កូរ៉េខាងជើង

កូរ៉េខាងជើង​អនុញ្ញាត​អោយ​ម្តាយអ្នកទោស​អាមេរិក​បាន​ទៅជួប​កូនប្រុស​ខ្លួន​

អ្នកទោស​អាមេរិក​ ដើមកំណើត​កូរ៉េ លោក Kenneth Bae
អ្នកទោស​អាមេរិក​ ដើមកំណើត​កូរ៉េ លោក Kenneth Bae REUTERS/Courtesy of Myunghee Bae/Handout

សារព័ត៌មាន​បារាំង​AFP បានចុះ​ផ្សាយ​នៅថ្ងៃ​សុក្រ​នេះ​ថា ​កូរ៉េខាងជើងបាន​​អនុញ្ញាត​​អោយ​ម្តាយ​អ្នកទោស​អាមេរិក​មួយរូប​ដែលមាន​ដើមកំណើត​​ជា​ជនជាតិ​កូរ៉េនោះ​ បាន​​​ចូលទៅកាន់​ទឹកដី​ខ្លួន ដើម្បី​ជួបនឹង​កូនប្រុស​គាត់ដែល​កំពុង​មាន​​ជំងឺ​នោះ។ ការ​អនុញ្ញាត​របស់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាងបែបនេះ ជា​ការអនុញ្ញាតក្នុង​ករណី​ពិសេស ខណៈ​ ថ្មីៗនេះ​ កូរ៉េខាង​ជើង​​បាន​លុបចោល​​មិនអោយ​មាន​​ជំនួប​គ្រួសារ​កូរ៉េ​ ដែល​បានបែកបាក់​គ្នា​ក្នុង​សម័យសង្គ្រាម​កូរ៉េ។

ផ្សាយពាណិជ្ជកម្ម

យោងតាម​សារព័ត៌មាន​បារាំង AFP នៅថ្ងៃ​សុក្រនេះ អ្នកស្រី សុង ម្យុនហេ ដែល​ជា​ម្តាយ​អ្នកទោស​អាមេរិក​ បាន​មកដល់​ក្រុង​ព្យុងយ៉ាង​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ជួបជាមួយ​កូនប្រុស​គាត់ គឺលោក Kenneth Bae ដែល​កំពុង​ព្យាបាល​ជំងឺនោះ។ អ្នកស្រី សុង នឹង​ស្ថិតនៅក្នុង​ទឹកដី​កូរ៉េខាងជើង​ រយៈ​ពេល​៥ថ្ងៃ ហើយ​អ្នកស្រី​នឹង​បាន​ជួប​កូនប្រុស​​នៅប៉ុន្មានថ្ងៃ​ខាងមុខ​នេះ។

គួររំលឹកថា អ្នកទោស​អាមេរិក Kenneth Bae អាយុ​៤៥ឆ្នាំ មាន​ដើមកំណើត​​ជាជនជាតិ​កូរ៉េ ឈ្មោះ​ដើម​គាត់ គឺ Pae Jun-ho ប៉ា ជុនហូ។ អាជ្ញាធរ​ក្រុងព្យុងយ៉ាង ​បាន​ឃាត់ខ្លួន​គាត់ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១២ ដោយ​បាន​ចោទគាត់​ថា ជាអ្នក​ផ្សាយ​លទ្ធិព្រះយេស៊ូ ដែល​ចង់​បង្ក​អស្ថិរភាព​ក្នុង​ទឹកដី​កូរ៉េខាងជើង។ លោក ខេណេត បេ ត្រូវ​កូរ៉េខាងជើង​សំរេច​ដាក់ទោស​​អោយ​ធ្វើការ​ក្នុង​ជំរំ​​លត់ដំ រយៈពេល ១៥ឆ្នាំ។ កាលពី​ថ្ងៃ​១៥ ខែ​សីហា​ ខេណេត​ បេ​ ត្រូវ​បាន​​គេបញ្ជូនទៅ​មន្ទីរពេទ្យ​ ដោយសារ​តែ​គាត់​មាន​បញ្ហា​ថ្លើម និង​​តំរងនោម។

អ្នកស្រី សុង ម្យុនហេ ជាម្តាយ​​​ ធ្លាប់​​សំដែង​ការ​​ព្រួយបារម្ភ ដោយសារ​តែ​​តាម​រយៈ​រូបភាព​វីដេអូ​​មួយ អ្នកស្រី​ស្ទើរ​តែ​មើល​មិន​ស្គាល់​​ លោក ខេណេត បេ។ សមាជិក​​គ្រួសារ​អ្នកទោស​អាមេរិក​រូបនេះ ធ្លាប់​បាន​ប្រាប់ថា លោក ខេណេត បាន​ស្រកទំងន់​ជាង​២៣គីឡូក្រាម​ឯណោះ។

កន្លងទៅ ក្រុងព្យុងយ៉ាង​បាន​សំរេច​ដាក់ទោស​លោក ខេណេត បេ ចំពេល​ដែល​​ស្ថានភាព​​រវាង​អាមេរិក និង​កូរ៉េខាងជើង មាន​ភាព​តានតឹង​ខ្លាំង គឺ​បន្ទាប់ពី​​ក្រុងព្យុងយ៉ាង បាន​សាកល្បង​នុយក្លេអ៊ែរ​ខ្លួន ជាលើកទី៣​រួចមក។ ការដែល​កូរ៉េខាងជើង​អនុញ្ញាត​អោយ​ម្តាយ​អ្នកទោស​អាមេរិក បាន​ចូលទៅ​ជួប​កូន​បែបនេះ គឺ​ជា​​ទង្វើ​មួយ​ដ៏ពិសេស​ណាស់ ព្រោះថា កន្លងមក​ថ្មីៗនេះ ក្រុងព្យុងយ៉ាង​ទើបតែ​បាន​​លុបចោល​​មិនអោយ​មាន​​ជំនួប​គ្រួសារ​កូរ៉េ​ ដែល​បានបែកបាក់​គ្នា​ក្នុង​សម័យសង្គ្រាម​កូរ៉េ។

កូរ៉េខាងជើង​ធ្លាប់​បាន​ដោះលែង​អ្នកទោស​អាមេរិក ជាច្រើន​រូប​រួចហើយ បន្ទាប់ពីមាន​ទស្សនកិច្ច​របស់​អ្នកដឹកនាំ​សំខាន់ៗ​ដូច​ជា​អតីត​ប្រធានាធិបតី​អាមេរិក គ្លីនតុន រឺ​ក៏​ខារថឺ នៅក្នុង​ទឹកដី​ខ្លួន។ ប៉ុន្តែ ក្រុងព្យុងយ៉ាង​មិន​បាន​ដោះលែង​អ្នកទោស​ ខេណេត បេ​ នេះទេ ទោះ​ជា​​កន្លងមក តារា​​បាល់បោះអាមេរិក​​ ដឺនិស រ៉ុតម៉ាន់ ធ្លាប់​បាន​ទៅ​លេង​​កូរ៉េខាងជើង​ ជាច្រើនលើក​មកហើយ​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI