រុស្ស៊ី

បញ្ហា​ប្រើ​ទង់ជាតិ​បរទេស​បូក​ទាំង​ទង់​ជាតិ​កម្ពុជា​ផង ចោទ​ជា​ថ្មី​នៅ​រុស្ស៊ី

នាវា​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​ទឹករុស្ស៊ី
នាវា​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​ទឹករុស្ស៊ី ©RFI

មូលហេតុ មកពី​ព្រឹកមិញ កាណាល់​ទូរទស្សន៍​រដ្ឋ ដ៏​សំខាន់​បំផុត​នៅ​រុស្ស៊ី គឺ ប៉ុស្តិ៍​លេខ១ បាន​ផ្សាយ​បទយកការណ៍​យ៉ាង​ធំ អំពី​ការ​ចាប់​បាន​កប៉ាល់​មួយ​គ្រឿង​ទៀត​ហើយ ដែល​លើក​នេះ គឺ​ក្រោម​ទង់​ប្រទេស Belize ដោយ​មាន​តឹកតាង​ជា​សំអាង​ស​ឲ្យ​ឃើញ​ពី​ការ​នេសាទ​ខុស​ច្បាប់ ក្នុង​ដែន​ទឹក​ឯ​ចុង​បូព៌ា​ប្រទេស​រុស្ស៊ី ប៉ុន្តែ​បទយកការណ៍​នោះ សង្កត់​ធ្ងន់​ថា ចាប់​បាន​ច្រើន​ជាង​គេ គឺ​កប៉ាល់​ក្រោម​ទង់​ជាតិ​កម្ពុជា​តែ​ម្តង។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

បទយកការណ៍​នោះ​បង្ហាញ​ឲ្យ​ឃើញ​ពេល​ដែល​ពួក​យោធា​នៃ​កង​ការពារ​ដែន​សមុទ្រ​រុស្ស៊ី របស់​ក្រសួង​សន្តិសុខ កំពុង​លើក​បោះ​ទម្លាក់ ទៅ​ក្នុង​ទឹក​វិញ ក្តាម​សមុទ្រ​ធំៗ​ណា ដែល​នៅ​រស់​នៅ​ឡើយ គេ​រាប់​ទៅ​ឃើញ​ដល់ ចំនួន ៥.៦២០ក្តាម ឯណោះ ​ដែល​នីមួយៗ​គ្រាន់​តែ​ជើង​វា​មាន​ប្រវែង​មិន​តិច​ជាង ៣​តឹក​ឡើយ។​ ជា​សរុប គឺ​ទម្ងន់​ប្រមាណ​៦​តោន។ មិនតែ​ប៉ុណ្ណោះ ​សមត្ថកិច្ច​រុស្ស៊ី បាន​រក​ឃើញ​មាន​លាក់​ទុក​នៅ​ក្នុង​បន្ទប់ ខាង​បាត​កប៉ាល់ គឺ​ក្តាម​៣០​តោន​ទៀត។

កប៉ាល់​នេសាទ​ខុស​ច្បាប់​នោះ ដែល​ដោត​ដោយ​ទង់ជាតិ​ប្រទេស Belize បន្ទាប់មក​បាន​ត្រូវ​នាវា​ល្បាត​ព្រំដែន​រុស្ស៊ី ក្រៀក​ឲ្យ​បើក​ទៅ​សំចត​នៅ​ឯ​បាង​សមុទ្រ​ជិត​កំពង់ផែ ឈ្មោះ Petropavlovsk-Kamchatski ដែល​ជា​ទីរួម​ខេត្ត Kamchatka នៅ​ចុង​បូព៌ា​បង្អស់​នៃ​ប្រទេស​រុស្ស៊ី។

គឺពេលនោះ​ឯង ដែល​អ្នក​ឆ្លើយឆ្លង​នៃ​កាណាល់​ទូរទស្សន៍​រដ្ឋ ប៉ុស្តិ៍​លេខ១ បាន​បរិយាយ​រំលឹក​ថា ឥឡូវ​នៅ​ជាប់​ក្នុង​ការឃាត់​ខ្លួន​ត្រង់​បាង​សមុទ្រ​នេះ មិន​ឲ្យ​ដំណើរការ​ក្នុង​ដែន​ទឹក​រុស្ស៊ី​ទៀត​ឡើយ ​គឺ​កប៉ាល់​ដល់​ទៅ​រាប់​សិប​គ្រឿង​ពី​ក្នុង​នោះ​ភាគ​ច្រើន គឺ​កប៉ាល់​ក្រោម​ទង់ជាតិ​ប្រទេស​កម្ពុជា​តែម្តង។ បទយកការណ៍​នោះ​លម្អិត​ថា ក្រៅពី​នេះ​ក៏​មាន​កប៉ាល់​ក្រោម​ទង់ជាតិ ប្រទេស​បែប​យ៉ាង Panama Honduras ហើយ​គួរ​ឲ្យ​អស្ចារ្យ ដែល​នាពេល ចុង​ក្រោយ ថែម​ទាំង​មាន​ទង់ជាតិ​ម៉ុងហ្គោលី​ទៅ​ផង ប្រទេស​ដែល​គ្មាន​ច្រក​ចេញ​ទៅ​សមុទ្រ​សោះ។

អ្នកកាសែត​រុស្ស៊ី ដាក់​ឈ្មោះ​ដល់​ទង់ជាតិ​បែប​នេះ​ ថា​ជា “ទង់ជាតិ​ងាយ​ប្រើ” ដើម្បី​ទទួល​សិទ្ធិ​​ចុះ​បញ្ជី​សម្រាប់​ជា​ទី​សំចត​អចិន្ត្រៃយ៍​នៃ​កប៉ាល់ រួច​ចំពោះ​ការ​ប្រើ​នោះ​ ម្ចាស់​កប៉ាល់​​ជា​ជាតិ​បរទេស ត្រូវ​បង់​ឲ្យ​ទៅ​ប្រទេស​ប្រគល់​សិទ្ធិ​នោះ គឺ​ទឹកប្រាក់​មិន​ជាច្រើន​ទេ ម្តុំ​៣​ពាន់-​៤​ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

Business នេះ តាម​ការបំភ្លឺ​ឲ្យ​ដឹង​នៃ​អ្នក​កាសែត​រុស្ស៊ី ត្រូវ​គេ​អនុវត្ត​យ៉ាង​ទូលំទូលាយ គឺ​នៅ​រាជធានី​កម្ពុជា ក្រុង​ផែ​ភ្នំពេញ និង នៅ​កូរ៉េ​ខាង​ត្បូង ក្រុង​ផែ Pusan ជាទី​ដែល​ទង់ជាតិ​ដ៏​សម្បូណ៌​បែប​រមែង​ដាក់​ឲ្យ​អតិថិជន​ជ្រើស​យក​ ហើយ​ក្រដាស​ស្នាម​សោត​ត្រូវ​គេ​ចេញ​ឲ្យ​យ៉ាង​លឿន​មិន​សាំញ៉ាំ​ទេ។ ចំណែក​ក្រុម​អ្នក​ដើរ​កប៉ាល់​វិញ គឺ​ត្រូវ​គេ​ជ្រើសរើស​នៅ​ប្រទេស​រុស្ស៊ី​ផ្ទាល់។​ ក្នុង​ករណី​ដែល​កប៉ាល់​នេសាទ​ខុស​ច្បាប់​នេះ ​ស្រាប់តែ ធ្លាក់​ក្នុង​ភាព​ឃាត់​ខ្លួន ម្ចាស់វា​ជាទូទៅ គឺ​គេច​ខ្លួន​បាត់។  

បទយកការណ៍​នោះ​បញ្ចប់​សេចក្តី​ថា ក្តាម​សមុទ្រ​ដែល​មាន​នេសាទ​បាន ដោយ​ខុស​ច្បាប់​តែង​ត្រូវ​គេ​លក់​នៅ​តាម​ប្រទេស​ភូម៌ភាគ​អាស៊ី​អាគ្នេយ៍ ហេតុ​ដែល​នាំ​ឲ្យ​ប្រទេស​រុស្ស៊ី​ខាតបង់​ក្នុង​មួយ​ឆ្នាំៗ អស់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI