ទស្សនកិច្ចលើកទីមួយរបស់អន្តរការី Lakhdar Brahimi នៅស៊ីរី
លោក Lakhdar Brahimi បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់បានទៅដល់ប្រទេសស៊ីរីហើយនៅថ្ងៃព្រហស្បតិ៍ ទី១៣ កញ្ញានេះ។ លោក Brahimi ត្រូវចូលជួបពិភាក្សាជាមួយភាគីផ្សេងៗគ្នាដែលជាប់ពាក់ព័ន្ធនឹងវិបត្តិស៊ីរីបច្ចុប្បន្ន ពិសេសលោកប្រធានាធិបតីស៊ីរី បាស្ហារ អាល-អាសាដ។ សូមជម្រាបជូនថា តំាងពីបានតែងតំាងជាអ្នកសម្របសម្រួលអន្តរជាតិឲ្យវិបត្តិស៊ីរីមក នេះជាលើកទីមួយហើយដែលលោក Brahimi បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី។
ចុះផ្សាយនៅថ្ងៃ៖
តំាងពីបានទទួលតំណែងជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ឲ្យវិបត្តិស៊ីរីកាលពីថ្ងៃទី១ កញ្ញាមក លោក Lakhdar Brahimi ធ្លាប់បានថ្លែង និងបានរំលឹកជាថ្មីនាថ្ងៃច័ន្ទដើមសប្តាហ៍នេះថា បេសកកម្មរបស់លោក គឺជាបេសកកម្មមួយដ៏សែនពិបាកក្រៃលែង។ អ្នកសម្របសម្រួលអន្តរជាតិជនជាតិអាល់ហ្សេរីរូបនេះបានទទួលសារភាពថា ការនិយាយមិនចុះសម្រុងគ្នាតាមផ្លូវទូតដែលបានបង្ខំឲ្យលោកអតីតអន្តរការី Koffi Annan លាឈប់ពីមុខតំណែងនោះ ក៏កំពុងបន្តចោទជាបញ្ហាដដែល។ ចំណែកឯស្ថានការណ៍នៅក្នុងប្រទេសស៊ីរីឯណោះក៏កាន់តែដុនដាបទៅៗ។
តែយ៉ាងណាក៏ដោយ លោក Lakhdar Brahimi បានប្រកាសថា លោកមិនមានសិទ្ធិឈរអោបដៃដើម្បីមើលពីទុក្ខសោករបស់ប្រជាជនស៊ីរីបានទេ។ គឺនៅក្នុងក្របខ័ណ្ឌនៃការព្យាយាមជាថ្មីរបស់សហគមន៍អន្តរជាតិដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយឲ្យបាននេះហើយ ដែលលោក Lakhdar Brahimi ត្រូវចូលជួបអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ក្រុមប្រឆំាងស៊ីរី ព្រមទំាងក្រុមតំណាងសង្គមស៊ីវិលនាថ្ងៃព្រហស្បតិ៍នេះ។ រីឯជំនួបជាមួយលោកប្រធានាធិបតី បាស្ហារ អាល-អាសាដនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែក។
គួរជម្រាបជូនថា សហគមន៍អន្តរជាតិនៅតែបន្តនិយាយមិនចុះសម្រុងគ្នាពាក់ព័ន្ធនឹងការលាចុះពីមុខតំណែងរបស់លោកប្រធានាធិបតីស៊ីរី បាស្ហារ អាល-អាសាដ។ មានប្រទេសយ៉ាងច្រើន ពិសេសសហរដ្ឋអាមេរិកយល់ឃើញថា គេត្រូវតែដោះស្រាយវិបត្តិស៊ីរីតាមផ្លូវយោធា រីឯប្រទេសរុស្ស៊ី ចិន និងអ៊ីរ៉ង់វិញ នៅតែចង់បានឲ្យមានដំណោះស្រាយតាមផ្លូវចរចារវាងរដ្ឋាភិបាលទីក្រុងដាម៉ាស់ និងក្រុមអ្នកប្រឆំាង។
ទន្ទឹមគ្នានេះ នៅក្នុងប្រទេសស៊ីរី អំពើហិង្សាកំពុងបន្តមាន គ្មានលួសថ្ងៃ តំាងពី ១៨ខែមកហើយ និងដែលរៀងរាល់ថ្ងៃ កម្លំាងរដ្ឋាភិបាលបានទម្លាក់គ្រាប់បែកលើទីតំាងរបស់ក្រុមអ្នកប្រឆំាង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ