ បានសម្រេចផ្តល់ភាពជាម្ចាស់គ្រប់គ្រងលើតំបន់ប្រាសាទព្រះវិហារមកឲ្យកម្ពុជា។ ប៉ុន្តែ ប្រទេសថៃដែលមិនបានតវ៉ាអ្វីសោះកាលពីពេលនោះ បែរជាមកទាមទារគ្រប់គ្រងតំបន់ជុំវិញប្រាសាទព្រះវិហារជាថ្មី នៅពេលនេះទៅវិញ។
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីប៉ុន្មានថ្ងៃមុននេះ មន្ត្រីពាក់ព័ន្ធសំណុំរឿងប្រាសាទព្រះវិហាររបស់រដ្ឋាភិបាលថៃ បានត្រៀមខ្លួនរួចហើយដើម្បីជួបពិភាក្សាជាមួយភាគីកម្ពុជា ក្នុងគោលដៅពិភាក្សាគ្នាទាក់ទងនឹងបញ្ហានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ