កម្ពុជា

សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ​នឹង​បួស​មុខ​ភ្លើង​

ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ
ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ © ដឺលុច

សមាជិក​រាជ​វង្ស​ជាង​២០​អង្គ​ នឹង​ចូលរួម​នៅ​ក្នុង​ពិធី​​កោរ​កេសា​​កាន់​ទុក្ខ​ ​ចំពោះព្រះ​បរមសព​ព្រះ​រតន​កោដ្ឋ។ ពិធី​កោរ​កេសា​នេះ​ នឹង​​ត្រូវ​​រៀបចំ​​ធ្វើ​នៅ​​ក្នុង​ព្រះ​​បរមរាជវាំង​ ​នៅ​​មុន​​ថ្ងៃ​​ដង្ហែ​​ព្រះ​បរមសព​​យក​​ទៅ​​តម្កល់​​នៅ​​ព្រះមេរុ។ ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ បាន​​មាន​​បន្ទូល​​អោយ​ដឹង​ថា​ សមាជិក​​​រាជវង្ស​​ទាំង​ជាង​​២០​​អង្គ​នោះ​ ​រួម​មាន​ទាំង​រាជបុត្រ​ និង​​ចៅ​​បង្កើត​​របស់​​សម្តេច​ឪ។

ផ្សាយពាណិជ្ជកម្ម

មាន​​សមាជិក​​រាជ​វង្សានុវង្ស​​ទាំងអស់​​ជាង​​២០​​អង្គ​ ដែល​​នឹង​​ត្រូ​​កោរ​កេសា​​កាន់​ទុក្ខ​ និង​​ចូល​រួម​​ដង្ហែ​​ព្រះ​បរមសព​​ព្រះរតនកោដ្ឋ​ ​នៅ​ថ្ងៃ​​ទី​​១​​ កុម្ភៈ ​​ខាង​មុខ​នេះ។ នេះ​​បើ​តាម​​បន្ទូល​​របស់​​ព្រះអង្គ​ម្ចាស់​​ស៊ីសុវត្ថិ ធម្មិកោ​ ​​​នៅ​​ថ្ងៃ​ពុធ​​នេះ។ ព្រះ​អង្គ​​ក៏​​បាន​​បញ្ជាក់​​អោយ​ដឹង​​ផង​ដែរ​ថា​ សម្តេច​​ក្រុម​​ព្រះ​​នរោត្តម​ រណឬទ្ធិ​​នឹង​​ធ្វើ​​ជា​​ព្រះ​រាជបុត្រ​​ បួស​​មុខ​​ភ្លើង​​តាម​​ប្រពៃណី។

ព្រះ​អង្គ​ម្ចាស់​ ​ធម្មិកោ ​ដែល​ត្រូវ​ជា​​ក្មួយ​ និង​​ជា​អតីត​លេខាផ្ទាល់​របស់​សម្តេចឪ ​បាន​មាន​បន្ទូល​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា តាម​​ប្រពៃណី គឺ​ត្រូវ​បុត្រ​ច្បង​ជា​អ្នក​បួស​មុខ​ភ្លើង ប៉ុន្តែ​សម្តេច​យុវនាថ​ដែល​បុត្រ​ច្បង​​បាន​សព្វ​ព្រះទ័យ​ថ្វាយ​សម្តេច​​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិអោយ​បួស​មុខ​ភ្លើង​វិញ។ ហើយ​ថា ក្រៅ​ពី​នេះ សមាជិក​រាជវង្ស​ផ្សេងទៀត​គឺ​បួស​នាគ​សងគុណ​សម្តេច​ឪ។

សមាជិក​​រាជវង្ស​​ ដែល​​នឹង​​ត្រូវ​​កោរ​កេសា​​កាន់​ទុក្ខ​​នោះ​​ បើ​​តាម​​បន្ទូល​​រៀប​រាប់ ​​របស់​ព្រះអង្គម្ចាស់​ធម្មិកោ​​ ដែល​​​នឹង​​​កោរ​កេសា​​ដែរ​​នោះ​ មាន​ដូច​ជា​ ​សម្តេច​ចក្រពង្ស​ ព្រម​ទាំង​​បុត្រ​ សម្តេច​​នរោត្តម ​សេរីវុឌ្ឍ និង​​ព្រះ​អនុជ​​របស់​​ព្រះអង្គ ព្រះអង្គម្ចាស់​សិរីរ័ត្ន​​​ ព្រម​​ទាំង​​ចៅ​​បង្កើត​​ របស់​​សម្តេច​​ឪ​ នរោត្តម​ សីហនុ​ ជា​​ច្រើន​អង្គ​​ទៀត។

ព្រះអង្គ​ម្ចាស់​ ​បាន​​មាន​​បន្ទូល​​ប្រាប់​​អោយ​ដឹង​​ផង​ដែរ​ថា​ ការ​​កោរ​កេសា​​នេះ​​នឹង​​ត្រូវ​​​រៀបចំ​​ក្នុង​​ពិធី​​មួយ​នៅ​ក្នុង​​ព្រះ​បរមរាជវាំង​ ពីព្រោះ​​កេសា​​ដែល​​ត្រូវ​បាន​​កោរ​ហើយ​​នោះ​ ត្រូវ​យក​ទៅ​​ថ្វាយ​​ព្រះ​បរមសព​​ព្រះ​រតនកោដ្ឋ។

គួរ​​បញ្ជាក់​​ថា​មាន​​ការ​ងារ​​ជា​​ច្រើន ​​កំពុង​​​ត្រូវ​​​បាន​​រៀប​ចំ​​សម្រាប់​​​​ថ្ងៃ​​​ ព្រះ​រាជពិធី​​ដង្ហែរ​ព្រះ​បរមសព​​នៅ​​ថ្ងៃ​​ទី​១​ និង​​ថ្ងៃ​ទី​​៤​​កុម្ភៈ​ខាង​មុខ​នេះ។ កាល​ពី​​ថ្ងៃ​​អង្គារ​​ម្សិល​មិញ​​ ថ្នាក់​ដឹកនាំ​​សាលា​រាជធានី​​ភ្នំពេញ​ បាន​​រៀបចំ​​ពិធី​​តាម​​បែប​​សាសនា​​ ដើម្បី​​បួងសួង​​សុំ​​​សេចក្តី​សុខ​ ​សម្រាប់​ពិធី​​ដង្ហែ​​រ​ព្រះបរមសព។ ហើយ​​អាជ្ញាធរ​​ ក៏​​កំពុង​​រៀបចំ​​សណ្តាប់ធ្នាប់​ តាម​វិថី​ និង​​មហាវិថី​ ​ដែល​​ក្បួន​​ដង្ហែរ​​ព្រះ​សព​​ត្រូវ​​ឆ្លង​កាត់​​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI