រុស្ស៊ី

ទីក្រុង​ម៉ូស្គូ​រញ្ជួយ​ជាថ្មី ដោយ​បញ្ហា​ពូជសាសន៍​និយម

ពួកក្បាល​ត្រងោល​ដែល​ជា​ក្រុម​​ប្រកាន់ពូជសាសន៍ សម្លាប់​ជនបរទេស ត្រូវ​តុលការ​រុស្ស៊ី​កាត់ទោស​ កន្លងមក
ពួកក្បាល​ត្រងោល​ដែល​ជា​ក្រុម​​ប្រកាន់ពូជសាសន៍ សម្លាប់​ជនបរទេស ត្រូវ​តុលការ​រុស្ស៊ី​កាត់ទោស​ កន្លងមក ©Reuters

តាមដែល​ទីភ្នាក់ងារ​ពត៌មាន​រុស្ស៊ី Interfax ផ្សាយ​ថ្ងៃនេះ ដែល​ដកស្រង់​សំដី​របស់​ ប៉ូលិស​រុស្ស៊ី ក្នុង​ពីរថ្ងៃ​ចុងក្រោយ នៅ​ម៉ូស្គូ មាន​ជនបរទេស ២នាក់ បាន​ធ្លាក់​ខ្លួន​រងគ្រោះ៖ ម្នាក់​ជាជាតិ Cameroun ត្រូវ​របួស​ធ្ងន់ ម្នាក់ទៀត​ជា​ជាតិ Ouzbekistan អភ័ព្វ​ដល់ស្លាប់។ ឧប្បត្តិហេតុ​នេះ​ធ្វើ​ឲ្យ​គេនឹក​ចងចាំ ទៅដល់​ពាក្យស្លោក របស់​ពួកជាតិ​និយម​រុស្ស៊ី ដែល​ថា “ទឹកដី​រុស្ស៊ី គឺ​ទុក​សម្រាប់​ជាតិ​រុស្ស៊ី“។

ផ្សាយពាណិជ្ជកម្ម

 

តាមប៉ូលិស​រុស្ស៊ី បុរស​ស្បែកខ្មៅ​ជាតិ Cameroun អាយុ​៣១ឆ្នាំ ដែល​ធ្វើការ​ជា​អ្នកចាត់ចែង​តន្ត្រី និង​បទចម្រៀង ក្នុង​រង្គសាល​មួយ​នៃ​រដ្ឋធានីរុស្ស៊ី កាល​ពី​ថ្ងៃអាទិត្យ បាន​ត្រូវ គេដឹក​ជាបន្ទាន់ ទៅ​មន្ទីរពេទ្យ។ បុរសនេះ​របួសធ្ងន់ នៅក្បាល ដោយ​ត្រូវ​គ្រាប់កាំភ្លើង របស់ អតិថិជន​ម្នាក់​នៃ​រង្គសាល​ ដែល​ក្រោយ​ពី​បាញ់មក ក៏​ដាក់​មេផាយ រត់ទៅ​បាត់។

ចំណែក​បរទេស​ម្នាក់ទៀត ដែលមាន​ដើមកំណើត ជាជាតិ Ouzbekistan គឺ ប្រទេស​មួយ នៃ​តំបន់​អាស៊ី​កណ្តាល ធ្លាប់​ចំណុះ​សហភាព​សូវៀត កាលពី​ល្ងាចថ្ងៃ ចន្ទ​ម្សិលមិញ ស្រាប់តែ ត្រូវគេ​ប្រទះ​ភ្នែក​ឃើញ​ ស្លាប់​ស្តូក​ទៅហើយ។ សពជន​នេះ​មាន​ស្បែក​ពណ៌​ស្រអែម  ដែល​អាយុ ៣៣ឆ្នាំ ហើយ ដែល ត្រូវ គេលួច​ចាក់​នឹង​កាំបិត នៅចំ ក ដល់ទៅ ២ផ្លែ​កាំបិត ត្រូវ​គេ​ប្រទះភ្នែក ឃើញ​នៅជិត យានដ្ឋាន(garage)​ឡាន ដែល​គេ ទុកចោល ក្នុង​សង្កាត់ប៉ែក​ខាងកើត នៃ​រដ្ឋធានី​រុស្ស៊ី។

“លទ្ធិ​ពូជសាសន៍​និយម និង​ស្អប់​ជាតិដទៃ” កំពុង​វាតទី​នៅលើ​ដែនដី​ប្រទេស​រុស្ស៊ី ក្រោយពី សហភាព​សូវៀត​រលាយទៅ ក្នុងឆ្នាំ ១៩៩១។ ប្រជាជន​រុស្ស៊ី ធុញទ្រាន់ ដោយឃើញ អ្នកស្រុក​ទាំងពាន់ៗ​នាក់ មកពី​អតីត​សាធារណរដ្ឋ​សូវៀត​នានា នៃ​តំបន់​ភ្នំកូកាស និង អាស៊ី​កណ្តាល ដែល​ធ្លាក់​ក្នុង​ស្ថានភាព​ជីវិត​ដ៏​ត្រដាបត្រដួស នាំគ្នា​ត្បុល​មករស់នៅ និង ធ្វើការ នៅតាម​ក្រុងធំៗ​នៃ​ប្រទេស​រុស្ស៊ី ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាពខ្លួន។

ដោយហេតុ​ថា តាមយោបល់ ប្រជាពលរដ្ឋ​រុស្ស៊ី ជន​ចំណាកស្រុក​ទាំងនោះ ជា​ប្រភព​នៃ ឧក្រិដ្ឋកម្ម​ប្លែកៗ ប្រព្រឹត្ត នៅ​រុស្ស៊ី បានជា​រលក​ប្រឆាំង​នឹង​ជនបរទេស ញ៉ាំង​ឲ្យមាន​លេច ចេញមក ជា​អង្គការ​ជាតិនិយម យ៉ាងច្រើន​ទៅហើយ។ តាមតួលេខ​ក្រសួង​មហាផ្ទៃ សព្វថ្ងៃ នៅរុស្ស៊ី អង្គការ​បែបនេះ មាន​ចំនួន​ពី ១៥០ ដល់២០០ ដែល​ដំណើរការ ក្រោម​ពាក្យស្លោក ជ្រុលនិយម បែបយ៉ាង “ទឹកដី​រុស្ស៊ី គឺទុក​សម្រាប់​ជាតិរុស្ស៊ី“។ បើ​ក្នុង​ឆ្នាំ ១៩៩៨ ពាក្យស្លោក នេះ មាន​អ្នកគាំទ្រ តែចំនួន​៤៣% នោះក្នុងឆ្នាំ២០១០​កន្លង​ទៅ វាកើន​ដល់​៥៨%​ទៅ​ហើយ។

តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​រុស្ស៊ី ឈ្មោះSOVA ខាង​កត់ត្រា​ចំនួន​ជនបរទេស ដែល​ធ្លាក់ខ្លួន​រងគ្រោះ​ដោយអំពើ​រើសអើង​ពូជសាសន៍  ក្នុង​ឆ្នាំ២០១០​កន្លងទៅ មាន​ជនបរទេស ធ្លាក់​ខ្លួន​ស្លាប់ អស់ ៣៧នាក់ និង​របួស​៣៨៦នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI