កម្ពុជា

នាយក​រដ្ឋមន្ត្រី​ប្រកាស​ពី​ការ​បន្ត​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​

ក្នុង​​កិច្ច​ប្រជុំ​​ពេញអង្គ​​គណៈ​រដ្ឋមន្ត្រី​ កាលពី​​ព្រឹក​​ថ្ងៃ​​សុក្រ​ទី​​២៨​​កញ្ញា​​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​​បញ្ជាក់​​ជា​​ថ្មី​​ថា​ ការ​ផ្អាក​​ផ្តល់​​ដី​​សម្បទាន​​សេដ្ឋកិច្ច​ ទៅ​​ដល់​​ក្រុមហ៊ុន​​ឯកជន​នឹង​​​នៅតែ​​បន្ត​​មាន​​ប្រសិទ្ធភាព ​រហូត​​ដល់​​​លោក​​ចូល​​និវត្តន៍​ ឈប់​​ធ្វើ​​នយោបាយ​។​ កា​រផ្អាក​​ជា​​បណ្តោះ​អាសន្ន​លើ​​ការ​ផ្តល់​​ដី​​សម្បទាន​​សេដ្ឋកិច្ច​ ទៅ​ឲ្យ​​ក្រុមហ៊ុន​​ឯកជន​ ត្រូវ​បាន​​លោក​នាយក​​រដ្ឋមន្ត្រី​​ធ្វើ​ឡើង​ តាម​​បទ​បញ្ជា​​លេខ​ ០១​ ចុះ​​ថ្ងៃ​​ទី​​៧​ ខែ​​ឧសភា​ឆ្នាំ​​២០១២​ ស្តីពី​ វិធានការ​​ពង្រឹង​និង​​បង្កើន​​ប្រសិទ្ធភាព​​នៃ​​ការ​គ្រប់​គ្រង​​សម្បទាន​​ដី​​សេដ្ឋកិច្ច​។​​

លោកនាយករដ្ឋមន្ត្រីហ៊ុនសែន
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​យោង​តាម​បទបញ្ជា​លេខ ០១ ប​.​ប​. ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ ស្តីពី វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​រំលឹក និង​បញ្ជាក់​ជា​ថ្មី​ទៀត​ថា ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ត្រូវ​បន្ត​ក្នុង​រយៈពេល​វែង ហើយ​អាច​នឹង​ឈាន​ទៅ​ដល់​ពេល​ដែល​លោក​ចូលនិវត្តន៍​ពី​ឆាកនយោបាយ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់បន្ថែម​ថា ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច អាច​នឹង​រក​ដៃគូ​ក្រុមហ៊ុន​វិនិយោគ​បាន តែ​មិន​អនុញ្ញាត​ឲ្យមាន​ការផ្ទេ​រ​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ក្រុមហ៊ុន​ផ្សេងទៀត​បាន​ឡើយ​។

​លោកនាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ថា បើ​ក្រុមហ៊ុន​វិនិយោគ​ណា ដែល​រំលោភ​លើ​បទបញ្ជា​នេះ នឹង​ត្រូវ​ដកហូត​សិទិ្ធ​គ្រប់គ្រង និង​បង្កកដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ដកហូត​ទុក​ធ្វើ​ជា​ដី​សម្បទាន​​សង្គមកិច្ច ចែកជូន​ប្រជាពលរដ្ឋ​។​

​សូម​រម្លឹកថា ក្នុង​បទបញ្ជា​លេខ​០១ ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា​ដោយ​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញ​នូវ​សេចក្តីសម្រេច ៤ ចំណុច ដែល​រួម​ទាំង​ការសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ទៅឲ្យ​ក្រុមហ៊ុន​វិនិយោគ​។ ជា​សេចក្តីសម្រេច ដើម្បី​ការពង្រឹង​ប្រព័ន្ធគ្រប់គ្រង បែងចែក និង​ប្រើប្រាស់​ដីធ្លី ជាពិសេស ដោយ​ពិនិត្យឃើញ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​ចំពោះមុខ ក្នុង​ការធានា​សមធម៌ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​។​
​បទបញ្ជា​លេខ​០១​នោះ ក៏​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអនុវត្ត​កិច្ចសន្យា​ស្តីពី​សម្បទាន​ដី​សេដ្ឋកិច្ច ពិសេស​គឺ​ការអនុវត្ត​តាម​គោលនយោបាយ រូបមន្ត​ស្បែក​ខ្លានិង​ការ​មិន​ធ្វើឲ្យ​ប៉ះ​ពាល់​​ដ​ល់​ដីធ្លី​សហគមន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ធ្វើឲ្យ​សម្បទាន​ដី​សេដ្ឋកិច្ច បាន​ផ្តល់​ផលប្រយោជន៍​ពិតប្រាកដ ជូន​ដល់​ប្រទេសជាតិ និង​ប្រជាជន​។

​អង្គការ អាដហុក លើកឡើងថា ក្នុង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចំនួន ១២៣ ដើម្បី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ចំនួន ៧៥១.៨៨២ ហិកតា​។ ក្នុងនោះ ផ្ទៃ​ដី​ជាង ២ ភាគ ៣ បាន​កាត់​ចេញពី​ដី​ការពារ​ដោយ​ព្រះរាជក្រឹត្យ ដែល​ជា​តំបន់​ការពារ​សត្វព្រៃ និង​ព្រៃឈើ​។
​គិត​មក​ទល់​នឹង​ឆ្នាំ​២០១១ រដ្ឋាភិបាល ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​សរុប​ប្រមាណ ២.២៧៦.៣៤៩ ហិកតាទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន២២៥ក្រុមហ៊ុនតាមរយៈ​ក្រសួង​កសិកម្ម​និង​តាមរយៈ​អនុក្រឹត្យ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដោយផ្ទាល់​។ ​តាម​​​អាដហុក ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​នេះ ជា​មូលហេតុ​ដ៏​ចម្បង​ដែល​បង្ក​ឲ្យមាន​ទំនាស់​ដីធ្លី​នាពេល​បច្ចុប្បន្ន និង​ទៅ​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​សម្រេច​តម្រូវឲ្យ​ក្រុមហ៊ុន​វិនិយោគដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច បង់ថ្លៃ​ឈ្នួល​ដី​ចំនួន៥ដុល្លារ សហ​រដ្ឋអាមេរិក ​ក្នុង​ដី​មួយ ១ ហិកតា ចាប់ពី​ឆ្នាំ​ទី​៦ នៃ​ការវិនិយោគ​។ ថ្លៃឈ្នួល​ដី​ចំនួន ៥ ដុល្លារ​សហរដ្ឋអាមេរិក ក្នុង ១​ហិកតា​នេះ នឹង​ត្រូវ​កើនឡើង ១​ភាគរយ ជា​រៀងរាល់ឆ្នាំ​។

សេចក្តីសម្រេច​ដូច្នេះ ក្នុង​គោលបំណង​ជំរុញនិង​លើកទឹកចិត្តដល់​ការធ្វើ​ផលិតកម្ម លើ​វិស័យ​​កសិកម្ម​។​ ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​មិញ ក៏បាន​អនុម័ត បង្កើត​ឧត្តមក្រុមប្រឹក្សា​ការពា​រ​ជាតិ ដែល​មាន​ព្រះមហាក្សត្រ ជា​ប្រធាន និង​នាយករដ្ឋមន្ត្រី ជា​អនុប្រធាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI