រុស្ស៊ីស្នើជាផ្លូវការទៅសរអាឲ្យលុបទិដ្ឋាការ ទៅវិញ ទៅមក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំណើគួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវ បានបំផុសមកដោយលោកនាយករដ្ឋមន្ត្រីរុស្ស៊ី Poutine នាកិច្ចចរចាម្សិលមិញ នៅក្រុងម៉ូស្គូជាមួយលោកអនុប្រធានាធិបតីអាមេរិកាំង Joseph Biden។ នៅក្នុងជំនួបនេះ អាមេរិកបានសន្យាគាំទ្រឲ្យរុស្ស៊ីបានចូល ជា សមាជិក “អង្គការពាណិជ្ជកម្មពិភពលោក”។ ថ្នាក់ដឹកនាំប្រទេសទាំងពីរពិភាក្សាគ្នាផងដែរ ពីរឿងបង្កើតជា “ប្រព័ន្ធខែលមីស្ស៊ីលប្រឆាំង មីស្ស៊ីល“ នៅទ្វីបអឺរ៉ុប“ជាដើម។ ទោះយ៉ាងណាក្តី ក៏លោក Biden ប្រតិកម្មដោយសំដីការទូតថា សំណើនេះ ជា “គំនិតដ៏ល្អ“។
សេចក្តីរាយការណ៍របស់កែវ ឆាយាពីទីក្រុងម៉ូស្គូ
ជាការកត់សម្គាល់ នេះជាលើកទី១ ដែលក្នុងប្រវត្តិនៃទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក មានបន្លឺឡើង ជាសំណើ ឲ្យលុបទិដ្ឋាការទៅវិញទៅមក។
មុននឹងដាក់ចេញមកជាសំណើបែបនេះ លោក Poutine លាតត្រដាងទៅគូសន្ទនាអាមេរិកាំង នូវ ទឡ្ហីករណ៍ដែលថា ក្នុង១៥ឆ្នាំកន្លងទៅ តាំងពីលោក Biden បានអញ្ជើញមកកាន់ប្រទេស រុស្ស៊ីកាលពីលើកមុន។ នៅរុស្ស៊ីពេលនេះមានការផ្លាស់ប្តូរសឹងមើលលែងស្គាល់។ ពួកអ្នកជំនួញអាមេរិកាំង ប្រកបរបរខ្លួននៅរុស្ស៊ីកាន់តែច្រើនឡើង ក៏ដូចជាពួកអ្នកជំនួញរុស្ស៊ី ទៅរកស៊ីនៅ អាមេរិក កាន់តែច្រើនឡើងដែរ។ ដូច្នេះ គប្បីគួរលុបរបងដែលតែងខាឃាំង ដល់ការធ្វើដំណើររបស់ពួកគេទៅវិញទៅមក។
ប្រមុខរដ្ឋាភិបាលរុស្ស៊ី ក៏លំអិតថា បច្ចុប្បន្ន រុស្ស៊ីកំពុងធ្វើកិច្ចចរចាយ៉ាងសកម្មជាមួយ បណ្តាប្រទេសសហភាពអឺរ៉ុប ឆ្ពោះទៅលុបទិដ្ឋាការទៅវិញ ទៅមកដែរ។ ចំណែកស.រ.អា. សព្វថ្ងៃ គឺអនុវត្តទៅហើយ ជាមួយគ្រប់ប្រទេសសហភាពអឺរ៉ុប នូវរបបលើកលែងទិដ្ឋាការ។ បើរុស្ស៊ី និង ស.រ.អា. ចេះនិយាយបានត្រូវគ្នា ក្នុងរឿងលើកទិដ្ឋាការទៅវិញទៅមក បានមុន សហភាពអឺរ៉ុប ធ្វើជាមួយរុស្ស៊ី ការនេះនឹងក្លាយទៅជាជំហានប្រវត្តិសាស្ត្រ ក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនងរុស្ស៊ី -អាមេរិក។
មិនតែប៉ុណ្ណោះ តាមប្រសាសន៍លោក Poutine ការនេះនឹងកាច់បំបាក់រាល់ផ្នត់គំនិត ចាស់ដុះស្លែរ សល់តាំងពីជំនាន់សហភាពសូវៀតមក លុះទាល់តែ ផ្លាស់ប្តូររហូតដល់ ឫសគល់ ផ្នត់គំនិតរបស់ប្រជាជនរុស្ស៊ី ចំពោះប្រជាជនអាមេរិក ក៏ដូចជាផ្នត់គំនិត ដែលបណ្តាជន អាមេរិកតែងចិញ្ចឹមចំពោះប្រជាជនរុស្ស៊ី។ ក្នុងខណៈនោះ អាមេរិក និងរុស្ស៊ី នឹងបិទទំព័រអតីតកាលខ្លួន ហើយចាប់ផ្តើមពីអ្វីៗដែលថ្មី ដោយបង្កើតបរិយាកាសចិត្តសាស្ត្រថ្មីស្រឡះ។
ជាចម្លើយតបវិញ លោកអនុប្រធានាធិបតីអាមេរិកាំង Biden បានថ្លែង ដោយលើក ម្រាមដៃធំ បង្ហាញទៅលោក Poutine ក្នុងន័យសាទរ ថា សំណើឲ្យលុប ទិដ្ឋាការនោះ គឺជា “គំនិតដ៏ល្អ“។
ឃើញដូច្នេះ លោក Poutine ក៏បន្ថែមថា គាត់ចាត់ទុកប្រតិកម្មជាវិជ្ជមាន ពីខាង លោកអនុ ប្រធានាធិបតីអាមេរិកាំង ដែលជាឥស្សរជនមានទឹកមាត់ប្រៃស្រាប់ ក្នុងសមាជសភាអាមេរិក គឺសំខាន់ណាស់ សម្រាប់រុស្ស៊ី។
ភ្លាមនោះ លោក Biden បានធ្វើការកត់សម្គាល់ថា “រវាងរូបខ្ញុំជាអនុប្រធានាធិបតី និង រូបលោកប្រធានាធិបតីអាមេរិកផ្ទាល់ គឺនៅមានគម្លាតធំ នៅឡើយ។ ប៉ុន្តែ ដំណឹងដែលល្អ គឺថា ទាំងរូបលោកប្រធានាធិបតី ទាំងរូបខ្ញុំ សុទ្ធតែឯកភាពថា ជាការចាំបាច់ដែលត្រូវតែបង្ខិតរុស្ស៊ី និង អាមេរិក ឲ្យកាន់តែខិតចូលជិតគ្នា”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ