កម្ពុជា

ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជសាសន៍ លេចចេញ​ជា​រូបរាង​ហើយ

រ​ដ្ឋសភា​អនុម័ត​​ជាឯកច្ឆ័ន្ទ​​លើច្បាប់​​ថវិកាជាតិ​​ឆ្នាំ២០១២​ដោយ​គ្មាន​​ការ​ដេញដោល​ទៅកាន់​​តំណាង​​រដ្ឋាភិបាល​​ឡើយ​
រ​ដ្ឋសភា​អនុម័ត​​ជាឯកច្ឆ័ន្ទ​​លើច្បាប់​​ថវិកាជាតិ​​ឆ្នាំ២០១២​ដោយ​គ្មាន​​ការ​ដេញដោល​ទៅកាន់​​តំណាង​​រដ្ឋាភិបាល​​ឡើយ​ © លី​ ម៉េងហួរ

នៅរសៀល​ថ្ងៃសុក្រ ទី​៣១​ឧសភា​នេះ សេចក្តី​ស្នើច្បាប់ កំណត់​ពី​ការ​ដាក់​ទោស​លើ​អ្នក​ប្រឆាំង​​នឹង​ការ​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជសាសន៍ ខ្មែរក្រហម ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជុំ​អនុម័ត។ ច្បាប់ថ្មី ដែល​មាន​តែ ៥ មាត្រា បាន​កំណត់​ដាក់ទោស​លើ​ជន​ណា ដែល​មិន​ទទួល​ស្គាល់​របប​ខ្មែរក្រហម ថា​មាន​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស​ជិត ២ លាន​នាក់ ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤ លាន​រៀល។ តាម​គម្រោង​រដ្ឋសភា នឹង​អនុម័ត​ច្បាប់​ថ្មី​នេះ នៅ​ថ្ងៃ​សុក្រ សប្តាហ៍​ក្រោយ។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ និង​សម្រេច​ជា​ផ្លូវការ​ហើយ លើ​សេចក្តី​ស្នើ​ច្បាប់ ស្តីពី​ ​ការដាក់​ទោស​លើ​ជន​ណា ដែល​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជសាសន៍ ការធ្វើ​​ទារុណកម្ម និង​ការសម្លាប់​មនុស្ស ក្នុង​របប​ខ្មែរក្រហម។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចបញ្ជូន​សេចក្តី​ស្នើ​ច្បាប់​នោះ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដើម្បី​ពិនិត្យ មុន​នឹង​ដាក់​ចូល​ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា ដើម្បី​អនុម័ត​ចេញ​ជា​ច្បាប់ នៅ​ថ្ងៃ​សុក្រ ទី​៧​មិថុនា សប្តាហ៍​ក្រោយ។ នេះ​បើ​តាម​លោក​តំណាងរាស្ត្រ ឈាង​វុន អ្នកនាំ​ពាក្យ​រដ្ឋសភា។

សេចក្តីស្នើច្បាប់ថ្មីនោះ មានឈ្មោះ​ជា​ផ្លូវការ​ថា “ការប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​​ឡើង ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ”។ ច្បាប់​ដែល​មាន ៥​ មាត្រា បាន​កំណត់​​ផ្តន្ទាទោស​លើ​អ្នក​មិន​ទទួល​ស្គាល់​ថា របប​ខ្មែរក្រហម មាន​ការកាប់​សម្លាប់​មនុស្ស​​ពី ៦ខែ ទៅ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១ លាន​រៀល ទៅ ៤ លាន​រៀល។

សេចក្តី​ស្នើ​ច្បាប់​ ស្តីអំពី ការប្រឆាំង​ការមិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​រៀបចំ​ឡើង​ដោយ​សមាជិក​រដ្ឋសភា មកពី​គណបក្ស​​​ប្រជាជន​កម្ពុជា ដែល​មាន​ចំនួន ៩០ រូប ក្នុង​ចំណោម​សមាជិក​រដ្ឋសភា​សរុប ១២៣ រូប។ ការតាក់តែង​នេះ ធ្វើឡើង បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពាវ​នាវ​ឲ្យមាន​ច្បាប់​ថ្មី​នោះ កាលពី​ថ្ងៃ​ចន្ទ ទី​២៧​ឧសភា ឆ្នាំ២០១៣។

ជាសេចក្តី​អំពាវនាវ​ដែល​បាន​ធ្វើ​ឡើង ក្រោយពី​មាន​ការអះអាង​ថា ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​បរិហារ​ថា គុក​ទួលស្លែង ជា​គុក​សិប្បនិម្មិត្ត រៀបចំ​ឡើង​ដោយ​វៀតណាម។

ក៏ប៉ុន្តែ​ទាំង​លោក​តំណាងរាស្ត្រ ឈាង វុន និង​ទាំងលោក​តំណាងរាស្ត្រ ញ៉ែម ថ្ថាវី បាន​អះអាង​ថា ច្បាប់ថ្មី ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​អនុម័ត​នៅ​ថ្ងៃ​នេះ នឹង​មិន​ធាក់​ថយ​ក្រោយ ដើម្បី​កាត់ទោស​លើ​លោក កឹម សុខា ឡើយ។

សមាជិករដ្ឋសភា លោក ញ៉ែម ថ្ថាវី ដែលជាអ្នកនាំពាក្យ​ម្នាក់​ទៀត របស់​រដ្ឋសភា បាន​ឲ្យ​ដឹង រដ្ឋសភា​ បាន​តាក់តែង​ច្បាប់​នោះ​ឡើង ដោយ​យក​លំនាំ​តាម​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​នៅអឺរ៉ុប គឺ​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​បង្កើត​ច្បាប់​កាលពី​ឆ្នាំ​១៩៤៧ ដើម្បី​ប្រឆាំង​នឹង​អ្នក​ដែល​​មិន​ទទួលស្គាល់ របប​ប្រល័យ​ពូជសាសន៍​របស់​អ៊ីទែ្លរ ជាដើម។

តាមសមាជិកសភា លោក ញ៉ែម ថ្ថាវី ច្បាប់ថ្មីនេះ ដើម្បីរារាំង​មិន​ឲ្យ​របប​ខ្មែរក្រហម​វិល​ត្រឡប់​មក​វិញ ហើយកុំ​ឲ្យ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ យល់​ច្រលំ​ថា មិនមាន​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​ឃោរឃៅ​របស់​ខ្មែរក្រហម នៅ​កម្ពុជា។

ចំពោះដំណើរ​ឆ្ពោះ​ទៅ​បង្កើត​ច្បាប់​ថ្មី​នោះ លោក​មេធាវី សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​កម្ពុជា បាន​អត្ថាធិប្បាយ​ដោយ​ប្រយ័ត្នប្រយែង តែ​លោក​ថា ច្បាប់​ថ្មី​នោះ នឹង​មិន​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ដាក់ទោស​លើ​អ្នក​រិះគន់​ទេ ព្រោះ​របប​ខ្មែរក្រហម គេ​ដឹង​លឺ​ជាទូទៅ​ថា មាន​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI