តេអេរ៉ង់គំរាមបិទដៃសមុទ្ទOrmuz ក្នុងករណីរងទណ្ឌកម្មអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បិទដៃសមុទ្ទ Ormuz គឺជាងាយស្រួលបំផុតសម្រាប់កងកម្លាំងយោធាអ៊ីរ៉ង់ ! នេះបើតាមការព្រមាន របស់មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ នៅថ្ងៃនេះ។ ដៃសមុទ្ទ Ormuz គឺច្រកចូលទៅកាន់ឈូងសមុទ្ទពែក្យ និងដែលធានារ៉ាប់រងចរាចរណ៍ដឹកប្រេងដល់ទៅប្រមាណ៤០%។ ហេតុដូច្នេះហើយបានជាអ៊ីរ៉ង់ យកដៃសមុទ្ទនេះ មកធ្វើចំណាប់ថ្នូរ ដើម្បីគំរាមសហគមន៍អន្តរជាតិ ដែលចង់ដាក់ទណ្ឌកម្មបន្ថែមថ្មីលើអ៊ីរ៉ង់ ព្រោះមហិច្ឆតានុយក្លេអ៊ែរ។ការគំរាមនេះ បានធ្វើឡើង ក្នុងខណៈដែលក្រុងតេអេរ៉ង់កំពុងធ្វើសមយុទ្ធ តែម្តង។
« គ្រប់គ្នាបានដឹងហើយ ថា ច្រកសមុទ្ទ Ormuz សំខាន់ និងមានយុទ្ធសាស្ត្រ ប៉ុណ្ណា នោះ ! ហើយម្យ៉ាងវិញទៀត ដៃសមុទ្ទនេះ ស្ថិតក្រោមការត្រួតត្រាទាំងស្រុងរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ! » នេះជាការគូសបញ្ជាក់របស់មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ តាមកញ្ចក់ទូរទស្សន៍ Press TV ជាភាសាអង់គ្លេស ដោយបានបន្ថែមទៀតថា “បិទច្រកសមុទ្ទ Ormuz ងាយជាងផឹកទឹក” ទៅទៀត។
ប៉ុន្តែអ៊ីរ៉ង់មិនត្រូវការបិទនៅថ្ងៃនេះទេ ព្រោះអ៊ីរ៉ង់ជាអ្នកត្រួតពិនិត្យសមុទ្ទអូម៉ង់ និងការចូលចតរបស់នាវាដឹកប្រេងតាមនោះស្រាប់ទៅហើយ។ កងទ័ពជើងទឹកអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សាសុវត្ថិភាពតំបន់ ដូច្នេះ ការដឹកជញ្ជូនប្រេងអាចបន្តឆ្លងកាត់ទីនេះបាន។ កងទ័ពម៉ារីនអ៊ីរ៉ង់ ដែលកំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំ តាំងពីថ្ងៃសៅរ៍មក សម្រាប់រយៈពេល១០ថ្ងៃ នៅតំបន់ដៃសមុទ្ទ Ormuz ដែល មាននាវាដឹកប្រេងពិភពលោកប្រមាណ៤០% ឆ្លងកាត់តាមផ្លូវនោះ។ កងកម្លាំងយោធាអ៊ីរ៉ង់ ត្រូវបានដាក់ពង្រាយពេញភាគខាងកើតដៃសមុទ្ទផង ក្នុងសមុទ្ទអូម៉ង់ផង និងរាយដល់សមុទ្ទឥណ្ឌាទៀត។
សូមបញ្ជាក់ថា នៅថ្ងៃអង្គារម្សិលមិញ ក្រុងតេអេរ៉ង់ បានប្រកាសមិនឲ្យនាវាដឹកប្រេងណាឆ្លងកាត់ច្រកសមុទ្ទ Ormuz ទេ ប្រសិនការនាំប្រេងរបស់អ៊ីរ៉ង់ត្រូវទទួលរងទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ។ សហគមន៍អន្តរជាតិ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមួយរយៈនេះ បានលើកឡើងពីចេតនាចង់ដាក់ទណ្ឌកម្មបិទខ្ទប់ការនាំប្រេងរបស់អ៊ីរ៉ង់ ដើម្បីបង្ខំអ៊ីរ៉ង់បោះបង់ចោលមហិច្ឆិតានុយក្លេអ៊ែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ