«ឧត្តមក្រុមប្រឹក្សាការពារជាតិ» ទទួលបានការស្វាគមន៍ដោយប្រយ័ត្នប្រយែង
សេចក្តីព្រាងច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សាការពារជាតិដែលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃសុក្រម្សិលមិញត្រូវបានអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងស្វាគមន៍ដោយប្រយ័ត្នប្រយែង។ សេចក្តីព្រាងច្បាប់ដែលតម្រូវដោយរដ្ឋធម្មនុញ្ញនេះបានលេចចេញជារូបរាងឡើងបន្ទាប់ពីរយៈពេលជិត២០ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ។ សង្គមស៊ីវិលនិងបក្សប្រឆាំងជំរុញឲ្យស្ថាប័នកងទ័ពក្លាយជាស្ថាប័នអព្យាក្រឹតមួយដែលមិនស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទីបំផុតទៅ សេចក្តីព្រាងច្បាប់ស្តីពី«ឧត្តមក្រុមប្រឹក្សាការពារជាតិ» ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីអនុម័តហើយនៅក្នុងចុងសប្តាហ៍នេះ។ សេចក្តីព្រាងច្បាប់ដែលមាន ៦ជំពូក និង ១១ មាត្រានេះនៅមិនទាន់ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែ ឧត្តមក្រុមប្រឹក្សាការពារជាតិមានព្រះមហាក្សត្រជាប្រធាន នាយករដ្ឋមន្ត្រីជាអនុប្រធាន និងឥស្សរជនក្នុងរដ្ឋាភិបាលមួយចំនួនទៀតជាសមាជិក។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីរសៀលថ្ងៃសុក្រម្សិលមិញ។
ការបង្កើតឲ្យមានឧត្តមក្រុមប្រឹក្សាការពារជាតិគឺជាការតម្រូវរបស់រដ្ឋធម្មនុញ្ញ ប៉ុន្តែ សេចក្តីព្រាងច្បាប់នេះទើបតែត្រូវបានអនុម័តរយៈពេល១៩ ឆ្នាំ ក្រោយការប្រកាសឲ្យប្រើច្បាប់កំពូលរបស់ប្រទេស។ ការយឺតយ៉ាវនេះត្រូវបានបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនរិះគន់ថា រដ្ឋាភិបាលគ្មានឆន្ទៈរៀបចំស្ថាប័នកងទ័ពឲ្យជាអព្យាក្រឹត្យទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានបញ្ចេញប្រតិកម្មដោយប្រយ័ត្នប្រយែងនៅថ្ងៃនេះថា ការបង្កើតស្ថាប័នគឺជាជំហានមួយ ប៉ុន្តែ ដើម្បីឲ្យស្ថាប័នកងទ័ពអព្យាក្រឹត លុះត្រាតែអ្នកដឹកនាំស្ថាប័ននេះមិនស្ថិតក្រោមឥទ្ធិពលនយោបាយ។ លោកបន្តថា បើទោះបីជាព្រះមហាក្សត្រគង់ជាប្រធាន ប៉ុន្តែ ព្រះអង្គគ្មានអំណាចគ្រប់គ្រាន់ក្នុងការរក្សាអព្យាក្រឹតភាពរបស់ស្ថាប័នកងទ័ពឡើយ ខណៈដែលអ្នកដឹកនាំផ្សេងទៀតសុទ្ធតែជាសមាជិកបក្សកាន់អំណាចដែលទាញស្ថាប័នកងទ័ពឲ្យបម្រើនយោបាយ។
យ៉ាងណាក៏ដោយ លោក ធន់ សារ៉ាយ ប្រធានសមាគមអាដហុកបានកត់សម្គាល់ថា ការអនុម័តសេចក្តីព្រាងច្បាប់នេះបានបង្ហាញពីការគោរពគោលការណ៍ធំៗមួយចំនួនរបស់ប្រទេស។ ម្យ៉ាងទៀត បើយោងតាម លោក ធន់ សរ៉ាយ រដ្ឋាភិបាលទំនងជាចង់ឲ្យមានការទទួលខុសត្រូវរួមក្នុងការការពារបូរណភាពទឹកដីបន្ទាប់ពីជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ។ ប៉ុន្តែ លោកក៏ចង់ឃើញស្ថាប័នកងទ័ពមានអព្យាក្រឹតភាពផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលស្គាល់ការយឺតយ៉ាវ ប៉ុន្តែ បានពន្យល់ថា រយៈពេលបីអាណត្តិកន្លងទៅនេះ រដ្ឋាភិបាលបានអនុម័តច្បាប់ធំៗមួយចំនួនដូចជា ច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងក្រុមប្រឹក្សារាជសម្បត្តិជាដើម។
សេចក្តីព្រាងច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សាការពារជាតិគឺជាច្បាប់រៀបចំអង្គការកំពូលទាក់ទងទៅនឹងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីទទួលខុសត្រូវចំពោះកិច្ចការសំខាន់ៗដូចជា ការពាររដ្ឋធម្មនុញ្ញ ឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាធានាការអនុវត្តតួនាទី និងភារកិច្ចរបស់កងយោធពលខេមរៈភូមិន្ទ។ គណបក្សប្រឆាំង និងសង្គមស៊ីវិលអះអាងថា នឹងបន្តតាមដានមើលបញ្ហានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ