អាកាសចរណ៍

យន្តហោះ​​Airbus A 380​របស់ក្រុមហ៊ុន​អាកាសចរណ៍​​អូស្ត្រាលី​ឆេះ​ម៉ាស៊ីន

យន្តហោះ​Airbus A 380 ចូលចត​ជា​បន្ទាន់​នៅ​ព្រលាន​យន្តហោះ​សិង្ហបុរី ក្រោយ​ពេល​ម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​បួន​ឆេះ ក្រោយពេល​ហោះ​បាន​៦​នាទី
យន្តហោះ​Airbus A 380 ចូលចត​ជា​បន្ទាន់​នៅ​ព្រលាន​យន្តហោះ​សិង្ហបុរី ក្រោយ​ពេល​ម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​បួន​ឆេះ ក្រោយពេល​ហោះ​បាន​៦​នាទី ©Reuters

យន្តហោះ Airbus A 380​របស់​ក្រុមហ៊ុន អូស្តា្រលី Quanta​បាន​ត្រលប់​មក​ចូលចត​ជា​បន្ទាន់ នៅ​អាកាសយាន​ដ្ឋាន​សិង្ហបុរី។ មូលហេតុ គឺ​ម៉ាស៊ីន​មួយ​របស់​យន្តហោះ បាន​ផ្ទុះឆេះ នៅ​ពេល​យន្តហោះ​ទើប​ហោះចេញ​ពី​ព្រលាន​យន្តហោះ​សិង្ហបុរី​បាន​៦នាទី។ ក្នុង​ឧប្បត្តិហេតុ​លើក​នេះ មិនមាន​អ្នកដំណើរ និង​បុគ្គលិក​បំរើ​ក្នុង​យន្តហោះ ទទួល​រងរបួស ឬ​បាត់បង់​ជីវិត​ទេ។ទោះមិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត ប៉ុន្តែ ​នេះ ជា​គ្រោះថ្នាក់​លើក​ទីមួយ​ដែល​កើត​ទៅ​លើ​យន្តហោះ Airbus A 380 និង​ធ្វើ​ឲ្យ​គេ​ចោទ​សួរ​ពី​សុវត្ថិភាព​ផ្លូវអាកាស ដែលយន្តហោះ​ដ៏​ធំ​ជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ ធ្លាប់​ផ្តល់​ការធានា​ឲ្យ​មាន​ទំនុក​ទុកចិត្ត​កន្លងមក។

ផ្សាយពាណិជ្ជកម្ម

សេចក្តី រាយការណ៍​របស់​ឈាង បុប្ផា

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤​វិច្ឆិកា​នេះ យន្តហោះ A 380​របស់​ក្រុមហ៊ុន Qanta ត្រូវ​ដឹក​អ្នកដំណើរ​ជាង ៤០០​នាក់​ពី​ប្រទេស​សិង្ហបុរី ទៅ​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ ទើបតែ​ហោះឡើង​បាន ៦​នាទី​ប៉ុណ្ណោះ ម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​ទាំងបួន​របស់​យន្តហោះ​ផ្ទុះ​ឆេះឡើង។ យន្តហោះ​មិន​បាន​ត្រលប់​មកចូលចត​ភ្លាមៗ ទេ ដោយ​អ្នកបើកបរ​បាន​សម្រេច​បន្ត​ហោះ​រយៈពេល​ពីរម៉ោង នៅ​លើ​អាកាស ដើម្បី​បញ្ចេញប្រេង​ឲ្យ​ស្រាល​យន្តហោះ និង​ជៀសវាង​ការផ្ទុះ​យន្តហោះ​នៅ​ពេល​ចុះចត។

 
នៅ​អាកាសយានដ្ឋាន​សិង្ហបុរី យន្តហោះ Airbus ប្រភេទ A 380 បាន​​ចូលចត​វិញ ជាមួយ​នឹង​ម៉ាស៊ីន​មួយ​ដែល​ឆេះខ្លោច​ខ្មៅ។ គ្រាន់តែ​យន្តហោះ​បាន​ចូលចត​ដល់ដី គេ​បាន​ជម្លៀស​អ្នកដំណើរ​ចេញ​ពី​យន្តហោះ ចំណែក​អ្នកជំនាញ​បច្ចេកទេស​បាន​ទៅ​ពិនិត្យ​ស្ថានភាព​របស់​ម៉ាស៊ីន​យន្តហោះ។ រហូតមក​ដល់​ពេល​នេះ គេនៅ​មិន​ទាន់ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​យន្តហោះ​ផ្ទុះឆេះ នៅ​ឡើយ ប៉ុន្តែ ការិយាល័យ​ស៊ើបអង្កេត និង​វិភាគ ដើម្បី​សុវត្ថិភាព​អាកាសចរណ៍​បាន​ពន្យល់​ថា ម៉ាស៊ីន​មួយ​បាន​បាត់បង់​សំបកគ្រប​ផ្នែកខាងក្រោយ ដែល​ជាហេតុ​ធ្វើឲ្យ​ម៉ាស៊ីន​ឆេះខ្លោច និង​ខូចខាតខ្លាំង។

គ្រោះថ្នាក់​លើក​នេះ​អាច​ចាត់ទុក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយមែន ប៉ុន្តែ អ្នកជំនាញ​ខាង​បច្ចេកទេស​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus វាយតម្លៃ​ថា ការដែល​យន្តហោះ​A 380​បំពាក់​ដោយ​ម៉ាស៊ីន​បួន មាន​ប្រយោជន៍​ជួយ​ឲ្យ​យន្តហោះ​ធានា​បាន​សុវត្ថិភាព និង​បង្ការ​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ដូចជា​លើក​នេះ។

ទោះយ៉ាងណា នៅ​ក្រោយ​គ្រោះថ្នាក់​នៅ​ព្រឹកនេះ ក្រុមហ៊ុន​ហោះហើរ​អូស្ត្រាលី​បាន​សម្រេច​ ភ្លាម ផ្អាក មិនប្រើ​យន្តហោះ​ប្រភេទ A 380 របស់​ខ្លួន ចំនួន​៦​ផ្សេងទៀត។ ក្រុមហ៊ុន Qanta របស់​អូស្ត្រាលី ជា​អតិថិជន​មួយ​ក្នុង​ចំណោម​អតិថិជន​ទាំងប្រាំ​របស់​ក្រុមហ៊ុន ផលិត​យន្តហោះ Airbus ដែល​ប្រើប្រាស់​យន្តហោះ ប្រភេទ A 380។

ក្រុមហ៊ុន Air France Air Singapour Emirates Lufthansa របស់​អាល្លឺម៉ង់ ដែល​ប្រើប្រាស់​A 380​ដែរ​នោះ បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​​ថា ពួកគេ​មិន​មាន​ផែនការ​ផ្អាក​ការហោះហើរ​ដែល​មាន​ប្រើ​យន្តហោះ A 380។ សម្រាប់ក្រុមហ៊ុន​ទាំងនោះ វា​នៅ​ដូចជា​ឆាប់ពេក ក្នុង​ការសម្រេច​ថា យន្តហោះ A 380​ទាំងអស់​អាច​មាន​បញ្ហា​ដូចយន្តហោះ របស់​ក្រុមហ៊ុន​ Qanta។ ក្រុមហ៊ុន​Air France ផ្ទាល់​បាន​បង្ហាញ​ថា ពួកគេ​បានប្រើប្រាស់​ម៉ាស៊ីន​ខុសពី​យន្តហោះ​របស់​ក្រុមហ៊ុន Qanta។

យន្តហោះ Airbus A 380​ជា​យន្តហោះ​ទំនើប ល្បីឈ្មោះ​ខាងផ្តល់​ផាសុកភាព និង​សុវត្ថិភាព​ដល់​អ្នកដំណើរ។ ចាប់តាំង​ពី​ឆ្នាំ ២០០៧ ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus​ទើប​បញ្ចេញ​លក់​បាន​យន្តហោះ​ចំនួន ៣៧ ដែល​កំពុង​ចរាចរ​ក្នុង​ពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI