ពួកអាវលឿងត្រូវបានកាត់ទោសឲ្យសងប្រាក់ជាង ៥២២លានបាទ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តុលាការស៊ីវិលមួយរបស់ប្រទេសថៃបានកាត់ក្តីឲ្យពួកមេដឹកនាំអាវ លឿង១៣នាក់សង់ប្រាក់ជាង៥២២លានបាទ ទៅឲ្យអាកាសយានដ្ឋានទាំងពីរក្នុងទីក្រុងបាងកក។ តុលាការបានអះអាងថា បាតុកម្មរបស់ពួកអាវលឿងដែលបានកាន់កាប់អាកាសយានដ្ឋានទាំងពីរនៅខែ ធ្នូឆ្នាំ២០០៨ បានធ្វើឲ្យសេដ្ឋកិច្ចនិងរូបភាពនៃប្រទេសខាតបង់មិនតិចទេ។
សេចកីរាយការណ៍របស់តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
សម្រាប់តុលាការ ការដែលពួកអាវលឿងបានធ្វើឲ្យអាកាសយានដ្ឋានទាំងពីរក្នុងទីក្រុងបាងកករាំងស្ទះអស់៩ថ្ងៃនៅចុងឆ្នាំ២០០៨ គឺជាសកម្មភាពខុសច្បាប់។ ម្ល៉ោះហើយ ពួកមេដឹកនាំអាវលឿងទាំង១៣នាក់ត្រូវតែសងប្រាក់ជាង៥២២លានបាត គឺស្មើនឹង១២លាន២សែនអឺរ៉ូ ព្រមទាំងការប្រាក់៧,៥ភាគរយក្នុងមួយឆ្នាំ រាប់ពីថ្ងៃទី៣ខែធ្នូឆ្នាំ២០០៨ មកទល់ថ្ងៃនេះ ទៅឲ្យក្រុមហ៊ុនដែលជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានទាំងពីរ។
សូមជម្រាបថា ពួកអាវលឿងដែលគាំទ្រដោយអ្នកមាននិងអ្នកមានអំណាចនៅទីក្រុងបាងកក បានធ្វើបាតុកម្មនៅខែធ្នូឆ្នាំ២០០៨ រហូតដល់បានធ្វើឲ្យបក្សពួកលោកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនខ្ទាតចេញពីអំណាច និងនៅទីបំផុតបានធ្វើឲ្យលោកអាភីស៊ីតក្លាយជាប្រមុខរដ្ឋាភិបាល។
ក្នុងចំណោមពួកអាវលឿងទាំង១៣នាក់ដែលត្រូវសងប្រាក់ច្រើនសន្ធឹកសន្ធាប់ទៅឲ្យអាកាសយានដ្ឋានទាំងពីរក្នុងទីក្រុងបាងកក គេឃើញមានលោកChamlong Srimuang ដែលជាមេដឹកនាំចលនាពួកអាវលឿងឈ្មោះសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ។
នៅមុខតុលាការ ពួកអាវលឿងបានអះអាងថា បាតុកម្មរបស់ពួកគេកាលពីឆ្នាំ២០០៨ មានលក្ខណៈអហិង្សា និងថាវាជាសិទ្ធិរបស់ពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែចៅក្រមបានច្រានចោលទឡ្ហីករណ៍នេះ ដោយបានបញ្ជាក់ថា មានបាតុករជាច្រើននាក់ប្រដាប់ទៅដោយអាវុធបានបង្កអំពើហិង្សាក្នុងពេលធ្វើបាតុកម្ម។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ ក្រៅពីការកាត់ក្តីឲ្យសងប្រាក់ច្រើនលើសលុបបែបនេះ មិនទាន់មានមេដឹកនាំអាវលឿងណាម្នាក់ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារទេ។ អ៊ីចឹងហើយ បានជាពួកអាវក្រហមចោទតុលាការថាកាន់ជើងពួកអាវលឿង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ