កម្ពុជា-ចិន

លោក​ហ៊ុន​ សែន​ លើកឡើង​ពី​ទំនាក់ទំនង​បេតុង​កម្ពុជា-ចិន​ មុន​ទស្សនកិច្ច​នៅ​ចិន​

ឡាន​ទាហាន​របស់​កម្ពុជា ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន
ឡាន​ទាហាន​របស់​កម្ពុជា ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ©វណ្ណារ៉ា/RFI

នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​២៥ ​មិនា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ហ៊ុន សែន​ បាន​សម្ពោធបើកការដ្ឋាន​សាងសង់​ស្ពាន​កោះធំ​មួយ​ទៀត ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាលចិន។ នៅ​ក្នុង​ពិធី​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ពិពណ៌​នា​អំពី​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​និង​ចិន​ ថា ដូចជា​គ្រឹះ​ស្ពាន​បេតុង​ទាំងអម្បាលមាណ​​ដែល​ជា​ជំនួយ​របស់​ចិននៅ​កម្ពុជា​។ លោក​ ហ៊ុន សែន ​បាន​រម្លឹក​អំពី​ទំនាក់ទំនង​កម្ពុជា-​ចិន មុន​លោក​ដឹកនាំប្រតិភូ​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន ​នៅ​ថ្ងៃ​ទី​៦​ មេសា​ ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

ការ​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​កោះធំ ​ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ផ្តល់​វេទិកា​អោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ធ្វើ​អត្ថាធិប្បាយ​​ប្រៀបធៀប​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-ចិន ទៅ​នឹង​ស្ពាន​បេតុង​ដែល​ជា​ជំនួយ​របស់​ចិននៅ​កម្ពុជា។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​អំពី​ភាព​រឹងមាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ មុន​នឹង​លោក​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ ជួប​មេដឹកនាំ​ថ្មី​របស់​ចិន នៅ​ថ្ងៃទី​៦ ​ខែ​មេសា​ខាងមុខ​នេះ។

ប្រសិន​បើ​ទំនាក់ទំនង​កម្ពុជា-​ចិន ​ជា​ទំនាក់ទំនង​បែប​ប្រវត្តិសាស្ត្រ​នោះ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​រម្លឹកថា ទំនាក់ទំនងនេះ​បាន​កើត​មាន​តាំង​ពីជំនាន់​មេដឹកនាំ​កំពូល​របស់​ចិន​មុនៗ ដូចជា​លោក​ម៉ៅ សេទុង និង​លោក​ជូ អេនឡាយ ​ជាមួយ​សម្តេច​ឪ​នរោត្តម​សីហនុ។ ហើយ​ថា​ទំនាក់ទំនង​នេះ​ក៏​នៅ​បាន​បន្ត​តាម​រយៈ​ព្រះមហាក្សត្រ​ព្រះបាទ​ព្រះ​បរម​នាថ នរោត្តម សីហមុនី និង​រូប​លោក​ផ្ទាល់ផង​ដែរ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ថ្នាក់​ដឹកនាំ​ថ្មី​របស់​ចិន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ខណៈ​លោកអះអាង​ថា​ ជំនួយ​របស់​រដ្ឋាភិបាលចិន​ក្នុង​ពេល​កន្លងមក ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រួចហើយ​នោះ។ ចិន​បាន​ក្លាយ​ជា​ប្រទេសដែល​បាន​សាងសង់​ផ្លូវថ្នល់​ និង​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​អោយដឹងថា មាន​ស្ពាន​ទាំងអស់​ចំនួន​១៧​ ដែល​ត្រូវបាន​សាងសង់​រួច និង​កំពុង​ត្រូវ​សាងសង់ នឹង​​ត្រូវ​សាងសង់​ឆ្លងកាត់​ទន្លេ​មេគង្គ ទន្លេ​សាប និង​បាសាក់​ ហើយ​ថា​សមិទ្ធផល​ទាំងនោះ ភាគច្រើន​គឺ​ជា​ជំនួយ​របស់​ប្រទេស​ចិន។
គួរ​បញ្ជាក់ថា បើទោះជា​មាន​ដៃគូ​អភិវឌ្ឍន៍​ច្រើន​ក៏​ដោយ ក្នុង​ពេល​កន្លងមក​នោះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ មិន​ដែល​រារែក​នឹង​និយាយ​សរសើរ​រដ្ឋាភិបាលចិន​ទេថា ចិន​គឺ​ជា​ដៃ​គូ​អភិវឌ្ឍន៍​ដែល​មិន​ចេះ​ដាក់​លក្ខខណ្ឌ​អោយ​កម្ពុជា ​ជា​ថ្នូរ​នឹង​ជំនួយ​នោះ​ឡើយ។

របាយការណ៍​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​ផ្សាយ​អោយដឹង​កន្លង​មក​ថា ចិន​ក៏​បាន​ក្លាយ​ទៅជា​ប្រទេស​ដែល​មានវិនិយោគ​ទុន​ច្រើន​ជាង​គេ ​នៅ​កម្ពុជា​ដែរ។ ពោល​គឺ​ពីឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១២ ទំហំ​វិនិយោគទុន​របស់​ចិន ​មាន​ជាង​៩ពាន់លាន​ដុល្លារ។ ហើយ​ថា​នៅ​ក្នុង​ឆ្នាំ​២០១២​កន្លងទៅនេះ តម្លៃ​នៃ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្មកម្ពុជា-​ចិន​​ មាន​ទំហំ​ជិត​៣​ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI