អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង និង​សម្ព័ន្ធមិត្ត​រំលែក​មរណទុក្ខ​របស់​លោក​គីម ជុងអ៊ីល

ប្រជាជន​កូរ៉េខាងជើង​យំសោក​ បោកខ្លួន កាលពី​ថ្ងៃ​ចន្ទ ទី ១៩ ធ្នូ ២០១១ នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ក្រោយ​មរណភាព​របស់​លោក​គីម ជុងអ៊ីល
ប្រជាជន​កូរ៉េខាងជើង​យំសោក​ បោកខ្លួន កាលពី​ថ្ងៃ​ចន្ទ ទី ១៩ ធ្នូ ២០១១ នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ក្រោយ​មរណភាព​របស់​លោក​គីម ជុងអ៊ីល ©Reuters
ដោយ៖ ឈាង បុប្ផា
១១ នាទី

នៅថ្ងៃ​ចន្ទ ទី ១៩ ធ្នូ ២០១១ ប្រជាជន​កូរ៉េខាងជើង​ទាំងមូល​កាន់ទុក្ខ ចំណែក​ចិន និង​រុស្ស៊ី​ដែល​ជា​ដៃគូ​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង​បាន​ប្រកាស​ចូលរួម​រំលែកទុក្ខសោក ក្រោយពី​អគ្គមគ្គុទេសក៍​កូរ៉េខាងជើង​ស្លាប់​ដោយ​រោគ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល។

ផ្សាយពាណិជ្ជកម្ម

លោកគីម ជុងអ៊ីល មេដឹកនាំ​កូរ៉េខាងជើង​បាន​ស្លាប់​តាំងពី​ព្រឹកថ្ងៃ​សៅរ៍  ទី ១៧ ធ្នូ នៅក្នុង​រទេះភ្លើង ដែល​លោក​ជិះ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅតាមខេត្ត។ ទូរទស្សន៍​រដ្ឋ បាន​បង្ហាញ​ពី​ការបូជា​ជីវិត​ដើម្បី​ប្រទេសជាតិ​របស់​គីម គឺ​ធ្វើការ​រហូតដល់​ដេកស្លាប់​នៅក្នុង​អំឡុងពេល​ធ្វើការ។

 
ទូរទស្សន៍រដ្ឋ​នៅ​បាន​បង្ហាញ​ពី​ប្រជាជន​កូរ៉េខាងជើង​គ្រប់ខេត្ត​ក្រុង ដែល​យំសោក​បោកខ្លួន នៅមុខ​រូបភាព​លោក​គីម ជុងអ៊ីល។ ពួកគេស្តាយស្រណោះ​មេដឹកនាំ​ដែល​ពួកគេ​ជឿថា បាន​ធ្វើកិច្ចការ​ជាច្រើន​ដើម្បី​ប្រជាជន។

“វាឆាប់ហួសពេក។ មិន​នឹកស្មានដល់ថា លោក​គីម ចាកចេញ​ដ៏ឆាប់រហ័ស​បែបនេះទេ”។ នេះ​ជា​យោបល់​របស់​ប្រជាជន​កូរ៉េខាងជើង ជាទូទៅ។ ទីក្រុង​ប៉េកាំង វិញ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់កូរ៉េខាងជើង ក៏​នៅ​រន្ធត់ ក្រោយ​ពី​បាន​ឮដំណឹង​មរណភាព​របស់​លោក​គីម ជុងអ៊ីល​ដែល​ជា​ដៃគូរបស់ខ្លួន។ ដូច​ប្រទេសចិន រុស្ស៊ី​តាមរយៈ​លោក​ប្រធានាធិបតី មេដវេឌេវ​បាន​ផ្ញើសំបុត្រ រំលែកទុក្ខ​ទៅកាន់​គ្រួសារ​របស់​អគ្គមគ្គទេសក៍គីម ជុងអ៊ីល នៅថ្ងៃ​ចន្ទ ទី ១៩ ធ្នូ។

ក្រសួងការបរទេស​ចិន​បាន​ថ្លែង នៅថ្ងៃចន្ទនេះ ថា ទីក្រុង​ប៉េកាំង​សង្ឃឹម​ថា នៅក្រោយ​មរណភាព​របស់​មេដឹកនាំ​របស់ពួកគេ ប្រជាជន​កូរ៉េខាងជើង​នឹង​រួបរួមគ្នា ចូលរួម​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីបកូរ៉េ និង​ក្នុងតំបន់។

ចំណែក​ទីក្រុង​ប៊ែឡាំង​វិញ​វាយតម្លៃថា មរណភាព​របស់​លោក​គីម ជុងអ៊ីល​នឹង​ជាឱកាស​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ផ្លាស់ប្តូរ​ទៅ​រក​ភាពវិជ្ជមាន គឺ​ងាកទៅបោះបង់ចោល​មហិច្ឆតា​ផលិត និង​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ឈប់​នៅ​ជា​ប្រទេស​ឯកោ និងអាច​បានទទួលជំនួយ​ពី​អន្តរជាតិ​ដើម្បី​ជួយ​ប្រជាជន​ខ្លួន​ដែល​កំពុង​រងគ្រោះ​អត់ឃ្លាន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ