អ្នកថតភាពយន្ត" Innocence of muslims" ជាប់ ឃុំឃាំងក្នុងពន្ធនាគារនៅLos Angeles
អ្នកផលិតភាពយន្តប្រមាថសាសនាអ៊ីស្លាម« Innocence of muslims » ដែលបានផ្សព្វផ្សាយនៅតាមប្រព័ន្ធ Internet និងបង្កជាអំពើហិង្សាសម្លាប់មនុស្សនៅតំបន់ដើមបូព៌ា ទើបត្រូវបាននគរបាលអាមេរិកចាប់ខ្លួននិងឃុំឃាំងតាំងពីថ្ងៃព្រហស្បតិ៍២៧កញ្ញាម្សិលមិញនៅទីក្រុង LOS ANGELES។ Nakoula Basseley Nakoula អាយុ៥៥ឆ្នាំដែលត្រូវផ្តន្ទាទោសនៅឆ្នាំ ២០១០ពីបទបន្លំធនាគារ ត្រូវបានចាប់ខ្លួនពីបទមិនបានគោរពវិន័យនិងលក្ខខណ្ឌនៃការដោះលែងគាត់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នពាក់ព័ន្ធនឹងការផ្តន្ទាទោសពីលើកមុននិង ពុំមែនជាប់ឃុំឃាំងដោយហេតុមកពីភាពយន្តប្រមាថសាសនាអ៊ីស្លាមនោះឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
Nakoula Basseley Nakoula អាយុ ៥៥ឆ្នាំដែលត្រូវបាននគរបាលអាមេរិកចាប់ខ្លួននៅទីក្រុង Los Angeles ក្នុងពេលរសៀលម្សិលមិញ បានចូលបង្ហាញខ្លួននៅមុខតុលាការក្រុងតែមួយភ្លែតនៅយប់មិញ ដើម្បីឲ្យលោក Robert Dugdal រដ្ឋអាជ្ញា ក្រុង អាចប្រកាសបញ្ជាក់ថា អ្នកផលិតភាពយន្ត « Innocence of muslims »បានប្រព្រឹត្តល្មើស៨លើក មិនគោរពលក្ខខណ្ឌរបស់តុលាការក្នុងការដោះលែងគាត់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការផ្តន្ទាទោសគាត់លើកមុនៗ ដូចជាការលួចបន្លំធនាគារដោយប្រើឈ្មោះ បី ផ្សេងគ្នា។
ក្នុងន័យនេះហើយ បានជាលោកស្រី Suzanne Segal ចៅក្រមនៅក្រុង Los Angeles បានសម្រេចចិត្តបញ្ជូនខ្លួន Nakoula យកដាក់ឃុំឃាំងក្នុងពន្ធនាគារ។ លោក Nakoula ដែលបានលាក់ខ្លួន ចាប់តាំងពីមានការផ្ទុះរលកហិង្សានៅគ្រប់ទិសទីក្នុងពិភពលោក ប្រឆាំងភាពយន្តរបស់គាត់និងដែលបណ្តាលឲ្យស្លាប់ឯកអគ្គរដ្ឋទូតអាមេរិកម្នាក់នៅលីប៊ី ក៏ព្រមទាំងជនមួយចំនួនផ្សេងទៀត។
« លើកនេះ លោក Nakoula លែងមានលទ្ធភាពរស់នៅក្រៅឃុំបណ្តោះអាសន្ន ដូចលើកមុនទៀតឡើយ ទោះជាដាក់លុយធានាក៏ដោយក្តី ពីព្រោះ លោក Nakoula អាចនឹងរត់គេចខ្លួនបាត់ និងក៏ជាមនុស្សដ៏គ្រោះថ្នាក់សំរាប់សហគមន៍ដែរ »នេះជាការថ្លែងបន្ថែមរបស់ចៅក្រមអាមេរិក។ សូមបញ្ជាក់ថា សនាវការ បានប្រព្រឹត្តទៅតែប៉ុន្មាននាទីតែប៉ុណ្ណោះ ក្រោមការយាមឃ្លាំមើលយ៉ាងម័តធ្យ័តបំផុតពីសំណាក់នគរបាលអាមេរិក។
ម្យ៉ាងទៀត នៅពេលមកដល់តុលាការ លោក Nakoula Basseley Nakoula លាក់មុខយ៉ាងជិត ដោយទទូរក្រមាព័ណ៌ស ពាក់វែនតាខ្មៅ និង មួកកាស្កែត ។ នគរបាលអាមេរិក បានចាត់វិធានការការពារសន្តិសុខ ដ៏ខ្ពស់បំផុតសម្រាប់អ្នកផលិតភាពយន្ត ប្រមាថសាសនាអ៊ីស្លាមនេះ ដែលត្រូវរដ្ឋមន្ត្រីប៉ាគីស្ថានម្នាក់ ប្រកាសផ្តល់រង្វាន់ ១សែនដុល្លារ ដល់ជនណាមួយដែល អាចសម្លាប់លោក Nakoula បាន។ តែនៅពេលនេះ អ្នកផលិតភាពយន្តប្រមាថសាសនាអ៊ីស្លាម Nakoula បានចូលដេកក្នុងគុកអាមេរិកអស់មួយយប់ទៅ ហើយចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញម៉្លេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ