រុស្ស៊ី

រង្វាន់​នៅរុស្ស៊ី​ពាក់ព័ន្ធនឹង​មេដាយ​ដែល​កីឡាករ​ដណ្តើម​យកបាន​ក្នុងល្បែង​អូឡាំពិក​

កីឡាករុស្ស៊ីឈ្មោះ Mansur Isaiev ​ត្រេកអរ​នឹង​មេដាយមាស​ដែលគាត់​ទើប​ទទួល​ក្នុង​ល្បែង​អូឡាំពិក​នៅក្រុង​ឡុងដ្រឹ៍​
កីឡាករុស្ស៊ីឈ្មោះ Mansur Isaiev ​ត្រេកអរ​នឹង​មេដាយមាស​ដែលគាត់​ទើប​ទទួល​ក្នុង​ល្បែង​អូឡាំពិក​នៅក្រុង​ឡុងដ្រឹ៍​ © កែវ​ ឆាយា

ថ្ងៃនេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅរុស្ស៊ី​នាំគ្នា​បង្ហើប​ឲ្យដឹងថា​ កីឡាករ​រុស្ស៊ី ​ឈ្មោះ​Mansur​ Isaiev ​ដែល​ម្សិលមិញ​ចេះ​ដណ្តើម​បាន​មេដាយមាស​ខាងចំបាប់​ Judo ​នឹង​ទទួល​បាន​រង្វាន់​បន្ថែម​ ក្នុង​ទឹកប្រាក់​៣០លាន​រូប្ល​ ឬ​ជិត១លាន​ដុល្លារ​ ដោយ​មិនទាន់​គិតពី​ប្រាក់​រង្វាន់​រំលែក​ ចេញ​ពីថវិកា​រដ្ឋ​សម្រាប់​ពួកគេ។​តើ​រង្វាន់​លើកទឹកចិត្ត​យ៉ាងណាខ្លះ​ ចំពោះ​មេដាយ​អូឡាំពិក​ដែល​នៅរង់ចាំ​ កីឡាករ​កីឡាការិនី​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

 

មេដាយនោះ​ទើបជា​មេដាយ​មាស​ទី២​ ដណ្តើម​បាន​ដោយ​រុស្ស៊ី​ ក្នុង​ល្បែង​អូឡាំពិក​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡុងដ្រឹ៍។ ​បើគិត​ក្នុង​៣០ឆ្នាំ​ចុងក្រោយ​ នេះជា​លើកទី១​ ដែល​រុស្ស៊ី​ចេះ​ដណ្តើម​បាន​មេដាយមាស​ខាង​ចំបាប់​ Judo​ រវាង​អ្នកកីឡា​ទម្ងន់​រហូត​ដល់​ ៧៣គីឡូក្រាម។​ ហើយ​អ្នកកីឡា​រុស្ស៊ី​ដែល​ចេះប្រកួត​ឈ្នះគូ​ប្រជែង​ជាតិជប៉ុន​ដ៏ល្បី​ខាងមុខ​កីឡានេះ​ គឺ លោក​ Mansur​ Isaiev​ មាន​ដើម​កំណើត​ចេញ​មកពី​ទឹកដី​ Daguestan ​នៅតំបន់​ភ្នំកូកាស​ចំណុះ ​សហព័ន្ធ​រុស្ស៊ី។​ គាត់​ប្រកួត​គឺដោយ​តំណាង​ឲ្យខេត្ត​រុស្ស៊ី ​Chelyabinsk ​ជាទី​ដែលគាត់​រស់នៅ​សព្វថ្ងៃ។

មោទនៈ​នឹង​ជោគជ័យ​នេះ​ អភិបាល​ខេត្ត Chelyabinsk ទើប​ប្រកាស​ថា​ លោក​ Mansur Isaiev​ នឹង​ទទួល​បាន​ពីពួក​ Sponsor​ ខេត្ត​នេះ ​នូវ​រង្វាន់​៣០លាន​រូប្ល​ ឬជាង​ ៩សែន​៣ម៉ឺន​ដុល្លារ​ដែល​គាត់​អាច​ប្រើ​សម្រាប់​ទិញ​ទាំង​លំនៅដ្ឋាន​ទាំង​រថយន្ត​ធុនស្រាល។

កីឡាករ​រុស្ស៊ី​ម្នាក់ទៀត​ ដែល​ក៏​ដណ្តើម​បាន​មេដាយមាស​ដែរ​ ប៉ុន្តែ​ខាងចំបាប់​Judo​រវាង​អ្នក​ប្រកួត​ទម្ងន់​ដល់​៦០គីឡូក្រាម​ គឺលោក Arsen​ Galstyan​ ត្រូវ​ក្រុមហ៊ុន​សំណង់ខេត្ត​ Krasnodar​ ជាទី​ដែលគាត់​រស់នៅ​សន្យា​ធ្វើកាដូ​ជូនគាត់​គឺ ​ឡាន Mercedes ​មួយគ្រឿង​និង​បំពាក់​លំនៅ​គាត់​ដែល​មាន​ ៦០ម៉ែត្រ​. ក្រឡា​ ទៅដោយ​គ្រឿង​សង្ហារិម​ថ្មី​ទែង​គ្មាន​សល់ចន្លោះ​ណាទេ។

ពី​ខាង​រដ្ឋ​រុស្ស៊ី​តាម​ដែល​កាណាល់​ទូរទស្សន៍​ម៉ូស្គូ ​ផ្សាយ​ឲ្យដឹង​ នឹង​មាន​ប្រគល់​រង្វាន់​ដូចតទៅ៖
ចំពោះ​មេដាយមាស​ គឺ ៤លាន​រូប្ល ឬ ១២៥.០០០​ ដុល្លារ។
ចំពោះ​មេដាយ​ប្រាក់​ ២លាន​៥សែនរូប្ល​ឬ​ ៧៨.០០០ដុល្លារ។
ចំពោះ​មេដាយ​សំរឹទ្ធ​ ១លាន​៧សែន​រូប្ល​ ឬ ៥៣.០០០ដុល្លារ។

ក្រៅពី​រង្វាន់​ផ្លូវការ​របស់​រដ្ឋ​តាមធម្មតា​អ្នកកីឡា​រុស្ស៊ី​ តែង​ទទួល​រង្វាន់​ លើក​ទឹកចិត្ត​ពីខេត្ត​ដែល​គេមាន​មុខ​តំណាង​ឲ្យ​ជាទូទៅ ​គឺក្នុង​ទម្រង់​ជា​រថយន្ត​ឬ ​លំនៅដ្ឋាន​ប្រសិនបើ​អ្នក​ដែល​ចេះ​ដណ្តើម​បាន​មេដាយនោះ​ទើបមាន​ឬ​ក៏​ជិតមាន​គ្រួសារ​ថ្មីថ្មោង។

គេនៅ​ចាំថា​ បន្ទាប់​ពីការ​ប្រកួត​ល្បែង​អូឡាំពិក​ឆ្នាំ២០០០​នៅក្រុង​ Sydney ​ជាទី​ដែល​រុស្ស៊ី​បានជាប់​លេខ២​ ដោយ​មេដាយ​មាស​ចំនួន​ ៣២ ​ក្រៅពី​រង្វាន់​ជាប្រាក់​រដ្ឋាភិបាល​រុស្ស៊ី​ក៏បាន​ធ្វើកាដូ​ទៅ​ម្ចាស់​មេដាយ​ទាំងនោះ​ម្នាក់ៗ​គឺឡាន​Lexus ​១គ្រឿង​ អាធុន​ RX-300។

ក្នុងល្បែង​អូឡាំពិក​នៅក្រុងឡុងដ្រឹ៍​លើក​នេះ ​រុស្ស៊ី​តំណាង​ដោយអ្នក​កីឡា​ខ្លួន​ ចំនួន​ ៤៣៦នាក់​ ដែល​សង្ឃឹម​ដណ្តើម​ឲ្យបាន​មេដាយមាស ​ក្នុង​ចំនួន​ពី២០​ទៅ​៣០គ្រឿង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI