រុស្ស៊ី-អាមេរិក

ជំនួប​រវាង​​ប្រមុខ​ការទូត​អាមេរិក និង រុស្ស៊ី នៅក្រុង Saint-Petersbourg

ទង់ជាតិ​រុស្ស៊ី និង​អាមេរិក
ទង់ជាតិ​រុស្ស៊ី និង​អាមេរិក

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Hillary Clinton ថ្ងៃនេះ​ជួបចរចា​ជាមួយ​សមភាគី​រុស្ស៊ី លោក​រដ្ឋមន្ត្រី​ការបរទេស Serguei Lavrov ដោយ​ផ្តោត​ទៅ​លើ​ស្ថានការណ៍​វិបត្តិ​នៅ​ប្រទេស​ស៊ីរី។ ជំនួប​នេះ ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​រុស្ស៊ី Saint-Petersbourg ជា​ទី​ដែល​លោកស្រី​បាន​អញ្ជើញ​មក​ដល់​យប់មិញ ដើម្បី​ចូលរួម ក្នុង​វេទិកា “តួនាទី​ស្ត្រី និង​ សេដ្ឋកិច្ច”។

ផ្សាយពាណិជ្ជកម្ម

 

ជំនួប​នេះ ធ្វើ​ឡើង ក្នុង​ផ្ទៃ​នៃ​សំណើ​លោក Kofi Annan ជា​បេសកជន​ពិសេស​របស់​អ.ស.ប.​ខាង​រក​ច្រក​ចេញ​ដោយ​សន្តិវិធី ឲ្យ​ស្ថានការណ៍​វិបត្តិ​រ៉ាំរ៉ៃ​នៅ​ស៊ីរី ទើប​ស្នើ​ឲ្យ​បង្កើត​ឡើង​នៅ​ស៊ីរី​ជា រដ្ឋាភិបាលអន្តរកាល

ម្សិលមិញ ក្នុងសន្និសីទ​សារព័ត៌មាន នៅម៉ូស្គូ ក្រោយពី​ជួប​ចរចា​ជាមួយ​សមភាគី​ទុយនីស៊ី​មក តប​នឹង​សំនួរ​អ្នកកាសែត “តើ​រដ្ឋាភិបាល​អន្តរកាល​នោះ ដែល​នឹង​ផ្សំ​ឡើង​ពី​ពួក​អ្នកតំណាង អាជ្ញាធរ​ស៊ីរី​សព្វថ្ងៃ និង ពី​ពួក​អ្នក​តំណាង​ខាង​ភាគី​ប្រឆាំង​នៅ​ស៊ីរី​ផង មាន​ន័យ​ឬ​ទេ​ថា នឹង​ពុំ​មាន​រូប​ប្រធានាធិបតី អាសាដ វត្តមាន​ឡើយ? លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ឆ្លើយ​បំភ្លឺ​ថា ៖ ទី១- ក្នុង​ដំណាក់កាល​​ឥឡូវ រុស្ស៊ី​នៅ​មិន​ទាន់​ថ្លែង​គាំទ្រ​ដល់​ផែនការ​ថ្មី​ណា​មួយ​ឡើយ ខាង​ធ្វើ​ដំណោះស្រាយ​ឲ្យ​ស្ថានការណ៍​នៅ​ស៊ីរី។ ទី​២-រឿង​ចាក​ចេញ​ពី​តំណែង​នៃ​ប្រធានាធិបតី​ប្រទេស​នេះ មិន​ដែល​ត្រូវ​ភាគី​រុស្ស៊ី​លើក​យក​ទៅ​ពិភាក្សា​ឡើយ។ មិន​តែ​ប៉ុណ្ណោះ មក​ទល់​ឥឡូវ នៅ​មិន​ទាន់​លេច​ចេញ​មក ជា​ឯកសារ​អ្វី​ណា​ជា​ផ្លូវការ​ប្រភេទ​នេះ​ឡើយ។

 អ្នកកាសែតអារ៉ាប ដែល​បាន​ចោទ​សំនួរ​ខាង​លើ គឺ​មក​ពី​ទីភ្នាក់ងារ​ព័តមាន​អន្តរជាតិ​នានា ដោយ​យោង​ទៅ​លើ​ប្រភព​ការទូត នាំ​គ្នា​ផ្សាយ​ថា រុស្ស៊ី​បាន​ថ្លែង​គាំទ្រ​ទៅ​ហើយ​ដល់​សំណើ​លោក Kofi Annan សំណើ​ដែល​ត្រូវ​អនុម័ត​ជា​ផ្លូវការ ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​ប្រទេស​ស៊ីរី នៅ​ក្រុងហ្សឺណែវ ថ្ងៃ​ស្អែក​ទី​៣០​មិថុនា។

រីឯ​គោល​ជំហរ​ប្រកាន់​យក ដោយ​ទីក្រុង​វ៉ាស៊ីនតោន ដូច​ដែល​លោកស្រី​ប្រមុខ​ការទូត​អាមេរិក Hillary Clinton រមែង​ថ្លែង​ហើយ​ថ្លែងទៀ​ត គឺថា​ប្រធានាធិបតី អាសាដ ត្រូវតែ​ចុះ​ចេញ​ពី​តំណែង ដ្បិត​រូប​គាត់​ជា​ឧបសគ្គ​រាំងរា​ដល់​ដំណោះស្រាយ​នៅ​ស៊ីរី និង​ជា​ប្រធានាធិបតី​លែង​ស្រប​ច្បាប់​ទៅហើយ មកពី​គាត់​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម សម្លាប់​រង្គាល​ជីវិត​ប្រជាជន​ស៊ីរី​ផ្ទាល់។

ចំពោះរឿងនេះ គោលជំហរ​របស់​រុស្ស៊ី គឺ​ផ្ទុយ​ស្រឡះ ៖ បញ្ហា​តើ​នរណា ដែល​ត្រូវ​កាន់​អំណាច​នៅ​ស៊ីរី វា​ជា​កិច្ចការ​ផ្ទៃក្នុង​ដែល​ត្រូវ​អារ​កាត់​ដោយ​ប្រជាជន​ស៊ីរី​ផ្ទាល់។ រុស្ស៊ី ប្រឆាំង​នឹង​អំពើ​ជ្រៀតជ្រែក​ពី​ក្រៅ ទៅ​ក្នុង​ស្ថានការណ៍​នៅ​ស៊ីរី ដ្បិត​អំពើ​ជ្រៀតជ្រែក​នេះ មុខ​ជា​នឹង​ហែហម​ទៅ​ដោយ​ផលវិបាក​កាន់​តែ​វិនាស ជាង​នៅ​ប្រទេស​លីប៊ី​ទៅ​ទៀត។

តើលទ្ធផល​នៃ​កិច្ចចរចា​ថ្ងៃនេះ នឹង​ចប់​ទៅ​ដោយ​លទ្ធផល​យ៉ាង​ណាៗ នោះ​ប្រមុខ​ការទូត​រុស្ស៊ី និង អាមេរិក នឹង​ប្រកាស​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI