អានតួអត្ថបទ
ប៉ាឡេស្ទីន-អ៊ីស្រាអែល-អេហ្ស៊ីប

អេហ្ស៊ីប​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ភាព​ស្ងប់ស្ងាត់​នៅ​ហ្កាហ្សា

ថ្ងៃទី​១៥​វិច្ឆិកា នៅ​ Sderot  ការ​បាញ់​មីស្ស៊ីល​របស់​អ៊ីស្រាអែល​ ដើម្បី​ទប់​នឹង​គ្រាប់​រ៉ុកកែត​របស់​ប៉ាឡេស្ទីន
ថ្ងៃទី​១៥​វិច្ឆិកា នៅ​ Sderot ការ​បាញ់​មីស្ស៊ីល​របស់​អ៊ីស្រាអែល​ ដើម្បី​ទប់​នឹង​គ្រាប់​រ៉ុកកែត​របស់​ប៉ាឡេស្ទីន REUTERS/Ronen Zvulun
ដោយ៖ អៀង សុខម៉ិញ
២២ នាទី

គ្រាប់​កាំភ្លើង​ឆ្វែង​ឆ្វាត់​ពេញ​ផ្ទៃមេឃ​លើ​តំបន់​ហ្កាហ្សា ! ក្នុង​រយៈ​ពេល​តែ​បី​ថ្ងៃ​សោះ មាន​​មីស្ស៊ីល​មិន​តិច​ជាង​២៨០​គ្រាប់​ទេ​ត្រូវ​បាន​កង​កម្លាំ​ង​ប្រដាប់​អាវុធ​ប៉ាឡេស្ទី​បាញ់​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល ក្នុងនោះ​មាន​​យ៉ាង​ហោច​ណាស់​១១គ្រាប់​​បាន​បាញ់​ចេញ​នៅ​យប់​មិញ។ ទាហាន​អ៊ីស្រាអែល​​ក៏​បាញ់​តប​វិញ​ជា​ស្វ័យប្រវត្តិ។ ការទម្លាក់​គ្រាប់​បែក​ និង​បាញ់​ផ្លោង​នេះ បាន​ធ្វើ​បណ្តាល​​ឱ្យ ​ជន​ប៉ាឡេស្ទីន​១៦​នាក់​ និង​អ៊ីស្រាអែល​៣​នាក់​ស្លាប់។ នៅ​​ព្រឹក​នេះ​ ការ​វាយ​ប្រហារ​នៅ​តែ​លាន់​ឮ​យ៉ាង​សន្ធាប់​ដដែល​ យន្ត​ហោះ​អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់​អស់​ប្រមាណ​១៣០​​ លើ​​តំបន់​ហ្កាហ្សា ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​។ប៉ុន្តែ​ អ៊ីស្រាអែល​បាន​ព្រមព្រៀង​ផ្អាក​ឈប់​បាញ់​មួយ​រយៈ​ខ្លី ពោល​គឺ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​អេហ្ស៊ីប នៅ​តំបន់​ហ្កាហ្សា។ 

ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​មក​ថ្ងៃ​សុក្រ​នេះ តំបន់​ហ្កាហ្សា​គ្រប​ដណ្តប់​ដោយ​សំឡេង​កង​រំពង​ មក​ពី​ខាង​​នាវា​ចម្បាំងចូល​ចត​នៅ​មុខ​ក្រុង​ផង​ សំឡេង​គ្រាប់បែក​ គ្រាប់​​ផ្លោង​ផង។ ការ​វាយ​ប្រហារ​គ្នា យ៉ាង​សន្ធាប់​ខ្លាំង​ប្រព្រឹត្ត​ទៅ​នៅ​រវាង​ម៉ោង​ ៤ ឬ​៥​ទាប​ភ្លឺ។ កាលពី​ក្បាល​ល្ងាច​ ភាគី​អ៊ីស្រាអែល​បាន​ប្រកាស​ដៅ​កម្ទេច​បាន​ ​៧០​កន្លែង​ ដែល​ចំណុច​សំខាន់ៗ​នៃ​ហេដ្ឋារចនា​សម្ព័ន្ធរបស់​ចលនា​ហាម៉ាស។

ចំណែក​ប្រជាជន​ស៊ីវិល​វិញ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ភ័យ​តក់​ស្លុត​ជា​រៀង​រាល់​ថ្ងៃ។ សំងំ​លាក់​ខ្លួន​តែ​នៅ​ក្នុង​ផ្ទះ។ តាម​ផ្លូវ​ស្ងាត់​ជ្រងំ គេ​មិន​អាច​គិត​ដល់​ថា​មាន​ប្រជាជន​រស់​នៅ​ជាង​មួយ​លាន​នាក់​ទេ​ក្នុង​តំបន់​ហ្កាហ្សា។ អ្វីដែល​គួរ​កាន់​ព្រួយ​បារម្ភ​ខ្លាំង​បន្ថែម​ទៀត គឺ​យុទ្ធនាការ​វាយប្រហារ​តាម​ផ្លូវ​គោក​របស់​ទ័ព​ថ្មើ​រ​ជើង ដែល​អាច​នឹង​ធ្វើ​ឱ្យ​មាន​ជន​រងគ្រោះ​កាន់​តែ​ច្រើន។ យោធាអ៊ីស្រាអែល​បាន​បញ្ចេញ​ទ័ព​បំរុង​ ១៦០០០​នាក់​ ឱ្យ​ត្រៀម​ខ្លួន​ធ្វើ​ប្រតិបត្តិការ​ “សរសរការពារ” ទប់​នឹង​កង​ប្រដាប់​អាវុធ​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​យោធា ដែល​បាន​បញ្ជាក់ថា​ លោក​រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល​បាន​អនុម័ត​ម្សិលមិញ​បញ្ចេញ​ទ័ព​រហូត​ដល់​៣ម៉ឺន​នាក់​ក្នុង​ប្រតិបត្តិការនេះ។
តែ ​អ៊ីស្រាអែល​​បាន​ព្រមព្រៀង​ តាម​សំណើ​របស់​អេហ្ស៊ីប ផ្អាក​ការ​ឈប់​បាញ់​មួយ​រយៈ ក្នុង​ខណៈ​ដែល​​​នាយក​រដ្ឋមន្ត្រី​អេហ្ស៊ីប លោក Hicham Kandil ​អញ្ជើញ​ទៅ​កាន់​តំបន់​ហ្កាហ្សា នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​នេះ។

តើ​អ្វី​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Hicham Kandil ?

ជា​បឋម​គឺ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រង់​ចាំ​​របស់​ចលនា​ហាម៉ាស ! ចលនា​ហាម៉ាស​ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដំណើរ​មក​ដល់​របស់​លោក ហ៊ីចាំ កង់ឌីល។ ម្យ៉ាង​វិញ​ទៀត​ ទស្សនកិច្ច​នេះ បង្ហាញពី​សម្បាម​ចិត្ត​ និងការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អេហ្ស៊ីប ជួយ​ឈឺ​ឆ្អាល​ប៉ាឡេស្ទីន ដែលធ្លាប់​​មាន​អារម្មណ៍​​​រងគ្រោះ​តែ​ឯការ​ម្នាក់​ឯង ពី​ការ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល ខុស​ពី​អេហ្ស៊ីប​ក្នុង​សម័យ​កាល​ដឹកនាំ​ដោយ​លោក​ម៉ូបារ៉ាក់។ សូមបញ្ជាក់​ថា​រដ្ឋាភិបាល​អេហ្ស៊ីប​បច្ចុប្បន្ន​ជា​ក្រុម​អ្នក​អ៊ីស្លាម​ជ្រុល​និយម​ មាន​មនោគមន៍​វិជ្ជា​ស្រដៀង​គ្នា​​ក្រុម​ចលនា​ហាម៉ាស។ ដូច្នេះ​ក្រុម​អ៊ីស្លាមជ្រុល​និយម​នៅ​តំបន់​ហ្កាហ្សា​អាច​រំពឹង​លើ​ការ​គាំទ្រ​របស់​ប្រធានាធិបតី​អេហ្ស៊ីប ដែល​​ទើប​បាន​បរិហារ​ទង្វើ​បាញ់​ផ្លោង ​របស់​អ៊ីស្រាអែល​ថា​ជា​ការ​ឈ្លានពាន​​លើ​តំបន់​ហ្កាហ្សា។

​ប៉ុន្តែ​សួរ​ថា​ តើ​​អេហ្ស៊ីប ដែល​ជា​ប្រទេស​អ៊ីស្លាម​ដំបូង​និង​តែ​មួយ​គត់​ មាន​​ចុះ​​សន្ធិសញ្ញា​​សន្តិភាព​​ជាមួយ​អ៊ីស្រាអែល​នៅ​ឆ្នាំ​១៩៧៩ អាច​ប្តូរ​ផ្លាស់ស្ថានការណ៍​តំបន់​ដើម​បូព៌ា​នេះ​​អ្វី​បាន​ខ្លះ ?! សម្រាប់​អ្នក​វិភាគ​ខ្លះ​ អេហ្ស៊ីប​គ្មាន​​ប្រយោជន៍​អ្វី​នឹង​ត្រូវ​ចូល​លូក​លាន់​ក្នុង​ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីននេះ​ទេ ព្រោះ​មិន​ចង់​ឃើញ​ក្រុម​ភេរវនិយម​ប៉ាឡេស្ទីន​រាលដាល​ដល់​ទឹកដី​អេហ្ស៊ីបឡើយ។ ម្យ៉ាង​ទៀត ទោះបី​ជា​អ៊ីស្រាអែល​ទើប​ចូល​ពាក់ព័ន្ធ​នឹង​វិបត្តិនៅស៊ីរី​ក៏​ដោយ ក៏​បណ្តា​ប្រទេស​អ៊ីស្លាម​ពិបាក​នឹង​ចង​​សម្ព័ន្ធ​ភាព​ណា​មួយ​មក​ប្រឆាំង​នឹង​អ៊ីស្រាអែល​​ដែរ ដោយ​ហេតុ​ថា​ចលនា​ហាម៉ាស​ផ្តាច់​ខ្លួន​ពី​ដាម៉ាស និង​តេហេរ៉ង់ ដោយ​ចង​សម្ព័ន្ធ​ជាមួយ​​​កាតារ។ ឯ​ប្រទេស​កាតារ​គាំទ្រ​អ្នក​បះបោរ​នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ