អានតួអត្ថបទ
ជប៉ុន

ដំណើរ​ទស្សនកិច្ច​​របស់​​នាយក​រដ្ឋមន្រ្តី​​ជប៉ុន​​នៅ​​តំបន់​​អាស៊ី​​អាគ្នេយ៍​​​ដើម្បី​ប្រឆាំង​ចិន​​

នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (ស្តាំ) និងនាយករដ្ឋមន្ត្រីវៀតណាម​ Nguyen Tan  Dung
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (ស្តាំ) និងនាយករដ្ឋមន្ត្រីវៀតណាម​ Nguyen Tan Dung REUTERS/Kham/Pool
ដោយ៖ នុយ ប៊ែរណាដែត
១៨ នាទី

លោក Shinzo Abe​នាយក​រដ្ឋមន្រ្តី​ជប៉ុន បាន​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​​អាគ្នេយ៍​ចាប់​ពី​ថ្ងៃ​ពុធ​ទី​១៦​មករា​នេះ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​នៅ​ឯ​បរទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថ្មី​ជប៉ុន ចាប់​តាំង​ពី​លោក​បាន​ឡើង​កាន់​អំណាច​​គ្រប់​គ្រង​ប្រទេស​តាំង​ពី​ថ្ងៃ​ទី​២៦​ធ្នូ​មក​។ គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​រិតចំណង​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ប្រឈម​មុខ​នឹង​មហា​អំណាច​ចិន​។

ផ្សាយពាណិជ្ជកម្ម

 

លោក Shinzo Abe ផ្តើម​បំពេញ​ទស្សនកិច្ច​នៅតំបន់អាស៊ីអាគ្នេយ៍​ចាប់​ពី​ថ្ងៃ​ពុធ​ទី​១៦​មករា​​រហូត​​ដល់​ថ្ងៃ​សៅរ៍១៩​មករា ។ នៅ​មុន​ពេល​ចេញ​ដំណើរ នាយករដ្ឋ​មន្ត្រី​​នៃ​គណបក្ស​អភិរក្ស​និយម​ជប៉ុន​ ដែល​បាន​ឡើង​គ្រប់គ្រង​អំណាច​​​ចាប់​តាំង​ពី​ថ្ងៃ ២៦​ធ្នូ​មក​​ បាន​ប្រកាស​ថា​​” លោក មាន​បំណង​ចង់​ពង្រីក​ទំនាក់​ទំនង​ជាមួយបណ្តាប្រទេសដែលមានលទ្ធិ​ប្រជា​ធិបតេយ្យ​​និង​​មាន​វប្បធម៌​​នៃការចែក​រំលែក”។ ក៏ប៉ុន្តែ ដំណើរទស្សនកិច្ច​របស់​លោក​អាបេនៅតំបន់អាស៊ី មុន​គេ គឺប្រទេស​វៀតណាម ​បន្ទាប់មក ប្រទេសថៃ និង​ចុង​ក្រោយ​គេ​គឺ​ឥណ្ឌូនេស៊ី​ ។ 

គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នៅតំបន់អាស៊ាន​របស់​លោកអាបេ គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​នេះ នៅ​ខណៈ​ពេល​ដែល​ប្រទេស​ជប៉ុន ប៉ុនប៉ង​ចង់​ផ្តល់​សន្ទុះ​ជា​ថ្មី​ឡើង​វិញ​ដល់​សេដ្ឋកិច្ច​ជប៉ុន​ដែល​កំពុង​មាន​វិបត្តិ។

​ លោកអាបេ ក៏​​ចង់​​ ឲ្យ​ដំណើរ​ទស្សនកិច្ច​​របស់លោកនេះ ជាចំណុច​ចាប់ផ្តើម​នៃយុទ្ធសាស្ត្រ​ការ​ទូត​មួយ​ដែរ​។​ ម្យ៉ាងទៀត បរិស្ថានយុទ្ធសាស្រ្ត​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វីក នាពេល​បច្ចុប្បន្ន​ បាន​​វិវឌ្ឍន៍​​ទៅមុខ​​យ៉ាង​សកម្ម​។ ​យោងតាមយោបល់របស់លោកនាយករដ្ឋមន្រ្តីជប៉ុន​ ទំនាក់​ទំនង​យ៉ាង​​​ជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិក​នៃ​​សមាគម​អាស៊ាន​​​គឺ ​មានផល​ប្រយោជន៍​​ខ្លាំងណាស់ ក្នុងការរួមវិភាគទាន​ ជួយ​ថែ​​រក្សា​សន្តិភាពនិងស្ថិរភាពនៅ​ក្នុង​តំបន់ ។

ដូច្នេះហើយបានជា ​ប្រទេសជប៉ុន គិតគូរ​ខ្លាំងណាស់ចំពោះផលប្រយោជន៍ទាំងអស់នេះ”-នេះ​ជា​កា​រ​ថ្លែង​បញ្ជាក់​​របស់លោកនាយករដ្ឋមន្ត្រីជប៉ុនអាបេ។​​​ គួររំលឹកថា កាលពី​ពេល​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រីជប៉ុនក្នុង​ជំនាន់​អាណត្តិមុននា ឆ្នាំ​២០០៦-២០០៧ លោក Shinzo Abe បាន​ជ្រើសរើស​យកប្រទេសចិន​​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកទីមួយរបស់​លោក ដើម្បី ប៉ុនប៉ងផ្សាភ្ជាប់ទំនាក់ទំនងរវាង​​ទីក្រុងប៉េកាំង​នឹង​​​តូគ្យូ​ឡើងវិញ​ ក្រោយពី​ មាន​ភាព​តានតឹង​ជាមួយគ្នាយ៉ាងខ្លាំង នៅ​ក្រោម​ជំនាន់​ដឹកនាំរបស់លោក Junichiro Koizumi មក។​

ម្យ៉ាងទៀត ចាប់តាំងពីកញ្ញាឆ្នាំមុន ទំនាក់ទំនងទ្វេរភាគី​រវាងជប៉ុននិងចិន បាន​ធ្លាក់​ចុះ​ដុន​ដាប​ ដោយមូលហេតុ ជម្លោះដែនដី​នៅ​លើប្រជុំកោះតូចមួយក្នុងសមុទ្រ​ចិន​ខាងកើត គឺ​ប្រជុំ​កោះ​​សេនកាគូ ដែលគ្រប់គ្រងដោយជប៉ុនតែ​ត្រូវបាន​ទីក្រុង​ប៉េកាំងទាមទារ​យ៉ាង​ដាច់​​អហង្កា​ ថា​ជាដែនអធិបតេយ្យរបស់ខ្លួនក្រោមឈ្មោះជាភាសាចិនថា ទាវយូ។​​​

រីឯ​ ប្រទេសហ្វីលីពីន និង​វៀតណាម វិញ​ ក៏​មានជម្លោះដែនដីជាមួយចិនដែរ នៅ​ក្នុង​សមុទ្រ​ចិន​​ខាង​ត្បូង​។

ទោះជាយ៉ាងណាក៏ដោយ ចំពោះសាព័ត៌មានជប៉ុន ដំណើរទស្សនកិច្ចរបស់​លោក Shinzo Abe ​នៅក្នុងតំបន់អាស៊ាននាពេលនេះ​ គឺ​ដើម្បីបង្កើតទំនាក់ទំនងល្អ​ជាមួយបណ្តាប្រទេស​អាស៊ាន ពាក់ព័ន្ធ​នឹង​​បញ្ហា​​​សន្តិសុខនៅក្នុងតំបន់និង​ក៏​ដើម្បី​ប្រឆាំង​ទប់​ទល់នឹង​ការវាតទី​និយម​​របស់​​ចិន​នៅ​លើ​បញ្ហា ​ដែន​សមុទ្រ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ