កម្ពុជា​

របាយការណ៍៖ អំណាច​រដ្ឋសភា កាន់តែ​ធ្លាក់​ទន់​ខ្សោយ

សម័យ​ប្រជុំ​រដ្ឋសភា​កម្ពុជា
សម័យ​ប្រជុំ​រដ្ឋសភា​កម្ពុជា © ម៉េងហួរ

របាយការណ៍​ឃ្លាំ​មើល​សភា និង​តំណាងរាស្ត្រ របស់​អង្គការ​ខុមហ្វ្រែល បាន​សង្កេត​ឃើញ​ថា អតុល្យភាព​នៃ​អំណាច​រដ្ឋាភិបាល និង​អំណាច​រដ្ឋសភា នៅ​តែ​បន្ត​កើត​ឡើង ជាពិសេស ក្នុង​រយៈពេល ៣ ខែ ដែល​រដ្ឋសភា​ឈប់​សម្រាក ចាប់ពី​ខែ​កក្កដា នៅ​តែ​បន្ត​កើត​មាន​ការ​ធ្លាក់​ទន់​ខ្សោយ​នៃ​អំណាច​រដ្ឋសភា និង​ការ​បំពេញ​តួនាទី​របស់​អ្នក​តំណាងរាស្ត្រ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

របាយការណ៍​ឃ្លាំ​មើល​សភា និង​តំណាងរាស្ត្រ ចាប់ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ឆ្នាំ​២០១០ អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត ខុមហ្វ្រែល បាន​លើក​ឡើង​ថា អតុល្យភាព​អំណាច ក្នុង​អណត្តិ​ទី​៤​នេះ បន្ត​កើត​មាន​កាន់​ខ្លាំង​ឡើង រវាង​ស្ថាប័ន​រដ្ឋសភា ជាមួយ​រដ្ឋាភិបាល។ ការ​ធ្លាក់​ចុះ​អំណាច​រដ្ឋសភា ក៏​ដោយសារ​តែ​ថ្នាក់​ដឹកនាំ​នៃ​អំណាច​នីតិបញ្ញត្តិ (រដ្ឋសភា) និង​អំណាច​នីតិប្រតិបត្តិ (រដ្ឋាភិបាល) មក​ពី​គណបក្ស​តែ​មួយ។

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​៤​វិច្ឆិកា ម្សិលមិញ ខុមហ្វ្រែល បាន​លើក​ឡើង​ថា ការ​បំពេញ​តួនាទី​របស់​អ្នក​តំណាងរាស្ត្រ ដែល​មិន​មក​ពី​គណបក្ស​កាន់​អំណាច ក៏​កាន់​តែ​ពិបាក​ក្នុង​ការ​ឃ្លាំ​មើល​ការងារ​របស់​រដ្ឋាភិបាល។

ដោយលើក​ឡើង​ពី​ការ​លំបាក​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី លើ​ការបំពេញ​តួនាទី​ ក្នុង​រដ្ឋសភា​អណត្តិ​នេះ អង្គការ​ខុមហ្វ្រែល ក៏​បាន​គូស​បញ្ជាក់​ថា ប្រធាន​អង្គ​ប្រជុំ​សភា ជា​រឿយៗ តែង​តែ​ការពារ​ដល់​មន្ត្រី​រដ្ឋាភិបាល ដែល​មក​បំភ្លឺ​នៅ​រដ្ឋសភា តាម​រយៈ​មិន​ឲ្យ​តំណាង​រាស្ត្រ​​សួរ​នាំ​បន្ថែម ឬ​សួរ​ដេញ​ដោល​ទៅ​លើ​ចម្លើយ​របស់​មន្ត្រី​រដ្ឋាភិបាល​ឡើយ។

ខុមហ្វ្រែល បាន​ព្រមាន​ថា តុល្យភាព​អំណាច​របស់​រដ្ឋសភា ចំពោះ​រដ្ឋាភិបាល នឹង​កាន់​តែ​ធ្លាក់​ចុះ​ថែម​ទៀត ប្រសិន​បើ​មិនមាន​ការ​ធ្វើ​វិសោធនកម្ម កែ​ប្រែ​បទ​បញ្ជា​ផ្ទៃក្នុង ដែល​ការពារ និង​ធានា​ដល់​តួនាទី​របស់​គណបក្ស​ប្រឆាំង​ឲ្យ​មាន​ក្នុង​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹកនាំ នៃ​ស្ថាប័ន​រដ្ឋ​សភា​ទេ​នោះ។

ចំពោះ​របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល​ខាង​លើ​នេះ មិន​ទាន់​មាន​អត្ថាធិប្បាយ​បែប​ណា ពី​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ទាំង​ក្នុង​រដ្ឋសភា និង​ដឹកនាំ​ទាំង​រដ្ឋាភិបាល នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ ក្នុង​រយៈពេល​រដ្ឋសភា​ឈប់​សម្រាក​មិន​ប្រជុំ​រយៈពេល ៣ ខែ ចាប់​ពី​កក្កដា អង្គការ ខុមហ្វ្រែល សង្កេត​ឃើញ​ថា អ្នក​តំណាងរាស្ត្រ ៨១ រូប ក្នុង​ចំណោម​សមាជិក​សភា​សរុប ១២៣ រូប បាន​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ ជួប​សមាជិក​គណបក្ស និង​អាជ្ញាធរ។ ក្នុង​នោះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​នាំ​មុខ​សមាជិក​សភា​មក​ពី​គណបក្ស ៤ ផ្សេង​ទៀត លើ​ការ​ចុះ​មូលដ្ឋាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI