ពិធីបុណ្យខួប៦០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រិយានី Elisabethទី២
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រជាជនអង់គ្លេសនឹងធ្វើបុណ្យ៤យប់៤ថ្ងៃ ជាកិត្តិយសដល់ព្រះមហាក្សត្រិយានី Elisabeth ទី២ ដើម្បីប្រារព្ធខូប ៦០ ឆ្នាំនៃការគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ។ Elisabeth ទី២គឺជាព្រះមហាក្សត្រិយានីទី២ដែលប្រារព្ធខួប៦០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិ បន្ទាប់ពីព្រះរាជាធិរាជិនីVictoria នៅឆ្នាំ១៨៩៧។ ប្រជាពលរដ្ឋអង់គ្លេសភាគច្រើនពុំចង់ឱ្យព្រឹត្តិការណ៍ដ៏កម្រកើតមានបំផុតនេះកន្លងផុតទៅទេ។
ពិធីបុណ្យចាប់ផ្តើមនៅថ្ងៃសៅរ៍២មិថុនានេះនៅ Derby D’Epsom ខាងត្បូងទីក្រុងLondresដោយការប្រណាំងសេះ ជាទីចំណង់ចំណូលចិត្តខ្លាំងណាស់របស់ព្រះមហាក្សត្រិយានីElisabethទី២។ ប៉ុន្តែទស្សនីយភាពដ៏សំខាន់បំផុត នៅចុងសប្តាហ៍នេះ គឺការបើកសំញែងនៃនាវាតូចៗចំនួន១០០០គ្រឿងនៅថ្ងៃអាទិត្យស្អែក៣មិថុនាចុះតាមទន្លេTamise នៅទីក្រុងLondres។
នៅថ្ងៃចន្ទ៤មិថុនា បន្ទាប់ពីការប្រគំតូរ្យតន្ត្រីរបស់តារាចម្រៀង នៅពេលល្ងាចមក ព្រះមហាក្សត្រិយានី នឹងអុជភ្លើងគប់មួយក្នុងចំណោមភ្លើងគប់ទាំង ៤០០០ដែលបែកខ្ញែកពេញផ្ទៃព្រះរាជាណាចក្រអង់គ្លេស។ ពិធីបុណ្យនឹងត្រូវបង្ហើយ នៅថ្ងៃអង្គារ ទី៥ខែមិថុនាដោយក្បួនដង្ហែនៃព្រះរាជរថចាប់ពីសង្កាត់ Westminster ទៅកាន់ព្រះបរមរាជវាំង Buckingham ជាទីដែលព្រះមហាក្សត្រិយានីនិងព្រះរាជវង្សលេចបង្ហាញព្រះភក្ត្រ ពីលើរានហាលនៃព្រះបរមរាជវាំង។
ទោះបីជាក្រសួងឧតុនិយមបានព្យាករអាកាសធាតុមិនល្អក្តី ក៏គេនៅតែមានសន្ទុះចិត្តស្រើបស្រាល គឺគេបានគ្រោងធ្វើពិធីបុណ្យសង្កាត់ចំនួន១ម៉ឺននៅគ្រប់ទីកន្លែង ទូកញ្ចក់ ហាងលក់ដូរ ត្រូវតុបតែងលំអដោយទង់តូចៗ ដោយព្រះឆាយាលក្ខណ៍ ឬក៏វត្ថុអនុស្សាវរីយ៍ដោយមានព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រិយានី។ ភោជនីយដ្ឋាន រង្គសាលនិងសាលផឹកភេសជ្ជៈ ដែលមានលក់ការេមពិសេស សំរាប់ឱកាសបុណ្យខួប៦០ឆ្នាំនេះនៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រិយានី Elisabeth ទីពីរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ