ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ធំៗអំពាវនាវអាជ្ញាធរកម្ពុជាឲ្យចាប់ខ្លួនអ្នកបាញ់កម្មករ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមអ្នកបញ្ជាទិញសម្លៀកបំពាក់ធំៗរួមមាន Puma, Gap និង H&M បានថ្លែងការណ៍ជំរុញអោយរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតករណីបាញ់ររះលើកម្មករនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងបាវិត។ ការអំពាវនាវរបស់ក្រុមហ៊ុនម៉ាកល្បីៗក្នុងពិភពលោកធ្វើឡើងនៅពេលដែលសាលាដំបូងខេត្តស្វាយរៀងបានកោះហៅជនសង្ស័យអតីតអភិបាលក្រុងបាវិតអោយចូលបំភ្លឺនៅថ្ងៃទី១៦មីនានេះ។
ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ធំៗថ្នាក់ពិភពលោក រួមមាន Puma, Gap និង H&M បានថ្លែងថា ពួកគេមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍បាញ់រះលើកម្មករកាលពីថ្ងៃទី២០កុម្ភៈ។ ទីភ្នាក់ងារព័ត៌មានបារាំងAFPបានផ្សាយអោយដឹងនៅថ្ងៃចន្ទទី១២មីនានេះថា ក្រុមហ៊ុនធំៗទាំងបីបានសរសេរលិខិតរួមមួយទៅក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៩មីនាដើម្បីទាមទារអោយរដ្ឋាភិបាលចាប់ខ្លួនជនសង្ស័យបាញ់កម្មការិនី។
AFPបានស្រង់ខ្លឹមសារលិខិតនោះដែលសរសេរថា កម្មការិនី៣នាក់របស់រោងចក្រកាត់ដេរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុន Puma ត្រូវបានគេបាញ់អោយរបួស។ ប្រការនេះតម្រូវអោយមានការស៊ើបអង្កេតអោយបានពេញលេញប្រកបដោយតម្លាភាព។
ការទាមទាររបស់ក្រុមហ៊ុនធំៗទាំងបីធ្វើឡើង នៅពេលដែលតុលាការបានកោះហៅជនសង្ស័យឈ្មោះ ឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិត អោយចូលបំភ្លឺនៅថ្ងៃទី១៦មីនាសប្តាហ៍នេះ។ ដីកាកោះអោយជនសង្ស័យចូលខ្លួនបំភ្លឺសំណុំរឿងឧក្រិដ្ឋនេះ មែនប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនសង្ស័យដែលកំពុងរស់នៅលាក់ខ្លួននេះនៅឡើយទេ។
សូមរម្លឹកថា ក្រោយព្រឹត្តិការណ៍បាញ់កម្មការិនី៣នាក់អោយរបួសនៅក្នុងការតវ៉ាមួយនៅថ្ងៃទី២០កុម្ភៈ ក្រុមហ៊ុនPuma ក៏បានបញ្ជូនមន្ត្រីរបស់ខ្លួនមកកម្ពុជាដើម្បីតានដានហេតុការណ៍ដោយផ្ទាល់ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ