កម្ពុជា

កិច្ចប្រជុំចង្អៀត​អាស៊ានបិទបញ្ចប់​ជាមួយ​ការព្រមព្រៀង​លើ​បញ្ហា​តំបន់ និង​ពិភពលោក​សំខាន់ៗ

លោក​ ហោ ណាំហុង​ ក្នុងធ្វើ​សន្និសីទ​បិទ​បញ្ចប់​ជំនួប​ប្រជុំ​ចង្អៀត​អាស៊ាន
លោក​ ហោ ណាំហុង​ ក្នុងធ្វើ​សន្និសីទ​បិទ​បញ្ចប់​ជំនួប​ប្រជុំ​ចង្អៀត​អាស៊ាន ©rfi-ម៉េងហូរ

បញ្ហា តំបន់​និង​ពិភពលោក​ជាច្រើន​ចំណុច​ត្រូវ​បាន​លើក​យក​មក​ដាក់​លើ​តុ​ពិភាក្សា​ បិទទ្វារ​នៅ​ក្នុង​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅក្នុង​ក្រុង ​សៀមរាប។ សំណុំ​រឿង​ប្រទេស​ភូមា ដំណោះស្រាយ​សមុទ្រ​ចិន​ខាងត្បូង សំណើ​អោយ​ប្រទេស​មហា​អំណាច​យោធា​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ស្តីពី​តំបន់​ អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ការសម្រប​សម្រួល​អោយ​មាន​ការ​ចរចារ​៦​ភាគី​ស្តី​ពី​កម្មវិធី​ អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ទាំងអស់​នេះ​សុទ្ធសឹង​តែ​ជា​ប្រធានបទ​ដែល​ប្រមុខ​ការទូត​នៃ​ប្រទេស​សមាគម​ ប្រជាជាតិ​អាស៊ីអាគ្នេយ៍​បាន​ជជែក​នៅក្នុង​កិច្ច​ប្រជុំ​ចង្អៀត​ដែល​បាន​បិទ​​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ។

ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​ចង្អៀត​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​បិទបញ្ចប់​ហើយ​នៅ​ថ្ងៃ​ពុធ​ទី​១១​មករា​នេះ។ បញ្ហា​ក្នុង​តំបន់ និង​បញ្ហា​ពិភពលោក​ធំៗ​ចំនួន​៦​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា និង​សម្រេច។ នៅក្នុង​សន្និសីត​កាសែត​មួយ​ដែល​រៀបចំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​អាស៊ាន លោក​ហោ ណាំហុង​ បាន​ថ្លែង​អោយ​ដឹង​អំពី​ការ​យល់ព្រម​របស់​អាស៊ាន​ទៅលើ​សំណើ​របស់​ភូមា។ ភូមា​ដែល​បាន​ស្នើ​អោយ​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​មក​លើ​ខ្លួន អោយ​អាស៊ាន​អន្តរាគមន៍​ទប់ស្កាត់​មិន​អោយ​មាន​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ភូមា។ សំណើ​ទាំងនេះ​ធ្វើឡើង​ដោយ​សារ​តែ​ភូមា​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​​យ៉ាងលឿន​លើ​គន្លង​ប្រជាធិបតេយ្យ។ លោក ហោ ណាំហុង ​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​យល់ព្រម​លើ​សំណើ​របស់​ភូមា។

 
ក្រៅ​ពី​ការ​គាំទ្រ​ភូមា​ដែល​ជា​សមាជិក​មួយ​រូប​របស់​អាស៊ាន អាស៊ាន​ក៏​បាន​ជំរុញ​អោយ​មាន​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទៅតាម​សេចក្តីប្រកាស​ដែល​មាន​រួច​ហើយ​ដែរ។
បន្ទាប់​មក​ គឺ​ការ​ជំរុញ​អោយ​ប្រទេស​មហា​អំណាច​យោធា​ទាំង​៥​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ចុះហត្ថលេខា នៅក្នុង​ឆ្នាំ​២០១២​នេះ លើ​ពិធីសារ​ស្តី​ពី​តំបន់​អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

អាស៊ាន​ក៏​ជំរុញ​អោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​បន្ត​ការ​ពិភាក្សា ​ដើម្បី​ឈាន​ទៅ​បញ្ចប់​សេចក្តី​សេចក្តីការណ៍​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន​នៅក្នុង​ឆ្នាំ២០១២​នេះ​ផង​ដែរ។
ការ​ចរចារ​៦​ភាគី​ស្តី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ក៏​ជា​បញ្ហា​សំខាន់​នៅក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដូចគ្នា។ លោក ​ហោ ណាំហុង ​ថ្លែងថា នៅក្នុង​ក្របខ័ណ្ឌ​នៃ​វេទិកា​តំបន់​អាស៊ាន កម្ពុជា​ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ​នឹង​ខិតចំ​បញ្ចុះ​បញ្ចូល​អោយ​កូរ៉េ​ខាង​ជើង​វិល​ចូល​តុ​ចរចា​វិញ​នៅក្នុង​កិច្ចប្រជុំ​ដែល​គ្រោង​ធ្វើក្នុង​ខែ​កក្កដា​ខាងមុខ។

ចុងក្រោយ​គឺ​ការ​បង្កើត​មជ្ឈមណ្ឌល​សម្របសម្រួល​មនុស្សធម៌​នៅក្នុង​ពេល​មាន​គ្រោះមហន្តរាយ​ធម្មជាតិ​ក្នុង​តំបន់អាស៊ាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI