រុស្ស៊ី

អំពី ប្រព័ន្ធ​អំណាច គ្រប់គ្រង​ប្រទេស​រុស្ស៊ី

ប្រធានាធិបតី​រុស្ស៊ី​ មេដវេដេវ (ស្តាំ) និង​នាយក​រដ្ឋមន្ត្រីពូទីន
ប្រធានាធិបតី​រុស្ស៊ី​ មេដវេដេវ (ស្តាំ) និង​នាយក​រដ្ឋមន្ត្រីពូទីន REUTERS/Yekaterina Shtukina/RIA Novosti/Kremlin

នេះ​ជា​សាច់រឿង​នៃ​បទសម្ភាសន៍ លោក​នាយក​រដ្ឋមន្ត្រី ពូទីន ដែល​ជា​បេក្ខជន​សម្រាប់​ជាប់​ជា​ថ្មី​ជា​ប្រធានាធិបតី​រុស្ស៊ី ក្នុង​ការបោះឆ្នោត​កន្លះ​ឆ្នាំ​ទៀត។ សម្ភាសន៍ ដែល​នៅ​ម៉ោង​៨​កន្លះ​យប់​ថ្ងៃ​ចន្ទ​១៧​តុលា​នេះ នឹង​ត្រូវ​លើក​យក​ទៅ​ចាក់​ផ្សាយ ដោយ​គ្រប់​តែ​បី​កាណាល់​ទូរទស្សន៍​ធំ​បំផុត នៅ​រុស្ស៊ី។ ប៉ុន្តែ ទើប​យប់​ម្សិលម៉្ងៃ​សោះ លោក​មេដវេដេវ ជា​ប្រធានាធិបតី​បច្ចុប្បន្ន ពេល​ជួប​ពួក​សកម្មជន​របស់​ខ្លួន បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ ប៉ះ​លើ​កម្មវត្ថុ​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

ជាបឋម លោក​ មេដវេដេវ ពន្យល់​អំពី ការ​សម្រេច​ចិត្ត​ឲ្យ​លោក​ ពូទីន ឈរ​ឈ្មោះ សម្រាប់​ជាប់​ជា​ប្រធានាធិបតី​វិញ ៖ ការ​សម្រេចចិត្ត​នេះ បាន​ត្រូវ​រដ្ឋ​បុរស​ទាំងពីរ​អនុម័ត ដោយ​រួមគ្នា ក្រោយពី​វិភាគ​អស់​យ៉ាង​យូរ អំពី​ស្ថានការណ៍​ក្នុង​ប្រទេស។ ស្ថានការណ៍​តម្រូវ​ថា បេក្ខភាព​លោក​ ពូទីន ឆ្លើយ​ស្រប​នឹង​ផលប្រយោជន៍​ប្រទេស​រុស្ស៊ី​ជាង។ ​មិន​តែ​ប៉ុណ្ណោះ លោក ពូទីន មាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​រាល់​អ្នក​នយោបាយ​ណា​ក៏​ដោយ​នៅ​រុស្ស៊ី។

លោក មេដវេដេវ ក៏​ដឹង​គុណ​លោក ពូទីន ជា​ពន្លឹក ដោយ​សារភាព​ថា ពិត​ជា​លោក ពូទីន ដែល​បាន​នាំ​រូប​គាត់ មេដវេដេវ ឲ្យមក​ធ្វើការ​ក្នុង​បរិវេណ​វិមាន​ក្រេមឡាំង​កាលពី​១២​ឆ្នាំ​មុន។ គាត់​ចាត់​ទុក​លោក​ ពូទីន ជា​មិត្ត​ដ៏​ជំនិត ហើយ​រវាង​មិត្ត​ដ៏​ជំនិត មិន​អាច​មាន​ការប្រជែង​គ្នា​ឡើយ។

ព្រម​ជាមួយ​នេះ លោក មេដវេដេវ ចង្អុល​ឲ្យ​ឃើញ​ថា គាត់​បន្ត​ស្ថិត​នៅ​លើ​ឆាក​នយោបាយ​ដដែល ពីព្រោះ​គាត់​ប្រើ​មិន​ទាន់​អស់​ឯណា​សក្តានុពល​នយោបាយ​ដែល​បង្កប់​ក្នុង​រូប​គាត់ ជាពិសេស គឺ​ដើម្បី​កុំ​ឲ្យ​រាល់​ប្រជាពលរដ្ឋ​ណា ដែល​ខំ​ភ្ជាប់​អនាគត​ប្រទេស​ជាតិ​មក​លើ​រូប​គាត់ បែរ​ទៅ​ជា​ខក​ចិត្ត​ទៅ​វិញ។

តាម​លោក មេដវេដេវ បើ​ក្នុង​ការបោះឆ្នោត​សភា​នៅ​ខែ​ធ្នូ​ខាង​មុខ បក្ស​កាន់​អំណាច “ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ” ស្រាប់​តែ​ឈ្នះ​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់ខាត​មែន ហើយ​រូប​គាត់ បន្ទាប់មក​នឹង​ត្រូវ​ក្លាយ​​ជា​ប្រធានាធិបតី​ថ្មី ផ្ទុកផ្តាក់​ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​នោះ​ ទន្ទឹម​នឹង​រដ្ឋាភិបាល​មែន​ទែន ដែល​នឹង​ផ្សំ​ឡើង​ពី​រដ្ឋមន្ត្រី​ថ្មីៗ​សន្លាង ក៏​នឹង​មាន​បង្កើត​ឡើង​ទាំង “មហារដ្ឋាភិបាល ឬ​រដ្ឋាភិបាល​ទូលំ​ទូលាយ” ដែល​នឹង​ផ្សំ​ឡើង​ពី​បណ្តា​សមាជិក​បក្ស​កាន់​អំណាច និង​បណ្តា​តំណាង របស់​សាធារណជន។ ភារកិច្ច​ជា​យុទ្ធសាស្ត្រ ចោទ​នៅ​ពី​មុខ “រដ្ឋាភិបាល​ទូលំទូលាយ” បែប​នេះ​គឺ ៖ កែ​ឲ្យ​ប្រសើរ​លុះ​ទាល់​តែ​សុក្រឹត​តែ​ម្តង ប្រព័ន្ធ​គ្រប់គ្រង​នៅ​រុស្ស៊ី។

ប៉ុន្តែ​គំនិត​នេះ របស់​លោក​ មេដវេដេវ ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​ពុះ​ខ្ជោល​ទៅ​ហើយ ពី​ខាង​បក្ស​ប្រឆាំង​បី ដែល​ក៏​មាន​អាសនៈ​ប្រចាំ​ក្នុង​សភា​ឌូម៉ា​នីតិកាល​បច្ចុប្បន្ន​នៅ​រុស្ស៊ី ដែល​នាំ​គ្នា មើល​ធ្លុះ​ឃើញ​ធាតុ​ពិត​នៃ “មហារដ្ឋាភិបាល ឬ​រដ្ឋាភិបាល​ទូលំទូលាយ” នោះ​ថា ផ្តិត​ជាប់​ដោយ​ចេតនា​ចង់​ដើរ​តួ​ជំនួស​រដ្ឋសភា​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI