អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បក្ស​សាធារណរដ្ឋ​នឹង​ប្តឹង​លោក​អូបាម៉ា​ពី​បទ​រំលោភបំពាន​អំណាច

សំឡេង ០៥:០២
លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង លោក​ចន បូន័រ ​ប្រធានក្រុមបក្ស​សាធារណរដ្ឋ​នៅ​សភា​អ្នកតំណាង
លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង លោក​ចន បូន័រ ​ប្រធានក្រុមបក្ស​សាធារណរដ្ឋ​នៅ​សភា​អ្នកតំណាង ©REUTERS/Joshua Roberts
ដោយ៖ ឈាង បុប្ផា

នៅ​អាមេរិក លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា កំពុង​ប្រឈម​នឹង​ការប៉ុនប៉ង​ប្តឹង​ពី ប្រធាន​ក្រុម​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ។ លោក​Jonh Boehner ​ចោទ​លោក​បារ៉ាក់ អូបាម៉ា​ពីបទ​រំលោភអំណាច មិនគោរព​រដ្ឋធម្មនុញ្ញ​អាមេរិក។ នៅ​ប៉ុន្មាន​ខែ​មុន​ការបោះ​ឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ដែល​ត្រូវ​រៀបចំ​នៅ​ចុងឆ្នាំ​នេះ គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគច្រើន​នៅ​សភា​តំណាងរាស្រ្ត ចង់​យក​ឱកាស​ប្តឹង​លោកប្រធានាធិបតី ដើម្បី បំបាក់​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកអូបាម៉ា នៅ​ព្រឹទ្ធិសភា​មួយ​ទៀត។ 

ផ្សាយពាណិជ្ជកម្ម

ជា​ប្រធានាធិបតី ប៉ុន្តែ មិនអាច​ប្រើ​អំណាច​របស់ខ្លួន ជ្រុលហួសហេតុ​នោះ​ទេ។ អាមេរិក​មាន​ច្បាប់ មាន​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​តម្រូវ​ឲ្យ​ប្រធានាធិបតី​ត្រូវ​សុំ​ការអនុញ្ញាតិ យល់ព្រម​ពីសភា មុន​នឹង​សម្រេច​អនុវត្ត​នយោបាយ​អ្វីមួយ។ ប៉ុន្តែ សម្រាប់​សមាជិក​សភា​អ្នកតំណាង​រាស្រ្ត​អាមេរិក នៅក្នុង​អាណត្តិ​របស់ខ្លួន លោក បារ៉ាក់ អូបាម៉ា​បាន​រំលោភ ប្រើអំណាច​ប្រធានាធិបតី​ច្រើន​ជ្រុល ម្តងហើយ ម្តងហើយ និង​​មិន​បាន​គោរព​សភា តាម​ការចែង​របស់​រដ្ឋធម្មនុញ្ញ​ទេ។

 
កាលពី​ចុងខែ​មិថុនា លោក​John Boehner ប្រធាន​ក្រុម​គណបក្ស​សាធារណរដ្ឋ ដែល​គ្រប់គ្រង​សភា​អ្នកតំណាងរាស្រ្ត បាន​ប្រកាស​ប្រាប់​អ្នកកាសែត​ថា លោកនឹង​ប្តឹង​លោក​ប្រធានាធិបតី​អូបាម៉ា​ទៅតុលាការ ពី​បទ​រំលោភបំពាន​អំណាច។ ក្រុម​សាធារណរដ្ឋ​ខឹង​នឹង​លោកអូបាម៉ា​ដែល​ចេះ​តែ​ប្រើ​អំណាច​ចេញ​ក្រឹត្យ ដោយ​មិន​ចាំបាច់​រង់ចាំ ការអនុម័ត​ច្បាប់​ពី​សភា។ ក្រុម​សាធារណដ្ឋ​នៅ​សភា​បាន​បន្ទោស​លោកអូបាម៉ា​ទៅលើ​រឿង​កំណែទម្រង់​ច្បាប់​សុខភាព ការផ្តល់​លិខិតស្នាម​ដល់​ក្រុម​ជន​បរទេស ដែល​គ្មាន​ក្រដាស​ស្នាម ឬ​ការផ្តល់​អំណាច​ដល់​អាជ្ញាធរ​បរិស្ថាន ដើម្បី​កាត់បន្ថយ​ឧស្ម័នជាតិពុល។ តាម​ក្រុមសាធារណរដ្ឋ លោកអូបាម៉ា​បាន​ចេញក្រឹត្យ​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ ដោយ​មិន​បាន​សុំ​យោបល់​ពី​សភា។

កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ដោះលែង​អ្នកទោស​តាលីបង់​៥​នាក់​ ជាថ្នូរ​នឹង​ការដោះលែង​មកវិញ​នូវ​ទាហាន​អាមេរិកាំង ដែល​ពួកតាលីបង់ នៅ​អាហ្វហ្កានីស្ថាន​ចាប់​ខ្លួន។ ក្រុមសាធារណរដ្ឋ​បាន​បន្ទោស​លោកអូបាម៉ា​ខ្លាំងៗ ថា ​ហ៊ាន​សម្រេច​ដោះដូរ​អ្នកទោស​តាលីបង់ ដោយមិន​បាន​ប្រាប់ ឬ​សុំ​ការអនុញ្ញាតិ​ពី​សភា។

ភស្តុតាង​មួយ​ទៀត​ដែល​បង្ហាញ​ថា លោក​អូបាម៉ា​មិន​គោរព​រដ្ឋធម្មនុញ្ញ គឺ​កាលពី​សប្តាហ៍មុន តុលាការ​កំពូល​អាមេរិក​ទើបវិនិច្ឆ័យថា លោកអូបាម៉ា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ដោយ​បាន​តែងតាំង​មន្រ្តីក្នុង​គណៈកម្មការ​ជាតិ​របស់​រដ្ឋាភិបាល ​ដោយមិន​សុំ​ឆ្លង​យោបល់​ពី​ព្រឹទ្ធិសភា។

ហេតុអ្វី​បាន​ជា​លោកអូបាម៉ា​ហ៊ាន​ល្មើស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ? ដោយពិត​ទៅ ច្បាប់​ក៏​បាន​ចែង​ផងដែរ អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​មាន​អំណាច​ចេញក្រឹត្យ​ដើម្បី​ដោះស្រាយ​បញ្ហា ដោយ​មិន​ចាំបាច់​សុំ​យោបល់​ពី​អំណាច​និតិបញ្ញត្តិ។ ប៉ុន្តែ អំណាច​ចេញក្រឹត្យ​របស់​ប្រធានាធិបតី​មាន​ដែន​កំណត់ គឺ​ទៅ​តាម​មុខ ផ្នែក មួយ​ចំនួន​តែប៉ុណ្ណោះ។

ដោយពិតទៅ លោកអូបាម៉ា​ចង់​បាន​ណាស់​ច្បាប់ ចេញ​ពី​សភា។ ប៉ុន្តែ រាល់​ច្បាប់ ឬ​គម្រោង​ទាំងឡាយ​ដែល​លោក​អូបាម៉ា​ស្នើឡើង ត្រូវ​ជាប់កកស្ទះ មិនអាច​ចេញ​រួច​ពី​សភា។ ជាក់ស្តែង ក្រុមបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគច្រើន​នៅ​សភា​តែងតែ​បោះឆ្នោត​ប្រឆាំង​មិន​ឲ្យ​ច្បាប់​ដែល​លោក​អូបាម៉ា​ស្នើ ចេញរួច។ គឺ​ដោយសារ​ធុញទ្រាន់ នឹង​ការបោះឆ្នោត​ប្រឆាំង​របស់​ក្រុម​សាធារណរដ្ឋ នៅ​សភា​នោះហើយ ទើប​លោក​អូបាម៉ា​បែរ​ជា​ប្រើ​អំណាច​ប្រធានាធិបតី​ដើម្បី​ចេញ​ក្រឹត្យ​ដាក់​ឲ្យ​អនុវត្ត​វិធានការ​នានា ដោយ​មិន​ចាំបាច់​រង់ចាំ​ច្បាប់​ដែល​នឹង​គ្មាន​ថ្ងៃ​ចេញរួច ដរាប​ណា​ក្រុមបក្ស​សាធារណរដ្ឋ​នៅកាន់កាប់​រដ្ឋសភា។

នៅក្រោយ​ប្រធានក្រុម​បក្ស​សាធារណរដ្ឋ​ប្រកាស​ថា នឹង​ធ្វើ​ពាក្យ​បណ្តឹង នៅ​ខែ​កក្កដា នេះ លោកអូបាម៉ា​មិន​បាន​ចាញ់គំរាមកំហែង និង​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង​ប្តឹង​លោក​ថែមទេ។ លោក​បាន​និយាយ​បញ្ឈឺ​ទៅវិញថា ប្រជាជន​អាមេរិក​ថ្នាក់មធ្យម​មិនអាច​រង់ចាំ​ច្បាប់​ដែល​ក្រុម​សាធារណរដ្ឋ​ត្រូវ​អនុម័តទេ។ តាម​លោក​អូបាម៉ា ដរាបណា​ក្រុមសាធារណរដ្ឋ​អសកម្ម មិន​ធ្វើអ្វី​សោះ នៅ​សភា នោះ លោក​ក៏​នឹង​មិន​បង្អន់​ដៃ ចេញ​ក្រឹត្យ ដើម្បី​ជំនួស​ច្បាប់​របស់​សភាដែរ។

ភាពតានតឹង និង​ជម្លោះ​ដណ្តើម​អំណាច គ្នា រវាង​រដ្ឋាភិបាល និងសភា​តែងតែ​កើត​មាន​ជានិច្ច នៅគ្រប់​សម័យ​កាល នៅ​អាមេរិក។ វាអាច​កើតមាន​ឡើង នៅពេល​រដ្ឋាភិបាល និង​សភា មាន​ប្រភព​មក​ពី​គណបក្ស​ពីរ​ប្រឆាំង​គ្នា។ ជាក់ស្តែង សភា​អ្នកតំណាងរាស្រ្ត​អាមេរិក​គ្រប់គ្រង​ដោយ​​​បក្ស​សាធារណរដ្ឋ ចំណែក​រដ្ឋាភិបាល និង​ព្រឹទ្ធសភា​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ។ ជម្លោះ​រវាង​អំណាច​ប្រតិបត្តិ និង​អំណាច​និតិប្រតិបត្តិ​ក៏ធ្លាប់​កើតមាន​រួច​ហើយ​​ដែរ នៅក្នុង​រដ្ឋបាល​លោកប៊ូស ដែល​មក​ពី គណបក្ស​សាធារណរដ្ឋ។ នៅ​សម័យនោះ អំណាច​ប្រធានាធិបតី​ត្រូវ​បាន​ពង្រឹង និង​កើនឡើង​ខ្លាំង។ ​ប្រធានាធិបតី​ជាអ្នកសម្រេច​ធ្វើ​សង្រ្គាម នៅអ៊ីរ៉ាក់ សភា​ប្រឆាំង ប៉ុន្តែ ក្រោយ​មក​ក៏យល់ព្រម​ធ្វើច្បាប់​ស្របតាម​ដោយ​ហេតុផល​​សន្តិសុខ​នៅ​អាមេរិក នៅក្រោយ​អំពើភេរវកម្ម ឆ្នាំ ២០០១ នៅទីក្រុង​ញូវយ៉ក។

លើកនេះ ពាក្យ​បណ្តឹង​ប្តឹង​លោកអូបាម៉ា​អាច​ចេញរូបរាង​បាន​ដរាបណា​សភា​យល់ព្រម​បោះឆ្នោត​ដើម្បី​អនុញ្ញាត​ឲ្យ​គេ​អាច​ប្តឹង​លោកអូបាម៉ា។ ដំណើរពាក្យ​បណ្តឹងប្រឆាំង​នឹង​ប្រធានាធិបតី​​ទៀតសោត​ក៏ត្រូវការពេលវេលាវែង។ និយាយ​ចំ​លោកអូបាម៉ា​នឹង​អាច​រង​គ្រោះថ្នាក់​ដោយសារ​បណ្តឹង​របស់​បក្ស​សាធារណរដ្ឋឡើយ ផ្ទុយទៅវិញ លោកនឹង​អាច​កេងចំណេញ​ពី​បណ្តឹង​លើកនេះ ដើម្បី​អាច​បង្ហាញ​ថា លោក​ជា​អ្នកធ្វើការ ហើយ​គឺ​ក្រុម​សាធារណរដ្ឋ​នៅសភា ដែលមិនធ្វើការ មិន​អនុម័ត​ច្បាប់​អ្វីទាំងអស់។ បើដូច្នេះមែន លោក​អូបាម៉ា​នឹង​អាច​ស្តារ​ប្រជាប្រិយភាព​របស់លោក ដែល​កំពុង​ធ្លាក់​ចុះ​ដោយសារ​រឿង​សេដ្ឋកិច្ច ឬ​នយោបាយ​ការបរទេស ឲ្យ​ឡើង​ខ្ពស់​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ