មុនផុតតំណែង ប្រធានាធិបតីលើកលែងទោសដល់ជនពុករលួយ
ចុះផ្សាយនៅថ្ងៃ៖
លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់ (Lee Myung-Bak) បានសម្រេចលើកលែងទោស នៅថ្ងៃអង្គារទី ២៩ មករា ឆ្នាំ២២០១៣ ដល់អ្នកទោសជាង៥០នាក់ ដែលភាគច្រើនជាមនុស្សជំនិតនឹងលោក តែមានទោសប្រព្រឹត្តអំពើពុករលួយ។ ការលើកលែងទោសនេះបានទទួលការរិះគន់យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកនយោបាយ ដ្បិតលោក លីម្យ៉ុងបាក់ ធ្លាប់បានសន្យាយកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាអាទិភាពមួយរបស់រដ្ឋាភិបាល។
ក្នុងចំណោមអ្នកទោស៥៥នាក់ ដែលត្រូវដោះលែង នៅថ្ងៃអង្គារនេះ គេសង្កេតឃើញមានឈ្មោះ លោក Choi See-Joong មិត្តដ៏ជំនិតបំផុត និងជាអតីតរដ្ឋមន្ត្រីម្នាក់របស់រដ្ឋាភិបាល និងលោក Chun Shin-Il ជាមិត្តនិងជាពាណិជ្ជករ ដែលតុលាការកូរ៉េខាងត្បូងកាត់ទោសឱ្យជាប់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយ។ លោក លី ម្យ៉ុងបាក់ ដែលនឹងត្រូវផុតអាណត្តិជាប្រធានាធិបតី ក្នុងរយៈពេលពីរបីថ្ងៃទៀតសោះនោះ ក៏បានលើកលែងទោសផងដែរដល់អតីតប្រធានសភា និងអតីតទីប្រឹក្សានយោបាយរបស់លោក (អ្នកទាំងពីររូបនេះ ត្រូវបានតុលាការកាត់ទោស នៅឆ្នាំ២០១២ ពីបទលួចទិញសន្លឹកឆ្នោតនៅក្នុងជួរបក្សអភិរក្ស)។ ប៉ុន្តែពុំឃើញមានឡើយ ឈ្មោះបងប្រុសរបស់លោកប្រធានាធិបតី ដែលតុលាការទើបកាត់ទោសពីបទប្រព្រឹត្តរលួយ កាលពីពេលថ្មីៗនេះ។
“មិនមែនជាការប្រើអំណាចជ្រុលហួសហេតុឡើយ” ! នេះជាការអះអាងរបស់លោកប្រធានាធិបតីផុតអាណត្តិ ដែលពន្យល់បំភ្លឺការពារខ្លួនថា លោកគ្រាន់តែធ្វើតាមច្បាប់និងតាមដំណើរការដែលមានជាធរមានតែប៉ុណ្ណោះ។
ប៉ុន្តែរាល់ការលើកលែងទោសខុសពេលវេលាដែលប្រជាពលរដ្ឋមិនបានដឹង ជាប្រើអំណាចខុសច្បាប់ និងដែលអាចនាំដល់ការថ្កោលទោសជាតិផង ! នេះជាបើតាមអ្នកនាំពាក្យរបស់លោកស្រី ប៉ាក់ គុនហឺ (Park Geun-Hye) ដែលទើបជាប់ឆ្នោត និងដែលជាអនាគតប្រធានាធិបតីកូរ៉េខាងត្បូង បន្តពីលោក លីម្យ៉ុងបាក់។ ថ្វីដ្បិតតែប្រសូតចេញពីបក្សអភិរក្សតែមួយជាមួយគ្នាមែន ប៉ុន្តែលោកស្រី ដែលបានស្នើសុំឱ្យប្រធានាធិបតីផុតអាណត្តិកុំអនុគ្រោះទោសដល់មិត្តភក្តិពុករលួយ បានចាត់ទុកការលើកលែងទោសនេះ ថាជា “ទង្វើដ៏គួរឱ្យសោកស្តាយបំផុត” !
សូមបញ្ជាក់ថាក្នុងអំឡុងពេលកាន់អំណាច៥ឆ្នាំ លោក លី ម្យ៉ុងបាក់ បានធ្វើការលើកលែងទោស ដល់ទៅ៧ដង។ ហើយជារៀងរាល់លើក តែងទទួលរងការរិះគន់យ៉ាងខ្លាំង ព្រោះលោកតែងដោះលែងថៅកែធំៗ មានជាអាទិ៍ប្រធានក្រុមហ៊ុន Hyundai នៅឆ្នាំ២០០៨ និងប្រធានក្រុមហ៊ុន Samsung នៅឆ្នាំ២០០៩ ដែលអ្នកទាំងពីរម្នាក់ជាប់ទោសកេងបំបាត់ថវិកា និងលួចគេចពន្ធ។ ទង្វើដែលប្រជាពលរដ្ឋមើលឃើញថាផ្ទុយស្រឡះនឹងពាក្យសន្យាកាលពីដើមអាណត្តិ ដែល លោកលីម្យ៉ុងបាក់ ប្រាថ្នាបង្កើតរដ្ឋាភិបាលស្អាតស្អំ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មិនដូចរដ្ឋាភិបាលមុនៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ