នាវាផ្ទុកយន្តហោះទី១របស់ចិន មានដើមកំណើតទៅពីរុស្ស៊ី
នាវាផ្ទុកយន្តហោះនេះ ដែលម្សិលមិញបានចូលខ្លួនជាផ្លូវការ ទៅក្នុងកងម៉ារីនរបស់សាធារណរដ្ឋប្រជាមានិតចិន មានដើមកំណើតវា ចេញពីអតីតសហភាពសូវៀត។ ក្រោយពីសហភាពសូវៀតរលាយទៅ មុនដំបូង វាឆ្លងមកជាកម្មសិទ្ធិរបស់រុស្ស៊ី បន្ទាប់មក ត្រូវរុស្ស៊ីប្រគល់ទៅអ៊ុយក្រែន ហើយនៅទីបំផុត គឺត្រូវអ៊ុយក្រែនលក់ទៅឲ្យចិន។
ចុះផ្សាយនៅថ្ងៃ៖
ឈ្មោះដើមរបស់នាវានេះគឺ Varyag ជាឈ្មោះដែលរុស្ស៊ី តែងប្រើសម្រាប់សម្គាល់ ពួក Viking នៃរាល់ប្រទេស Scandinaves ដែលកាលពីចន្លោះសតវត្សទី៩ - ទី១១ តាមសំពៅខ្លួន តែងបានលុកលុយមកដណ្តើមយកទឹកដីរុស្ស៊ី និង បណ្តាប្រទេសនៅតាម ឆ្នេរមហាសមុទ្រអាត្លង់ទិក។
នាវាផ្ទុកយន្តហោះធុនធ្ងន់នេះ ត្រូវបានចាប់ផ្តើមសង់ឡើង នៅខែធ្នូឆ្នាំ១៩៨៥ ហើយ៣ឆ្នាំក្រោយមក នៅខែវិច្ឆិកាឆ្នាំ១៩៨៨ វាបានចូលខ្លួន ទៅក្នុងកងនាវាសូវៀតប្រចាំនៅសមុទ្រខ្មៅ។
ក្រោយពីសហភាពសូវៀតរលាយទៅ ក្នុងឆ្នាំ១៩៩១ ជាលទ្ធផលនៃការបែងចែកទ្រព្យសម្បត្តិ សូវៀតរវាងរដ្ឋឯករាជ្យថ្មីៗនាវា Varyag ក៏បានឆ្លងមកជាកម្មសិទ្ធិរបស់រុស្ស៊ី ជាប្រទេសបន្តកេរ្តិ៍ពីសូវៀត។ លុះក្នុងឆ្នាំ១៩៩៣ ស្របនឹងសន្ធិសញ្ញាចុះ រវាងរុស្ស៊ី និងអ៊ុយក្រែន វាក៏ត្រូវរុស្ស៊ីប្រគល់ទៅឲ្យអ៊ុយក្រែន។
នៅខែមេសាឆ្នាំ១៩៩៨ អ៊ុយក្រែន បានលក់នាវានេះទៅឲ្យចិន ក្នុងតម្លៃ ២០លានដុល្លារ ក្នុងបំណងរបស់ចិនប្រែវាទៅជា ”កាស៊ីណូអណ្តែត”។
ទម្រាំ សណ្តោងវា ពីដែនទឹកអ៊ុយក្រែនទៅដល់ផែ Dalian នៅប៉ែកឦសានប្រទេសចិន ជាទីដែលវាត្រូវទទួលការជួសជុលកែលំអ គឺស៊ីពេលអស់ជិត២ឆ្នាំ ពោលគឺ ៦២៧ថ្ងៃ។
នៅខែឧសភា ឆ្នាំ២០១០ មានលេចចេញមកជារូបថតទី១ នៃយន្តហោះឈ្មោះ Shenyang J-15 ស្រដៀងនឹងអាធុន Sukhoi - 33 ជំនាន់សូវៀត ដែលចិនបានទិញពីអ៊ុយក្រែន សម្រាប់បំពាក់នៅនឹងនាវាផ្ទុកយន្តហោះនេះ។
លុះនៅខែមិថុនាឆ្នាំ ២០១១ អគ្គសេនាធិការដ្ឋានកងទ័ពចិន បានប្រកាសថា នាវា Varyag ត្រូវបានកែឲ្យទំនើបចប់សព្វគ្រប់ហើយ រួចវាចេញប្រតិបត្តិការ ជានាវាផ្ទុកយន្តហោះទី១ របស់កងម៉ារីនចិន។ តាំងពីពេលនោះមក វាបានប្រតិបត្តិការ ចំនួន១០លើកទៅហើយ ក្នុងលំហសមុទ្រ។
កងម៉ារីនចិន គ្រោងឲ្យឈ្មោះថ្មីដល់នាវានេះ ថា Liaonin ជាកិត្តិយស ដល់ខេត្តឦសានប្រទេសចិន ជាទីដែលវាត្រូវបានកែឲ្យទំនើប។
នាវានេះមានប្រវែង ៣០៥ម៉ែត្រ ប្រកបដោយក្រុមនាវិក ១.៩៨០នាក់ អាចផ្ទុកយន្តហោះចម្បាំង បាន ២៦គ្រឿង និងឧទ្ធម្ភាគចក្រយោធា ២៤គ្រឿង វង់ប្រតិបត្តិការរបស់វាគឺដល់ ចម្ងាយ ១៤.៨០០គ.ម.៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ