សហព្រះរាជអាជ្ញាយល់ព្រមឲ្យដោះលែងលោកស្រី អៀង ធីរិទ្ធ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភាគីសហព្រះរាជអាជ្ញារបស់តុលាការខ្មែរក្រហម បានបង្ហាញជំហរ នៅថ្ងៃសុក្រនេះថា យល់ព្រមឲ្យតុលាការ ដោះលែងលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចខ្មែរក្រហម ដោយស្ថិតក្រោមលក្ខខណ្ឌមួយចំនួន។ មូលហេតុមកពីលោកស្រី អៀង ធីរិទ្ធ មានជំងឺវង្វេងវង្វាន់ស្មារតី ដែលតាមគ្រូពេទ្យ គឺមិនអាចព្យាបាលបានទេ។ ក៏ប៉ុន្តែភាគីមេធាវីការពារជនរងគ្រោះ បានជំទាស់ហើយយល់ថា លោកស្រី អៀង ធីរិទ្ធ អាចធ្វើពុត ជាវង្វេងស្មារតី ដើម្បីបន្លំគ្រូពេទ្យ។ ក្រុមមេធាវីការពារជនរងគ្រោះ បានស្នើសុំឲ្យតុលាការបន្តឃុំខ្លួនលោកស្រី អៀង ធីរិទ្ធនិងបង្កើតក្រុមវេជ្ជបណ្ឌិតថ្មី ជាគ្រូពេទ្យស្រ្តីដើម្បីពិនិត្យជំងឺរបស់លោកស្រីម្តងទៀត៕
ក្នុងពេលបិទបញ្ចប់សវនាការ លើកាយសម្បទា និងបញ្ញាស្មារតីរបស់លោកស្រី អៀង ធីរិទ្ធ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ ភាគីសហព្រះរាជអាជ្ញារបស់តុលាការខ្មែរក្រហម បាន បង្ហាញជំហរ សន្និដ្ឋានចុងក្រោយថា ភស្តុតាងនៅចំពោះមុខ បានបញ្ជាក់អស់ហើយថា លោកស្រី អៀង ធីរិទ្ធ ទទួលរងនូវជំងឺរវើរវាយពីកម្រិតមធ្យមទៅធ្ងន់ ហើយវាប៉ះពាល់ដល់កម្រិតធ្ងន់មួយដែលថា លោកស្រី អៀងធីរិទ្ធ មិនអាចប្រើប្រាស់សិទ្ធិជំនុំជម្រះ ដោយយុត្តិធម៌បានទេ។ ដូច្នេះហើយ ព្រះរាជអាជ្ញា យល់ថាលោកស្រី អៀង ធីរិទ្ធ មិនមានសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមក្នុងសវនាការនោះឡើយ។
ភាគីសហព្រះរាជអាជ្ញា មិនមានសំណើណាមួយដើម្បីបន្តឃុំខ្លួនលោកស្រី អៀង ធីរិទ្ធឡើយ។ ផ្ទុយទៅវិញព្រះរាជអាជ្ញា បានយល់ព្រមឲ្យតុលាការដោះលែងលោកស្រីអៀងធីរិទ្ធ តែត្រូវស្ថិតក្រោមលក្ខខណ្ឌ ៦ ចំណុចដើម្បីធានាដល់វត្តមានរបស់លោកស្រី នៅចំពោះមុខតុលាការ និងមិនគំរាមកំហែងដល់សាក្សី រួមទាំងកិច្ចដំណើរការសវនាការ។
ក៏ប៉ុន្តែភាគីសហមេធាវីនាំមុខ ការពារដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជនរងគ្រោះ បានយល់ឃើញផ្ទុយពីនេះ ហើយថា លោកស្រីអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អៀងធីរិទ្ធ អាយុ ៨០ ឆ្នាំ បានធ្វើពុត ជាវង្វេងស្មារតីប៉ុណ្ណោះ។
មេធាវីការពារជនរងគ្រោះ បានសំអាងថា លោកស្រី អៀង ធីរិទ្ធ ជាអ្នកមានការអប់រំខ្ពស់នៅប្រទេសបារាំង ជាអ្នកដឹកនាំក្នុងចលនាតស៊ូ ជាអ្នកដឹកនាំការផ្សាយវិទ្យុខ្មែរក្រហម ហើយក៏ជារដ្ឋមន្ត្រី។ ដូច្នេះតាមមេធាវី លោកស្រីអៀងធីរិទ្ធ មានចំណេះដឹង និងមានជំនាញ ក្នុងការបំភ័ន្តចំលើយ របស់គ្រូពេទ្យ។
មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ចង់ឲ្យតុលាការបង្កើតក្រុមវាយតម្លៃមួយទៀត ដែលជាវេជ្ជបណ្ឌិតជំនាញ ភេទស្រី និងបន្តឃុំខ្លួនលោកស្រីអៀងធីរិទ្ធបន្តទៀត។ យ៉ាងក៏ដោយ លោកមេធាវី ផាត់ ពៅស៊ាង សហមេធាវីជាតិ ការពារក្តីរបស់លោកស្រី អៀង ធីរិទ្ធ បានច្រានចោលនូវការស្នើសុំរបស់សហមេធាវីការពារក្តី ដើមបណ្តឹងរដ្ឋប្បវេណី ហើយថា ការវាយតម្លៃលើជំងឺវង្វេងវង្វាន់របស់លោកស្រី អៀង ធីរិទ្ធ ត្រូវបានធ្វើឡើង ៤ លើកមកហើយ។
លោកមេធាវី ផាត់ ពៅស៊ាង បានបញ្ជាក់ថា "អ្នកជំនាញបានធ្វើសេចក្តីសន្និដ្ឋាន ដោយផ្អែកទៅតាមបែបបទរបស់ពេទ្យ ដោយទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក គឺបានពិតឃើញថា ត្រឹមត្រូវ ហើយក៏បានវាយតម្លៃទៅតាមតេស្ត MMSE គឺគេបានពិនិត្យបានត្រឹមត្រូវហើយ។ ដូច្នេះសំណើសុំនេះ ខ្ញុំបាទយល់ឃើញថា គឺមិនអាចអូសបន្លាយបានទេ គឺថា ពិនិត្យដោយអ្នកជំនាញ ចំនួន ៤លើកមកហើយ"។
លោកមេធាវី បានស្នើដល់តុលាការ ឲ្យដោះលែងលោកស្រី អៀង ធីរិទ្ធ ដោយគ្មានលក្ខខណ្ឌ ដើម្បីទុកលទ្ធភាពថែទាំឲ្យគ្រួសាររបស់គាត់ ក្រែងលោកែសម្រួលសុខភាពរបស់គាត់ បានប្រសើរឡើងវិញ។
មុននឹងបញ្ចប់ការផ្តល់សក្ខីកម្មរបស់ខ្លួន ក្នុងសវនាការ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ លោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល ( Seena Fazil ) ដែលជាគ្រូពេទ្យជំនាញវាយតម្លៃជំងឺរបស់លោកស្រី អៀង ធីរិទ្ធ ក្នុងចំណោមគ្រូពេទ្យជាតិ និងអន្តរជាតិ ទាំង ៤ រូប បានគូសបញ្ជាក់ថា ការបង្ហាញក្នុងរបាយការណ៍វាយតម្លៃ តាមរយៈការធ្វើតេស ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក បង្ហាញថា លោកស្រី អៀង ធីរិទ្ធ មិនមានសមត្ថភាព ក្នុងការប្រើប្រាស់សិទ្ធិដើម្បីការពារខ្លួនឯង ក្នុងការជំនុំជម្រះដោយយុត្តិធម៌បានទេ នោះក៏ព្រោះតែលោកស្រី មានជំងឺវង្វេងវង្វាន់ស្មារតី កាន់តែធ្ងន់ធ្ងរ។
សវនាការលើការវាយតម្លៃកាយសម្បទា និងបញ្ញាស្មារតីរបស់លោកស្រី អៀង ធីរិទ្ធ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា បានបិទបញ្ចប់នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២។ លោកចៅក្រម និល ណុន បានប្រកាសថា អង្គជំនុំជម្រះសាលាដំបូង របស់តុលាការខ្មែរក្រហម នឹងចេញសេចក្តីសម្រេច នៅថ្ងៃក្រោយ ដើម្បីសម្រេចថា ត្រូវដោះលែងលោកស្រីអៀងធីរិទ្ធ ឬក៏បន្តឃុំឃាំងលោកស្រី ដើម្បីនាំយកទៅកាត់ទោស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ