កម្ពុជា

មេ​ធាវី​ជូង​ ជូងី​ចេញ​មុខ​និយាយ​ថា ​មិន​អាច​និយាយ​ពី​ការ​ចាប់​ខ្លួន​

មេធាវី​ ជូង ជូងី មេធាវីនៃបក្សសមរង្ស៊ី ធ្វើសន្និសីទសាព័ត៌មាន​នៅថ្ងៃសុក្រ៣០ធ្នូនៅទី​ស្នាក់ការកណ្តាល​របស់គណបក្ស​ពាក់ព័ន្ធពីរឿងបាត់ខ្លួនលោកនាពេលកន្លងមក
មេធាវី​ ជូង ជូងី មេធាវីនៃបក្សសមរង្ស៊ី ធ្វើសន្និសីទសាព័ត៌មាន​នៅថ្ងៃសុក្រ៣០ធ្នូនៅទី​ស្នាក់ការកណ្តាល​របស់គណបក្ស​ពាក់ព័ន្ធពីរឿងបាត់ខ្លួនលោកនាពេលកន្លងមក ©RFI/

២៤​​ម៉ោង​​ក្រោយ​​ការ​​ផ្អើល​​ព័ត៌មាន​​ថា ​​មាន​​ការ​​ចាប់​ខ្លួន​​លោក​​មេធាវី​​ជូង​ ជូងី​ មេធាវី​​រូប​​នេះ​​ស្រាប់​​តែ​​ចេញ​​មុខ​​ធ្វើ​​សន្និសីទ​​កាសែត​​តែ​​ម្តង​​នៅ​ព្រឹក​​ថ្ងៃ​​សុក្រ​៣០ធ្នូ​​នេះ។ ​នៅ​ក្នុង​​សន្និសីទ​​កាសែត​​លោក​​មេធាវី​​ជូង​ ជូងី ​​បាននិយាយ​ថា ពិតជា​​មាន​​ការ​​តាម​​ចាប់​ខ្លួន​​មែន​ តែ​មិន​​បាន​​ជោគ​ជ័យ។​

ផ្សាយពាណិជ្ជកម្ម

 

សន្និសីទ​កាសែត​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សម រង្ស៊ី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ធ្នូ​នេះ។ មេធាវី​ការពារ​ក្តី​អោយ​គណបក្ស​សម រង្ស៊ី​ដែល​បាន​បាត់​ខ្លួន​ពេញ​មួយ​ថ្ងៃ​ព្រហស្បតិ៍​នោះ ​ស្រាប់​តែ​បាន​លេច​មុខ​នៅ​ក្នុង​សន្និសីទ​កាសែត​​នោះ។ ជា​សន្និសីទ​កាសែត​ដែល​មេធាវី​រូប​នេះ​មិន​បាន​និយាយ​អ្វី​ច្រើន​ឡើយ។

នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​ថា តើ​មាន​ការ​ចាប់​ខ្លួន​ដែរ​ឬ​ទេ? មេធាវី​ជូង ជូងី​បែរ​ជា​ឆ្លើយ​ថា​លោក​មិន​អាច​និយាយ​រៀបរាប់​បញ្ហា​នេះ​បាន​ឡើយ ដោយសារ​គំនាប​វិជ្ជាជីវៈ។

ជា​ចម្លើយ​ដែល​គ្មាន​អ្នកណា​យល់​ឡើយ។ ប៉ុន្តែ​ថា លោក​មេធាវី​បាន​ប្រកាស​ថា មាន​ការ​តាម​ចាប់​ខ្លួន​លោក​នៅ​បី​កន្លែង​ គឺ​នៅ​ព្រែកក្តាម នៅ​សាលា​លេខ​៥ និង​នៅ​កំពង់ឆ្នាំង។ អ្នក​ច្បាប់​រូប​នេះ​មិន​ចង់​និយាយ​លំអិត​បញ្ហា​នេះ​ឡើយ។​ ប៉ុន្តែ នៅ​ក្នុង​ន័យ​តបត​ប្រឆាំង​ការ​តាម​ចាប់​ខ្លួន​លោក​ ដែល​លោក​បាន​អះអាង​នោះ លោក​ជូង ជូងី​បាន​ប្រកាស​អោយ​ដឹង​ថា​ លោក​នឹង​កោរ​សក់​​ស្លៀកពាក់​ស ​​សំណាក់​ធម៌​នៅមុខ​សាលាដំបូង​ខេត្ត​កណ្តាល នៅ​សាលា​ឧទ្ធរណ៍ ក្រសួង​យុត្តិធម៌ និង​មុខ​គណៈមេធាវី។

មន្ត្រី​អ្នកស៊ើបអង្កេត​របស់សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក​ចាន់ សូវេត​បាន​រៀបរាប់​អំពី​អាកប្បកិរិយា​របស់​មេធាវី​ថា មេធាវី​រូប​នេះ​ហាក់​មាន​ទឹកមុខ​ទុក្ខព្រួយ និង​មាន​ការ​ប្រុងប្រយ័ត្ន​ច្រើន​ក្នុងពេល​និយាយ​ជាមួយ​អ្នកកាសែត។ លោក​បន្ត​ថា ក្រុម​អង្គការ​សិទ្ធិមនុស្ស​នឹង​បន្ត​តាមដាន​ករណី​នេះ។

នៅ​ក្នុង​សំណុំរឿង​ក្តីក្តាំ​មួយ​របស់​សកម្មជន​គណបក្ស​សម រង្ស៊ី​ដែល​លោក​ជូង ជូងី​គឺ​ជា​អ្នក​ការពារ​ក្តី​នោះ តុលាការ​ខេត្តកណ្តាល​ក៏​បាន​សង្ស័យ​ថា​លោក​មេធាវី​រូប​នេះ​ បាន​ផ្តល់​មធ្យោបាយ​​អោយ​ជន​ជាប់ចោទ​រត់​គេច​ពី​ការ​ឃុំ​ខ្លួន។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​អះអាង​ថា មេធាវី​ជូង ជូងី​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បដិសេធ​ព័ត៌មាន​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI